ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

វេជ្ជបណ្ឌិត​របស់​ប្រធានាធិបតី​ថា លោក Trump ប្រហែល​ជា​អាច​ចេញ​ពី​មន្ទីរពេទ្យ​បាន​នៅ​ថ្ងៃ​ច័ន្ទ


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ធ្វើការនៅក្នុងបន្ទប់ការិយាល័យនៅមន្ទីរពេទ្យយោធា Walter Reed នៅទីក្រុង Bethesda រដ្ឋ Maryland ជាយរដ្ឋធានីវ៉ាស៊ីនតោន ទីដែលលោកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០។

អាការៈ​ជំងឺ​កូវីដ១៩ របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump មាន​ភាព​ប្រសើរ​ជាង​មុន ហើយ​លោក​អាច​ចាកចេញ​ពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​កាន់​សេតវិមាន​វិញ​ នៅ​ថ្ងៃ​ច័ន្ទ។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ ​របស់​ក្រុម​គ្រូពេទ្យ​ដែល​ព្យាបាល​លោក។

លោក​វេជ្ជបណ្ឌិត Sean Dooley បាន​ប្រាប់​អ្នក​កាសែត​នៅ​មន្ទីរពេទ្យ​យោធា​ជាតិ Walter Reed ដែល​ជា​កន្លែង​ដែល​លោក Trump ទទួល​ការ​ព្យាបាល​ជំងឺ​កូវីដ១៩ នេះ ថា៖ «អាការៈ​ជំងឺ​របស់​លោក​ប្រធានាធិបតី Trump បន្ត​ប្រសើរ​ឡើង។ លោក​មិន​មាន​អាការៈ​គ្រុន​ក្ដៅ​នោះ​ទេ​ តាំង​ពី​ព្រឹក​ថ្ងៃ​សុក្រ​មក។ រលក​សញ្ញា​សុខភាព​របស់​លោក​មាន​លំនឹង​ល្អ»។

វេជ្ជបណ្ឌិត​មួយ​រូប​ទៀត​គឺ​លោក Sean Conley បាន​និយាយ​ថា លោក Trump បាន​ទទួល​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ផ្សះ​ដែល​មាន​សារធាតុ steroid បន្ទាប់ពី​កម្រិត​អុកស៊ីហ្សែន​របស់​លោក​បាន​ធ្លាក់​ចុះ​ដល់ ៩៣% កាល​ពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​លោក​មិន​មាន​អាការៈ​ពិបាក​ដក​ដង្ហើម​នោះ​ទេ។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​បង្ហោះ​វីដេអូ​មួយ​ពី​មន្ទីរពេទ្យ ​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​បាន​បញ្ជាក់​ថា លោក​កំពុង​តែ​ធូរស្បើយ​ជាង​មុន ហើយ​សង្ឃឹម​ថា «នឹង​ត្រឡប់​ទៅ​វិញ​ឆាប់ៗ»។


នៅ​ក្នុង​វីដេអូ​មួយ​ដែល​មាន​រយៈពេល ៤ នាទី លោក Trump និយាយ​ថា លោក «មិន​សូវ​ស្រួលខ្លួន​ទេ» នៅ​ពេល​ដែល​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​យោធា Walter Reed ដែល​ស្ថិត​នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ល្ងាចថ្ងៃ​សុក្រ ក្រោយ​ពី​ធ្វើ​តេស្ត​ឃើញ​មាន​ជំងឺ​កូវីដ១៩។

ប៉ុន្តែ​ លោក​និយាយ​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ធូរស្បើយ​ច្រើន​ណាស់​នៅ​ពេល​នេះ» ហើយ​ថា បុគ្គលិក​ពេទ្យ «ខិតខំប្រឹងប្រែង​ណាស់ ​ដើម្បី​ឲ្យ​ខ្ញុំ​មាន​សុខភាព​ល្អ​ធម្មតា​វិញ»។

សំឡេង​របស់​លោកTrump រាង​ស្អក​បន្តិច​នៅ​ក្នុង​វីដេអូ​នោះ ប៉ុន្តែ​លោក​ហាក់​ដូចជា​រឹងមាំ​ណាស់ នៅ​ពេល​ដែល​លោក​និយាយ​ថា លោក​កំពុង​តែ​ប្រយុទ្ធប្រឆាំង​ដើម្បី​ពលរដ្ឋ​រាប់​លាន​នាក់​ នៅ​ជុំវិញ​ពិភពលោក​ដែល​ឆ្លង​ជំងឺ​កូវីដ១៩ នេះ។

លោក​បាន​ថ្លែង​ថា ទោះបីជា​លោក​អាច​ស្នាក់​នៅ​ក្នុង​សេតវិមាន​ដើម្បី​ការពារ​ខ្លួន​មិន​ឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩ នេះ​ក៏​ដោយ ក៏​ក្នុង​នាម​ជា​ប្រធានាធិបតី លោក​មិន​អាច «ស្ថិត​នៅ​តែ​ក្នុង​សេតវិមាន​ដូច្នេះ​នោះ​ទេ»។

លោក Trump ក៏​បាន​ថ្លែង​អំណរគុណ​ដល់​ក្រុម​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាយិកា ដែល​កំពុង​ព្យាបាល​លោក ក៏​ដូចជា​បណ្ដា​មេដឹកនាំ​នានា​នៅ​លើ​ពិភពលោក និង​ពលរដ្ឋ​អាមេរិកាំង ដែល​បាន​ផ្ញើ​សារ​ជូនពរ​លោក​ឲ្យ​ឆាប់​ជា​សះស្បើយ​ផង​ដែរ៕

XS
SM
MD
LG