ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Kim Jong Un ធ្វើ​ដំណើរ​ដល់​ប្រទេស​វៀតណាម​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​ជាមួយ​លោក Trump


មេដឹកនាំ​កូរ៉េ​ខាង​ជើង​ Kim Jong Un បក់​ដៃ​ចេញ​ពី​រថយន្ត​ បន្ទាប់​ពី​អញ្ជើញ​ទៅ​ដល់​ក្រុង Dong Dang កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នា២០១៩។
មេដឹកនាំ​កូរ៉េ​ខាង​ជើង​ Kim Jong Un បក់​ដៃ​ចេញ​ពី​រថយន្ត​ បន្ទាប់​ពី​អញ្ជើញ​ទៅ​ដល់​ក្រុង Dong Dang កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នា២០១៩។

បន្ទាប់ពី​បាន​ធ្វើ​ដំណើរ​តាម​រថភ្លើង​បាញ់​មិន​ធ្លុះ​កាត់​តាម​ប្រទេស​ចិន​អស់​រយៈពេល​ជិត ៣ ថ្ងៃ មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un បាន​ទៅ​ដល់​ប្រទេស​វៀតណាម ដើម្បី​ចូលរួម​ជំនួប​លើក​ទី ២ របស់​លោក​ជាមួយ​នឹង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump។

រថភ្លើង​បាញ់​មិន​ធ្លុះ​ពណ៌​បៃតង​ចាស់​លាយ​លឿង​របស់​លោក Kim Jong Un បាន​ធ្វើ​ដំណើរ​ដល់​ក្រុង Dong Dang នៃ​ប្រទេស​វៀតណាម ជាប់​ជាមួយ​នឹង​ព្រំដែន​ចិន កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ។ លោក Kim Jong Un ចុះ​ពី​រថភ្លើង​ដោយ​ទឹក​មុខ​ញញឹម​ញញែម និង​បាន​គ្រវី​ដៃ​ទៅ​កាន់​ក្រុម​មនុស្ស​មក​ទទួល​ស្វាគមន៍​លោក​ច្រើន នៅ​ពេល​ដែល​លោក​ដើរ​ពី​លើ​កម្រាល​ពណ៌​ក្រហម​ឡើង​ជិះ​រថយន្ត limousine ពណ៌​ខ្មៅ ម៉ាក Mercedes-Benz។

ក្រុម​អង្គរក្ស​របស់​លោក Kim Jong Un ដែល​ពាក់​សម្លៀកបំពាក់​គ្រ័រសេ​ពណ៌​ខ្មៅ​រត់​អម​សង​ខាង​រថយន្ត​របស់​លោក នៅ​ពេល​ដែល​រថយន្ត​នោះ​ចាកចេញ​ពី​ស្ថានីយ​រថភ្លើង។

លោក Kim Jong Un ដែល​បាន​ចាកចេញ​ពី​ទីក្រុង​ព្យុងយ៉ាង​កាល​ពី​ថ្ងៃ​សៅរ៍ ឥឡូវ​នេះ​នឹង​ត្រូវ​ធ្វើ​ដំណើរ​តាម​រថយន្ត​ជា​ច្រើន​ម៉ោង​ទៀត​ទៅ​កាន់​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម។

នៅ​ក្នុង​អំឡុង​ពេល​ពីរ​ថ្ងៃ​នៃ​ជំនួប​របស់​លោក Kim Jong Un ជាមួយ​នឹង​លោក Trump ដែល​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ពុធ​ស្អែក​នេះ​តទៅ លោក​ទាំង​ពីរ​នឹង​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​វិវឌ្ឍ​ទៅ​មុខ​នៃ​កិច្ច​ព្រមព្រៀង​លុប​បំបាត់​នុយក្លេអ៊ែរ ដែល​លោក​ទាំង​ពីរ​សម្រេច​បាន​កាល​ពី​កិច្ច​ប្រជុំ​លើក​ទី​មួយ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី កាល​ពី​ខែ​មិថុនា ឆ្នាំ​មុន។

នៅ​ព្រឹក​ថ្ងៃ​ពុធ​ស្អែក លោក Kim Jong Un ត្រូវ​គេ​រំពឹង​ថា​នឹង​ជួប​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​វៀតណាម។ លោក​ក៏​អាច​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង Hai Phong ដែល​ជា​ទីក្រុង​ឧស្សាហកម្ម​ដ៏​សំខាន់​មួយ​របស់​វៀតណាម និង​មជ្ឈមណ្ឌល​ផលិតកម្ម​ខេត្ត Bac Ninh របស់​វៀតណាម​ផង​ដែរ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters៕

XS
SM
MD
LG