ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump បាន​ចេញ​ដំណើរ​ទៅ​ធ្វើជំនួប​កំពូល​នៅ​ក្នុង​ក្រុង​ហាណូយ


ក្បួន​ម៉ូតូ​នាំ​មុខ​រថយន្ត​របស់​លោក Kim Jong Un កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​មួយ​នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្បួន​ម៉ូតូ​នាំ​មុខ​រថយន្ត​របស់​លោក Kim Jong Un កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​មួយ​នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក​ប្រធានាធិបតី​ស.រ.អា. Donald Trump បានចេញ​ដំណើរ​កាលពី​ថ្ងៃ​ចន្ទ​ទៅ​កាន់ក្រុង​ហាណូយ​ប្រទេស​វៀតណាម​ដើម្បី​ចូលរួម​ជំនួប​កំពូល​លើកទី​ពីរ​របស់​លោក​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ Kim Jong Un ដោយ​លោក​បាន​សម្តែង​សេចក្តី​សង្ឃឹម​ថា​លោក​នឹង​សម្រេច​កិច្ច​ព្រមព្រៀង​មួយ​អំពីសេចក្តី​លម្អិត​នៃ​ការ​សន្យា​របស់​លោក​ Kim ថា​នឹង​ធ្វើ​កុំ​ឱ្យ​ប្រទេស​លោក​មាន​អាវុធ​នុយក្លេអ៊ែរ។

លោក Trump បាន​និយាយ​តាម Twitter ថា​បើ​គ្មាន​ការ​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ទេ

ប្រទេស​កូរ៉េ​ខាង​ជើង​នឹង​នៅតែ «ក្រី​ក្រដដែល»។ ក៏​ប៉ុន្តែ​លោក Trump បាន​ទស្សន៍​ទាយ​ថា​ «លោក​ប្រមុខ Kim នឹង​ធ្វើសេចក្តី​សម្រេចប្រកប​ដោយ​គតិ​បណ្ឌិត»។

កាល​ពី​យប់ថ្ងៃ​អាទិត្យ​ លោក​ Trump បាន​និយាយ​ប្រាប់​ពួក​អភិបាល​រដ្ឋស.រ.អា.​ថា លោកនិង​លោក Kim​ «មានការ​យល់ឃើញ​ស្រប​គ្នា ក៏​ប៉ុន្តែ​លោកអ្នក​នឹង​ឃើញ​ការណ៍​នេះច្រើន​ជាង​មុន​ក្នុង​ពេល​ពីរ​បី​ថ្ងៃ​ខាង​មុខ​នេះ។ ​ខ្ញុំ​យល់​ថា​យើង​នឹង​មាន​រយៈពេល​ពីរ​ថ្ងៃកន្លះដែល​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ប្រទេស​វៀតណាម។​ ហើយ​យើង​មាន​ឱកាស​មួយ​សម្រាប់​ការ​ធ្វើ​មិន​ឱ្យ​មាន​អាវុធនុយក្លេអ៊ែរ​ទាំង​ស្រុង​នៅ​ក្នុង​តំបន់​មួយ​ក្នុង​ពិភព​លោក​ដែល​ប្រកប​ដោយ​គ្រោះថ្នាក់​ខ្លាំង​ណាស់។

លោក Trump និង​លោក Kim បានជួបគ្នា​កាល​ពី​ខែ​មិថុនា​មុនក្នុង​ប្រទេស​សិង្ហបុរី​ ដែល​នៅ​ក្រោយ​ជំនួប​នោះ​លោក Trump បានប្រកាស​ថា​ «គ្មាន​ការ​គំរាមកំហែងនុយក្លេអ៊ែរ​ទៀត​ទេ​ពី​ប្រទេស​កូរ៉េខាង​ជើង»។

ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​លោក Trump ជួប​ជា​មួយ​លោក Kim នៅ​ថ្ងៃ​ពុធ​និង​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​រដ្ឋធានី​ហាណូយ​នៃប្រទេស​វៀតណាម មាន​ភស្តុតាង​ច្បាស់លាស់​តិច​តួច​ដែល​ថា​មានការ​ជឿនលឿនដើម្បី​កំណត់​លក្ខខណ្ឌ​ពិសេស​នៃ​ការ​សន្យា​របស់​ប្រទេស​កូរ៉េខាង​ជើង​ដែល​ថា​ធ្វើ​មិន​ឱ្យ​មាន​អាវុធ​នុយក្លេអ៊ែរ។

នៅ​ល្ងាច​ថ្ងៃ​ពុធ​ លោក Trump នឹង​មាន​ការ​សន្ទនា​គ្នា​មួយ​ទល់​នឹង​មួយ​ក្នុង​រយៈពេល​ខ្លីជាមួយលោក Kim ហើយ​បន្ទាប់​មក​ក៏​មាន​ការ​ពិសារ​អាហារ​ពេល​យប់​ដែល​នឹង​មាន​ការ​ចូល​រួម​ដោយ​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា. Mike Pompeo និង​លោក Mick Mulvaney នាយ​ខុទ្ទកាល័យ​សេតវិមាន។ ​លោក Kim ក៏​នឹង​មាន​ការ​ចូលរួម​ពី​សំណាក់​សហការី​លោក​ពីរ​នាក់​ដែរ ​ហើយ​លោក Trump និង​លោក Kim ក៏​នឹង​មាន​អ្នក​បក​ប្រែភាសា​របស់​អស់​លោក​ដែរ។​

លោក Trump និង​លោក Kim នឹង​មាន​កិច្ចប្រជុំ​ជា​ផ្លូវការ​មួយ​ចំនួន​នៅ​ថ្ងៃ​ព្រហស្បតិ៍៕

XS
SM
MD
LG