ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump បាន​ចេញ​ការលើកលែង​ទោស​ក្នុង​ថ្ងៃ​កាន់តំណែង​ចុងក្រោយ


រូបឯកសារ៖ លោក​ប្រធានាធិបតី Donald Trump និយាយ​ជាមួយ​អ្នកសារព័ត៌មាន​មុន​ពេល​ឡើង​ជិះ​យន្តហោះ Air Force One កាលពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ នៅ​មូលដ្ឋាន​ទ័ពអាកាស Andrews ក្នុង​រដ្ឋ Maryland ដើម្បី​ធ្វើដំណើរ​ទៅ​រដ្ឋ Texas។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ចេញ​ពី​តំណែង​លោក Donald Trump បាន​ចេញ​ការ​លើកលែង​ទោស​ដល់​មនុស្ស​៧៣​នាក់​ ហើយ​បន្ធូរបន្ថយ​ទោស​ដល់​មនុស្ស​៧០​នាក់​ផ្សេង​ទៀត។ នេះ​តាម​ការ​ប្រកាស​របស់​សេតវិមាន​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ តែ​ប៉ុន្មាន​ម៉ោង​មុន​ពេល​បញ្ចប់​អាណត្តិ​របស់​លោក។

ការ​លើកលែង​ទោស​ទាំង​នេះ រួម​មាន​ចំពោះលោក Steve Bannon អតីត​អ្នក​ចាត់ចែង​យុទ្ធនាការ​ឃោសនានិង​ជាទីប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក Trump ផងដែរ ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​ការ​លួច​បន្លំ​ប្រាក់របស់​អ្នក​វិនិយោគ​ទុនរាប់​ពាន់​នាក់ ​ដែល​ជឿ​ថា ពួកគេ​បាន​ផ្តល់​ប្រាក់​ទៅ​ឲ្យ​គម្រោង​សម្រាប់​ស្ថាបនា​ជញ្ជាំង​នៅ​តាម​បណ្តោយ​ព្រំដែន​ខាង​ត្បូង​របស់សហរដ្ឋ​អាមេរិក។ ផ្ទុយ​ទៅវិញ រដ្ឋអាជ្ញា​ បាន​ចោទប្រកាន់​លោក Bannon ថា បាន​ប្រើ​ប្រាក់​ជាង​មួយ​លាន​ដុល្លារ​ដើម្បី​ឲ្យ​មន្ត្រី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ម្នាក់​ និង​ចំណាយ​ផ្ទាល់​ខ្លួន​លោក។

អ្នក​ដែល​បាន​ទទួល​ការ​លើកលែង​ទោស​នោះ​ដែរ​ គឺ​លោក Elliot Broidy អតីត​អ្នក​រៃ​អង្គាស​ប្រាក់​សម្រាប់​លោក Trump ដែល​បាន​សារភាព​ទទួល​ទោស​កាល​ពី​ឆ្នាំ​ទៅ​ចំពោះការ​រំលោភ​ច្បាប់​គ្រប់គ្រង​ការបញ្ចុះ​បញ្ចូល​ឲ្យប្រយោជន៍​បរទេស។

ក៏​ប៉ុន្តែ​ ទី​ភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា ការលើក​លែង​ទោស​ចុង​ក្រោយ​របស់​លោក Trump មិន​បាន​រួមបញ្ចូល​ខ្លួន​លោក សមាជិក​ក្រុម​គ្រួសារ​របស់​លោក ​ឬ​លោក Rudy Giuliani ដែល​ជា​មេធាវី​របស់​លោក​ទេ៕

XS
SM
MD
LG