ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

លោក Trump អរគុណ​អ្នក​ដែល​មក​គាំទ្រ​លោក​នៅ​ក្រៅ​មន្ទីរពេទ្យ


ក្រុមអ្នកគាំទ្រ បាន​ប្រមូលផ្តុំគ្នា​នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ Walter Reed ដោយ​មាន​កាន់​បដា​ដែល​សរសេរ​ជូន​ពរ​ឲ្យ​ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​ភរិយា គឺលោកស្រី Melania Trump ឆាប់​ជាសះស្បើយ​ពី​ជំងឺ​កូវីដ១៩ កាលពី​យប់​ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​ថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រ​របស់​លោក ក្នុង​អំឡុងពេល​ដែល​លោក​កំពុង​ទទួល​ការ​ព្យាបាល​ជំងឺ​កូវីដ១៩ នៅ​មន្ទីរពេទ្យ​យោធា Walter Reed។

លោក Trump បាន​បង្ហោះ​សារ​លើ Twitter ពី​មន្ទីរពេទ្យ​យោធា​ជាតិ Walter Reed កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ថា៖ «សូម​អរគុណ​អ្នក​ទាំងអស់​គ្នា​ខ្លាំង​ណាស់»។ លោក​ថ្លែង​ដូច្នេះ​ចង់​សំដៅ​ដល់​ក្រុម​អ្នក​គាំទ្ររបស់​លោក ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​កាល​ពី​យប់​ថ្ងៃ​សៅរ៍ នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ Walter Reed ដោយ​អ្នក​ទាំង​នោះ​បាន​នាំ​គ្នា​គ្រវី​ទង់ដែល​សរសេរ​ថា បោះឆ្នោត​ឲ្យ​លោក Trump នៅឆ្នាំ ២០២០។

ជំងឺ​របស់​លោក Trump បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ និង​បាន​ចោទ​ជា​សំណួរ​អំពី​ចំណាត់ការ​របស់​លោក​ចំពោះ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នេះ​ផង​ដែរ។

លោក​ប្រធានាធិបតី Trump ខាង​គណបក្ស​សាធារណរដ្ឋ ទទួល​បាន​អត្រា​គាំទ្រ​តិច​ជាង​លោក Joe Biden ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ នៅ​ក្នុង​ការ​ស្ទង់មតិ​សាធារណៈ​មួយ​ចំនួន។

ការ​ស្ទង់មតិ Ipsos របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ បាន​រក​ឃើញ​ថា លោក Biden នាំ​មុខ​លោក Trump ចំនួន ១០% នៅ​ទូទាំង​ប្រទេស ដែល​ច្រើន​ជាង​កាល​ពី​ពេល​ពីរ​ខែ​មុន​បន្ដិច។

នៅ​ក្នុង​ការ​ស្ទង់​មតិ​នោះ ពលរដ្ឋ​អាមេរិកាំង​ប្រមាណ​ចំនួន ៦៥% និយាយ​ថា លោក Trump ប្រហែល​ជា​មិន​ឆ្លង​ជំងឺ​កូវីដ១៩ ទេ បើ​សិន​ជា​លោក​មិន​មើលស្រាល​លើ​ជំងឺ​នេះ។ នេះ​ គឺ​ជា​ទស្សនៈដែល​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋចំនួន​ពាក់​កណ្ដាល ដែល​បាន​ចូលរួម​ក្នុង​ការ​ស្ទង់​មតិ​នេះ យល់ស្រប។

ចំណែក​ឯ​ពលរដ្ឋ​អាមេរិកាំង​ចំនួន​ប្រមាណ ៥៥% វិញ បាន​និយាយ​ថា ពួកគេ​មិន​ជឿ​ថា លោក Trump បាន​និយាយ​ការ​ពិត​អំពី​ជំងឺ​កូវីដ១៩ នេះ​ទេ។

កន្លង​មក លោក Trump បាន​និយាយ​បន្ធូរបន្ថយ​អំពី​ការ​គំរាមកំហែង​នៃ​ជំងឺ​កូវីដ១៩ ម្ដង​ហើយ​ម្ដង​ទៀត បើ​ទោះ​ជា​ជំងឺ​នេះ​បាន​ឆក់​យក​ជីវិត​ពលរដ្ឋ​អាមេរិកាំង​អស់​ជាង ២ សែន ៨ ពាន់​នាក់ និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​ក៏​ដោយ៕

XS
SM
MD
LG