ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump ជូនពរ​សព្ទសាធុការ​​ដល់​រដ្ឋបាល​ថ្មី


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Donald Trump ឡើង​ជិះ​យន្ដហោះ​ប្រធានាធិបតី Air Force One បន្ទាប់​ពី​ធ្វើ​ទស្សនកិច្ច​ទៅ​​មើល​ជញ្ជាំង​ព្រំដែន​រវាង​សហរដ្ឋ​អាមេរិក​ និង​ម៉ិកសិក នៅ​ក្រុង Harlingen រដ្ឋ Texas កាល​ពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Donald Trump ឡើង​ជិះ​យន្ដហោះ​ប្រធានាធិបតី Air Force One បន្ទាប់​ពី​ធ្វើ​ទស្សនកិច្ច​ទៅ​​មើល​ជញ្ជាំង​ព្រំដែន​រវាង​សហរដ្ឋ​អាមេរិក​ និង​ម៉ិកសិក នៅ​ក្រុង Harlingen រដ្ឋ Texas កាល​ពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

នៅ​ក្នុង​វីដេអូជម្រាប​លា​មួយ ​ដែលបាន​ចេញ​ផ្សាយក្នុង​ថ្ងៃអង្គារ ជា​ថ្ងៃ​ចុង​ក្រោយដែល​លោក​កាន់​តំណែង​ជា​ប្រធានាធិបតី​ពេញ​មួយ​ថ្ងៃ លោក Donald Trump បាន​ធ្វើ​ការ​បួងសួង​និង​ជូនពរ​សព្ទសាធុការ​ដល់​លោក Joe Biden អ្នក​កាន់​តំណែង​ជំនួស​លោក ក៏​ប៉ុន្តែ​មិន​បាន​និយាយ​ចំ​ឈ្មោះ​របស់​លោក Biden ទេ។​

លោក Trump បាន​និយាយ​នៅ​ក្នុង​វីដេអូ​ដែល​បាន​ចុះផ្សាយ​នៅ​លើ​អនឡាញ​ ២០ ​ម៉ោង​មុន​ពេល​បញ្ចប់​នៃ​ការ​កាន់​តំណែង​របស់​លោក​ថា៖ «នៅ​សប្តាហ៍​នេះ យើង​ប្រារព្ធ​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​រដ្ឋបាល​ថ្មី​មួយ​ ​ហើយ​សូម​បួង​សួង​ឲ្យ​រដ្ឋបាល​ថ្មី​បាន​សម្រេច​ជោគជ័យ​នៅ​ក្នុង​ការ​រក្សា​សុវត្ថិភាព​និង​វិបុលភាព​សម្រាប់​សហរដ្ឋអាមេរិក។ យើង​ក៏​សូម​ជូន​ពរ​ពួកគេ​ឲ្យ​មាន​សំណាង​ដែរ»។

ក្នុង​សន្ទរកថា​ជិត​២០​នាទី​ដែល​បាន​ថត​ទុក​កាល​ពី​ថ្ងៃ​ច័ន្ទ លោក Trump បាន​សរសើរ​ចំពោះ​រដ្ឋបាល​លោក​ក្នុងការ​បង្កើត​អ្វី​ដែល​លោក​បាន​ហៅ​ថា «សេដ្ឋកិច្ច​ដ៏​អស្ចារ្យ​បំផុតនៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពិភពលោក»។ លោក​ក៏​បាននិយាយ​ដែរ​ថា លោក«មាន​មោទនភាព​យ៉ាង​ខ្លាំង​ដែល​បាន​ក្លាយ​ជា​ប្រធានា​ធិបតីទី១​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​នេះ​ដែលមិន​បាន​ចាប់​ផ្តើមសង្គ្រាម​ថ្មី​មួយទេ»។

នៅ​ពេល​ដែល​វីដេអូ​នោះ​បាន​ចេញ​ផ្សាយ​ដោយ​សេតវិមាន​តាម Youtube យន្តហោះ​ឯកជន​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Joe Biden បាន​ចុះចត​នៅ​អាកាសយានដ្ឋាន​យោធា​ Joint Base Andrews នៅ​ក្នុង​រដ្ឋ Maryland ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ។ ​នៅ​ទីនោះ​ដែរ ក៏​ជា​កន្លែង​ដែល​លោក Trump នឹង​ចូលរួមពិធី​លា​គ្នា​ចុងក្រោយនៅ​ព្រឹក​ថ្ងៃ​ពុធ ម៉ោង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោនដែរ។ បន្ទាប់​មក លោក​ប្រធានាធិបតី Trump នឹង​ជិះ​យន្តហោះ​ប្រធានាធិបតី Air Force One ជា​លើក​ចុង​ក្រោយ​ទៅកាន់​រដ្ឋ Florida៕​

XS
SM
MD
LG