ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា សហរដ្ឋ​អាមេរិក​នឹង​យក​ពន្ធ​គយ​ខ្ពស់​ជាង​មុន​លើ​ទំនិញ​របស់​ចិន


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បង្ហោះសារ​នៅ​លើ Twitter ដោយ​បាន​ប្រកាស​ថា នឹង​ដំឡើង​ពន្ធគយ​សម្រាប់​ទំនិញ​ចិន កាលពី​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បង្ហោះសារ​នៅ​លើ Twitter ដោយ​បាន​ប្រកាស​ថា នឹង​ដំឡើង​ពន្ធគយ​សម្រាប់​ទំនិញ​ចិន កាលពី​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។

ក្រសួង​ការបរទេស​ចិន​បាន​បញ្ជាក់​ថា ក្រុម​អ្នក​ចរចា​ចិន​កំពុង​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ ដើម្បី​ចូលរួម​នៅ​ក្នុង​ការ​ពិភាក្សា​ពាណិជ្ជកម្ម​ជុំ​បន្ទាប់​ទៀត បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ត្អូញត្អែរ​ថា ដំណើរការ​នេះ​ចំណាយ​ពេល​យូរ​ពេក និង​បាន​គំរាម​យក​ពន្ធ​គយ​ខ្ពស់​ជាង​មុន​លើ​ទំនិញ​ចិន ​ដែល​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Geng Shuang បាន​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រទេស​ចិន «ព្យាយាម​ដើម្បី​ឲ្យ​បាន​ព័ត៌មាន​បន្ថែម​ទៀត‍» អំពី​ការ​លើក​ឡើង​របស់​លោក Trump អំពី​ការ​គំរាម​យក​ពន្ធ​គយ​ថ្មី​នេះ។

លោក Geng Shuang មិន​បាន​បញ្ជាក់​ថា​តើ​លោក​ឧបនាយករដ្ឋមន្ត្រី Liu He ដែល​ជា​អ្នក​ចរចា​ពាណិជ្ជកម្ម​កំពូល​របស់​ប្រទេស​ចិន ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ត្រៀម​ធ្វើ​ដំណើរ​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ក្នុង​សប្ដាហ៍​នេះ​ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។

លោក Trump បាន​សរសេរ​នៅ​លើ Twitter កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖ «[ការ​ចរចា] កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​នៅ​បន្ត​ទៅ​មុខ ប៉ុន្តែ​ក្នុង​ដំណើរ​យឺតៗ ដោយសារតែ​ចិន​ព្យាយាម​ចរចា​ឡើង​វិញ។ ទេ​មិន​អាច​ទេ‍!‍»។

នៅ​ថ្ងៃ​ចន្ទ​នេះ លោក Trump បាន​ត្អូញត្អែរ​បន្ថែម​ទៀត​អំពី​អតុល្យភាព​ពាណិជ្ជកម្ម ដោយ​លោក​បញ្ជាក់​ដូច្នេះ​ថា៖

«សហរដ្ឋ​អាមេរិក​បាន​បាត់បង់​ថវិកា​ពី ៦០០ ទៅ ៨០០ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ លើ​ពាណិជ្ជកម្ម​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ជាមួយ​នឹង​ប្រទេស​ចិន សហរដ្ឋ​អាមេរិក​បាន​បាត់បង់​ថវិកា ៥០០ ពាន់​លាន​ដុល្លារ។ សុំ​ទោស យើង​នឹង​មិន​ធ្វើ​ឲ្យ​រឿង​នេះ​កើត​ឡើង​ម្ដង​ទៀត​នោះ​ទេ‍»។

លោក Trump បាន​និយាយ​ថា លោក​នឹង​ដំឡើង​ពន្ធ​គយ ១០ ភាគរយ សព្វថ្ងៃ​លើ​ទំនិញ​ចិន​ចំនួន ២០០ ពាន់​លាន​ដុល្លារ ឲ្យ​ដល់ ២៥ ភាគរយ និង​យក​ពន្ធ​គយ​ថ្មី​លើ​ទំនិញ​ចិន​ចំនួន ៣២៥ ពាន់​លាន​ដុល្លារ​ទៀត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG