ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Biden និង​អ្នកស្រី Harris ​នឹង​ស្បថ​ចូល​កាន់​តំណែង​​ក្នុង​រដ្ឋបាល​ថ្មី​របស់​​សហរដ្ឋ​អាមេរិក


បដា​​សម្រាប់​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​​ប្រធានាធិបតី​ជាប់​ឆ្នោត លោក Joe Biden ត្រូវ​បាន​គេ​ដាក់​នៅ​ខាង​ក្រៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២០។

លោក Joe Biden នឹង​ក្លាយ​ជា​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​អ្នកស្រី Kamala Harris នឹង​ក្លាយ​ជា​ស្ត្រីទី១​ដែលនឹង​ធ្វើ​ជា​អនុ​ប្រធានាធិបតី​អាមេរិក នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​ស្បថ​ចូល​កាន់​តំណែង​នៅ​ក្នុង​ពិធី​មួយ​នៅ​ថ្ងៃ​ត្រង់​ថ្ងៃ​ពុធ​ម៉ោង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​ត្រូវ​នឹង​ម៉ោង​១២​យប់​ថ្ងៃ​ពុធ​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ព្រហស្បតិ៍​ម៉ោង​នៅ​ប្រទេស​កម្ពុជា។ ពិធី​នេះ​ ត្រូវ​បាន​កាត់​បន្ថយ​ទំហំ​ដែល​បណ្តាល​មក​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

មិន​មាន​មនុស្ស​រាប់​សែន​នាក់​ចូលរួម​នៅ​ទី​លាន National Mall ទល់​មុខ​វិមាន​សភាដូច​សព្វ​ដង​ទេ​។ ជំនួស​វិញ ទង់​តំណាង​ឲ្យ​រដ្ឋ​និង​ដែន​ដី​របស់​សហរដ្ឋ​អាមេរិក​ចំនួន​២០០.០០០ ​ត្រូវ​បាន​ដោត​តំណាង​ឲ្យ​អ្នក​ដែល​មិន​អាច​ចូលរួម​នៅ​ក្នុង​ទីកន្លែង​ទាំង​នោះ។

មុន​ពេល​ចូល​កាន់​តំណែង លោក Biden បានបង្ហាញ​សារពី​សាមគ្គីភាពអាមេរិក ជាពិសេស​ពី​ភាព​ចាំបាច់​រួបរួម​គ្នានិងប្រឈម​បញ្ហា​ដែល​បណ្តាល​មក​ពីជំងឺ​រាតត្បាត​ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ ៤០០.០០០​នាក់ ​នៅ​សហរដ្ឋ​អាមេរិក​ និង​បណ្តាល​ឱ្យ​មាន​ការ​លំបាក​ខាង​សេដ្ឋកិច្ច​ដល់​ប្រជាពលរដ្ឋ​ជាច្រើន។

លោក Biden បាន​មាន​ប្រសាសន៍​កាល​ពី​យប់​ថ្ងៃ​អង្គារ នៅ​ពេល​ដែល​លោក​និង​អ្នកស្រី Harris ដឹកនាំ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​នៅ​ខាង​មុខ​វិមាន​បូជនីយដ្ឋាន Lincoln សម្រាប់​អ្នក​ដែល​បាន​ស្លាប់​ថា៖ «ដើម្បី​ព្យាបាល​ស្នាម​របួស​នេះ យើង​ត្រូវ​តែ​ចងចាំ។ ជួល​កាល​វាមាន​ការ​លំបាកក្នុង​ការ​ចងចាំ ​ក៏​ប៉ុន្តែ​ នេះ​ជា​របៀប​ដែល​យើង​ផ្សះផ្សា»។ ភ្លើង​ចំនួន​៤០០​ ត្រូវ​បាន​តែង​លម្អ​នៅ​ជុំវិញ​ស្រះ​ទឹក Reflecting Pool។​

លោក Biden ក្រោយ​មក បាន​សន្យា «ចាប់​ធ្វើ​ការងារ​ភ្លាម»​ ក្រោយ​ពី​ស្បថ​ចូល​កាន់​តំណែង​ដោយ​មាន​ប្រសាសន៍​ថា៖ «យើង​មិន​មាន​ពេលវលាដើម្បី​ខ្ជះខ្ជាយសូម្បី​១​វិនាទី​ទេ នៅ​ពេល​ដែល​និយាយ​ពី​ការ​ដោះស្រាយ​វិបត្តិ​ដែល​យើង​ប្រឈមជា​ប្រទេស​មួយ​នោះ»។

នៅត្រឹម​ពេល​ដែល​ពិធី​ចាប់ផ្តើម ប្រធានាធិបតី​ចេញ​ពី​តំណែង​លោក Donald Trump គ្រោង​នឹងចេញ​រួច​ហើយ​ពី​សេតវិមាន​ឆ្ពោះ​ទៅ​កាន់​កន្លែង​លំហែ​កាយ​របស់​លោក​នៅ​រដ្ឋ Florida។ លោក Trump ជា​មេដឹកនាំ​សហរដ្ឋ​អាមេរិក​លើក​ទី១ ​ដែល​មិន​ចូលរួម​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​អ្នក​កាន់​តំណែង​ជំនួសលោក​នៅ​ក្នុង​រយៈពេល​ជាង​១៥០ឆ្នាំ​នេះ។

អនុប្រធានាធិបតី​ចេញ​ពី​តំណែង​លោក Mike Pence ត្រូវ​គេ​រំពឹង​ថា នឹង​ចូលរួម​ពីធី​នេះ ហើយ​អ្នក​ចូលរួម​ផ្សេង​ទៀត​មាន អតីត​ប្រធានាធិបតី Barack Obama និង​លោកស្រី Michelle ភរិយា​របស់​លោក អតីត​ប្រធានាធិបតី​លោក George W. Bush និង​លោកស្រី Laura ភរិយា​របស់​លោក និង​អតីត​ប្រធានាធិបតី Bill Clinton និង​ភរិយា​របស់​លោក​ គឺ​អតីត​រដ្ឋមន្ត្រី​ការបរទេស អ្នកស្រី Hillary Clinton៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG