ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជូនពរ​លោក​ប្រធានាធិបតី Donald Trump ឲ្យ​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ១៩


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ម៉ាស ខណៈលោកចូលរួមទទួលព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ម៉ាស ខណៈលោកចូលរួមទទួលព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​លិខិត​មួយ​ច្បាប់ ជូនពរ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump និង​អ្នកស្រី Melania Trump ដែល​ជា​ភរិយា ឲ្យ​ឆាប់​ជា​សះស្បើយ ក្រោយ​ពី​អ្នក​ទាំង​ពីរ​បាន​ឆ្លង​ជំងឺ​កូវីដ១៩។ នេះ​បើ​យោង​តាម​លិខិត​មួយ​ច្បាប់​ជា​ភាសា​អង់គ្លេស​ដែល​មាន​ចុះ​ហត្ថលេខា​របស់​លោក ហ៊ុន សែន ដែល VOA ទទួល​បាន​នៅ​ថ្ងៃ​អាទិត្យ​នេះ។

នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី ៣ ខែ​តុលា​នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា៖ «ខ្ញុំ និង​ភរិយា​មាន​សេចក្ដី​សោកសៅ​នៅ​ពេល​ដែល​ដឹង​ថា លោក​ប្រធានាធិបតី និង​ភរិយា​ធ្វើ​តេស្ត​ឃើញ​មាន​ឆ្លង​ជំងឺ​កូវីដ១៩ ស្រប​ពេល​ដែល​សហរដ្ឋអាមេរិក និង​ពិភពលោក​កំពុង​តែ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ថ្មី​នេះ និង​កំពុង​តែ​ដោះស្រាយ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ​លើ​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ»។

លិខិតមួយច្បាប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើជូនពរប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងអ្នកស្រី Melania Trump ឲ្យឆាប់ជាសះស្បើយពីជំងឺកូវីដ១៩។
លិខិតមួយច្បាប់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើជូនពរប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងអ្នកស្រី Melania Trump ឲ្យឆាប់ជាសះស្បើយពីជំងឺកូវីដ១៩។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយ​បន្ថែម​ទៀត​នៅ​ក្នុង​លិខិត​នោះ​ថា៖ «ខ្ញុំ និង​ភរិយា​សូម​ជូនពរ​ឲ្យ​លោក​ប្រធានាធិបតី និង​ភរិយា ឆាប់​ជា​សះស្បើយ និង​មាន​សុខភាព​ល្អ»។

លោក​ប្រធានាធិបតី Donald Trump និង​អ្នកស្រី Melania Trump ដែល​ជា​ភរិយា បាន​ពិនិត្យ​ឃើញ​ថា ​មាន​ជំងឺ​កូវីដ១៩ កាល​ពី​ថ្ងៃ​សុក្រ។ ពេល​នេះ លោក Trump កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​យោធា Walter Reed ក្នុង​រដ្ឋ Maryland ដែល​ស្ថិត​នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន។ ចំណែក​ឯ​អ្នកស្រី Melania Trump មិន​ត្រូវ​បាន​តម្រូវ​ឲ្យ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទេ ដោយ​គ្រាន់តែ​នៅ​ដាច់​ដោយ​ឡែក​តែ​ឯង​នៅ​ឯ​សេតវិមាន​តែ​ប៉ុណ្ណោះ។

លោក Trump បាន​បង្ហោះ​សារ​មួយ​លើបណ្ដាញ​សង្គម Twitter កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ថា លោក«បាន​ធូរស្បើយ​ជាង​មុន» ហើយ​លោក​សង្ឃឹម​ថា «នឹង​ត្រឡប់​ទៅ​វិញ​ឆាប់ៗ»។

ក្រោយ​មក វេជ្ជបណ្ឌិត​របស់​លោក Trump គឺ​លោក Sean Conley បាន​បង្ហាញ​សុទិដ្ឋិនិយម​ដោយ​ប្រយ័ត្នប្រយែង​ចំពោះ​ការ​ព្យាបាល​លោក Trump ប៉ុន្តែ​បាន​បន្ថែម​ថា លោក Trump «នៅ​មិន​ទាន់​ឆ្លង​ផុត​គ្រោះថ្នាក់​នៅ​ឡើយទេ»។

ក្រោយ​ពី​ឮ​ដំណឹង​ថា លោក Trump បាន​ឆ្លង​ជំងឺ​កូវីដ១៩ មក មេដឹកនាំ​នានា​នៅ​លើ​ពិភពលោក ដែល​ក្នុង​នោះ​មាន​ទាំង​ប្រធានាធិបតី​ចិន​លោក Xi Jinping ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ផង​ដែរ បាន​ផ្ញើ​សារ​ជូនពរ​លោក Trump ​ឲ្យ​ឆាប់​ជា​សះស្បើយ៕

XS
SM
MD
LG