ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋធានី​វ៉ាស៊ីនតោន ស្ថិតក្នុង​ការប្រុង​ប្រយ័ត្ន​ខ្ពស់​មុន​ពេល​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Biden


របង​សន្តិសុខ ត្រូវបាន​ដាក់​ការពារ​ព័ទ្ធ​ជុំវិញ​អាគារ​វិមាន​សភា​អាមេរិក​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ មុន​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់ ប្រធានាធិបតី​ជាប់ឆ្នោត​លោក Joe Biden និង​អនុ​ប្រធានាធិបតី​ជាប់ឆ្នោត​អ្នកស្រី Kamala Harris។

ឆ្មាំ​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក (National Guard) ដែលជា​កងទ័ព​ធ្វើ​ការងារ​មិន​ពេញម៉ោង​ ហើយដែល​ផ្តល់​សន្តិសុខ​សម្រាប់​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Joe Biden បាន​ដក​សមាជិក​ចំនួន​១២​នាក់​ចេញពី​ការ​បំពេញ​ភារកិច្ច​ខាង​សន្តិសុខ​សម្រាប់​ពិធី​នេះ។ នេះ​ តាម​ការប្រកាស​របស់​ក្រុម​មន្ត្រី​យោធា​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

ប្រធាន​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិអាមេរិក​លោក Jonathan Hoffman បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ឆ្មាំ​ការពារ​ជាតិ​១០​នាក់ក្នុង​ចំណោម​១២​នាក់ បាន​ត្រូវ​ដកចេញ​ចំពោះ​«អាកប្បកិរិយា​គួរ​ឲ្យ​សង្ស័យ» ដែល​មិន​ទាក់ទិន​នឹង​អំពើ​ជ្រុល​និយម​ទេ ហើយត្រូវ​បាន​រកឃើញ​ដោយការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBI ក្នុង​អំឡុង​ពេល​នៃ​ការ​ពិនិត្យ​ពិច្ច័យ​ឆ្មាំការពារចំនួន​២៥.០០០​នាក់​ ដែល​ត្រូវដាក់​ពង្រាយ​នៅ​ក្នុង​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន​សម្រាប់​ពិធី​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ពុធ​នេះ​របស់​លោក​ប្រធានាធិបតី​ជាប់ឆ្នោត​ Biden និង​អ្នកស្រី​អនុ​ប្រធានាធិបតី​ជាប់ឆ្នោត Kamala Harris។

ចំណាត់ការ​នេះ បញ្ជាក់​ពី​ការ​ប្តេជ្ញា​របស់​ពួក​អាជ្ញាធរ​ដើម្បី​ការពារ​សន្តិសុខ​ក្នុង​ពិធី​៤​ឆ្នាំ​ម្តង​នៅពេល​មាន​ការ​ព្រួយ​កង្វល់​អំពី​អំពើ​ហិង្សា​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​និង​ធានី​របស់​រដ្ឋ​ទាំង​៥០ បន្ទាប់​ពីមាន​ការវាយ​ប្រហារ​ដ៏ប្រល័យ​កាលពី​ថ្ងៃ​ទី៦ មករា​ លើ​វិមាន​សភា​សហរដ្ឋ​អាមេរិក​ដោយ​ពួក​កងជីវពល​ ដែល​គាំទ្រ​ប្រធានាធិបតី​ចេញ​តំណែង​លោក Donald Trump។ ​ការព្រួយ​កង្វល់​ខ្លាំងពី​ការ​គំរាមកំហែងអ្នក​នៅជួយ​ផ្ទៃក្នុង​នេះ​ កើត​មាន​ខណៈ​មានអតីត​និង​បុគ្គលិក​យោធាបច្ចុប្បន្ន បាន​រង​ការ​ចោទ​ប្រកាន់​ក្នុង​ប៉ុន្មាន​ថ្ងៃថ្មីៗ​នេះថា ជាប់​ទាក់ទិន​នឹងកុបកម្ម​នៅ​វិមាន​សភា។

ការ​បង្កើន​កម្លាំង​ទ័ពដែល​មិន​ធ្លាប់​មានពីមុន​មក​នេះ ​បាន​ប្រែក្លាយ​រដ្ឋធានី​ឱ្យ​ទៅដូចជាបន្ទាយ​យោធា។ ទោះ​ជាយ៉ាង​ណា​ក៏ដោយ មន្ត្រី​យោធា​ខ្លះ កំពុង​និយាយ​សម្រាល​ពី​ការ​គំរាម​កំហែង​នេះ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG