ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

លោក Trump ទុក​លិខិត​មួយ​ច្បាប់​ឱ្យ​លោក Biden


អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump លើកដៃ​ស្វាគមន៍ នៅ​ពេល​ដែ​ល​លោក​អញ្ជីញ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Palm Beach ក្រុង West Palm Beach រដ្ឋ Florida ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ​បាន​ទុក​នូវ​សារ​ជា​លាយលក្ខណ៍​អក្សរ​មួយ​ច្បាប់​ សម្រាប់​ប្រធានាធិបតី​ថ្មី​គឺ​លោក Joe Biden នៅ​ក្នុង​បន្ទប់ការិយាល័យ Oval Office របស់​ប្រធានាធិបតី ក្នុង​សេតវិមាន។ នេះ​បើ​តាម​មន្ត្រី​សេតវិមាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ។

នេះ​គឺ​ជា​ប្រពៃណី​ចំណាស់​៣​ទសវត្សរ៍មក​ហើយ ដែល​មេដឹកនាំ​សហរដ្ឋ​អាមេរិកចប់​អាណត្តិបន្សល់​ទុក​ដល់​អ្នកស្នង​តំណែង​នូវ​លិខិត​មួយ​ច្បាប់។

គេ​នៅ​មិន​ទាន់​ដឹង​ភ្លាមៗ​នៅឡើយ​ទេ​ថា​តើ​លោក Trump បាន​សរសេរ​ខ្លឹមសារ​អ្វី​ខ្លះ​នៅ​ក្នុង​កំណត់​ត្រា​ខ្លី​នោះ។

ដោយសារ​លោក Trump បាន​ចាកចេញ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​មុន​ពេល​លោក Bidenស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ត្រង់​ថ្ងៃ​ពុធ​នោះ ដំបូង​ឡើយ​គេ​មិន​ប្រាកដ​ថា​លោក Trump នឹង​ធ្វើ​តាម​ប្រពៃណី​ដែល​ចាប់​ផ្តើម​ដំបូង​ឡើយ​នៅ​ឆ្នាំ​១៩៨៩ ដោយ​ប្រធានាធិបតី​ចេញ​ពី​តំណែង​លោក Ronald Reagan ឬ​ក៏​អត់​នោះ​ទេ។

លោក​ Trump បាន​បដិសេធ​មិន​ទទួល​យក​ការ​ចាញ់​ការ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​ទេ ហើយ​លោក​និង​លោក Biden ក៏​មិន​ដែល​បាន​និយាយ​ជាមួយ​គ្នាដែរ​តាំង​ពី​មុន​បោះឆ្នោត​មក​ម៉្លេះ។

លោក Trump ក៏​បាន​បដិសេធ​មិន​ចូល​រួម​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Biden ដែរ ដែល​នេះ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​១៥២​ឆ្នាំ​មក​នេះ ​ដែល​ប្រធានាធិបតីចប់​អាណត្តិ​មិន​ចូល​រួមពិធី​របស់​អ្នក​ស្នង​តំណែង។

សូម្បី​តែ​នៅ​ពេល​លោក Trump បាន​ថ្លែង​សុន្ទរកថាលា​គ្នា​នៅ​ឯ​មូលដ្ឋាន​ទ័ព​អាកាស​នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន​ក៏​ដោយ ក៏​លោក​មិន​បាន​និយាយ​ឈ្មោះ​លោក Biden ដែរ។

នៅ​ពេលអតីត​ប្រធានាធីបតី​លោក Barack Obama ចេញ​ពី​តំណែង​ចំនួន​២​អាណត្តិ​របស់​លោក លោក Obama បាន​ជូន​ពរជ័យ​ចំពោះ​លោក​ Trump ថ្វី​បើ​លោក Obama ធ្លាប់​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​ឲ្យ​គូប្រជែង​លោក​ Trump គឺ​អ្នកស្រី Hillary Clinton ក្តី។

លោក Obama ពេល​នោះ​បាន​សរសេរ​ថា៖ «សូម​អបអរសាទរ​ចំពោះយុទ្ធនាការ​ដ៏​អស្ចារ្យ​មួយ។ ពលរដ្ឋ​រាប់​លាន​នាក់មាន​ក្តី​សង្ឃឹម​លើ​រូបលោក ហើយ​យើង​គ្រប់គ្នា​ មិន​ថា​ពី​គណបក្ស​ណា​ក៏​ដោយ ក៏​នឹងសង្ឃឹម​ចំពោះ​វិបុលភាព​និង​សន្តិសុខ​កាន់​តែ​ប្រសើរ​ក្នុង​អំឡុង​អាណត្តិ​របស់​លោក។ អ្នកស្រី Michelle និង​ខ្ញុំ សូម​ជូន​ពរ​ឱ្យ​លោក​និង​អ្នកស្រី Melania ​ប្រកប​ដោយ​ជោគជ័យ​បំផុត​ ខណៈ​ដែល​លោក​ចាប់​ផ្តើម​ដំណើរ​ថ្មី​នេះ។ ហើយ​សូម​លោក​ដឹង​ថា យើង​ខ្ញុំ​នឹង​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​តាម​គ្រប់​វិធី​ដែល​យើង​ខ្ញុំ​អាច​ជួយ​បាន»៕

XS
SM
MD
LG