ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ចាកចេញ​ពី​សេតវិមាន​​ក្នុង​នាម​ជា​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ


ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​របស់​សហរដ្ឋ​អាមេរិក​ លោក Donald Trump ឡើង​ជិះ​​ឧទ្ធម្ភាគចក្រ Marine One ដែល​នឹង​ចុះ​ចត​នៅ​មូលដ្ឋាន​យោធា Joint Base Andrew នៅ​ជាយ​រដ្ឋ​ Maryland ដើម្បី​​ទៅ​កាន់​រដ្ឋ Florida។
ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​របស់​សហរដ្ឋ​អាមេរិក​ លោក Donald Trump ឡើង​ជិះ​​ឧទ្ធម្ភាគចក្រ Marine One ដែល​នឹង​ចុះ​ចត​នៅ​មូលដ្ឋាន​យោធា Joint Base Andrew នៅ​ជាយ​រដ្ឋ​ Maryland ដើម្បី​​ទៅ​កាន់​រដ្ឋ Florida។

ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​លោក Donald Trump បាន​ចាក​ចេញ​ពី​សេតវិមាន​ ជាមួយ​និង​ភរិយា​របស់​លោក​គឺ​អ្នកស្រី Melania Trump នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ មុន​លោក Joe Biden ប្រធានាធិបតី​ជាប់​ឆ្នោត​ ធ្វើ​សច្ចា​ប្រណិធាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី ៤៦ ​របស់​សហរដ្ឋ​អាមេរិក។

មុន​ឡើង​ឧទ្ធម្ភាគចក្រ Marine One លោក​បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ថា៖ «នេះ​គឺជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​របស់​ខ្ញុំ ពេញ​ក្នុង​មួយ​ជីវិត​ខ្ញុំ»។

លោក​ Trump ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ Marine One ដែល​នឹង​ចុះ​ចត​នៅ​មូលដ្ឋាន​យោធា Joint Base Andrew នៅ​ជាយ​រដ្ឋ​ Maryland។ ​នៅ​ទី​នោះ​ កង​យោធា​អាមេរិក​នឹង​ជូន​ដំណើរ​លោក​ចាក​ចេញ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន ក្រោម​កម្រាល​ព្រំ​ពណ៌​ក្រហម​ ដែល​លោក Trump នឹង​ដើរ​កាត់ មុននឹង​ឡើង​យន្តហោះ។

កាំភ្លើង​ធំ​ចំនួន​ ៤ គ្រឿង​របស់​កងទ័ព​អាមេរិក ត្រូវ​បាន​រៀបចំ​រួច​ជា​ស្រេច​ដើម្បី​បាញ់​ចំនួន ២១​ដង សម្រាប់​ជា​ពិធី​លា​ដំណើរ​លោក Trump។ បន្ទាប់​មក លោក Trump ធ្វើ​ដំណើរ​តាម​យន្តហោះ​ឆ្ពោះ​ទៅ​កាន់​រមណីយដ្ឋាន Mar-a-Lago របស់​លោក​ក្នុង​រដ្ឋ Florida ជា​ទី​ដែល​លោក​និង​ភរិយា​ស្នាក់នៅ​ បន្ទាប់​ពី​ចប់​អាណត្តិ​ជា​ប្រធានាធិបតី​ទី ៤៥​ របស់​សហរដ្ឋ​អាមេរិក។

ការ​ធ្វើ​ដំណើរ​ចាកចេញ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​របស់​លោក Trump ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​មុន​លោក Joe Biden ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទី ៤៦ របស់​សហរដ្ឋ​អាមេរិក។ នេះ​គឺជា​លើក​ដំបូង​ក្នុង​រយៈពេល​ ១៥២ឆ្នាំ​មក​នេះ ដែល​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​ សម្រេច​មិន​ចូលរួម​ពិធី​ស្បថចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី៕

XS
SM
MD
LG