ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​នាំ​មុខ​របស់​លោក​ Trump​ ធ្វើ​ឲ្យ​គណបក្ស​សាធារណរដ្ឋ​​បែក​បាក់​កាន់​តែ​ខ្លាំង


បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ​ លោក Donald Trump ថ្លែង​ក្នុង​ការ​ជួបជុំ​មួយ​នៅ​ ក្រុង Spokane រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦។
បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ​ លោក Donald Trump ថ្លែង​ក្នុង​ការ​ជួបជុំ​មួយ​នៅ​ ក្រុង Spokane រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦។

លោក​ Donald Trump​ បាន​បើក​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ទូទៅយ៉ាង​ខ្លាំង​ក្លា​នៅ​ក្រោយ​លោក​បាន​ទទួល​សន្លឹក​ឆ្នោត​គាំទ្រ​គ្រប់​គ្រាន់​ដើម្បី​ក្លាយ​ទៅ ជា​ឥស្សរជន​ដែល​បាន​ត្រូវ​សន្មត​ថា​ ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ។​

លោក​ Trump កំពុង​ធ្វើការ​វាយ​ប្រហារ​ក្នុង​សប្តាហ៍​នេះ​នៅ​ពេល​លោក​ធ្វើការ​ប្រយុទ្ធ​ខាង​ពាក្យ​សម្តី​ជាមួយ​បណ្តាញ​ផ្សាយ​ព័ត៌មាន​និង​បណ្តាញ​សង្គម។​ដោយ​មិន​បាន​ប៉ុនប៉ង​សម្រាល​ការ​បែក​បាក់​គ្នា​យ៉ាង​ខ្លាំង​នៅ​ក្នុង​គណបក្ស​សាធារណរដ្ឋ​ លោក Trump បាន​ធ្វើការ​វាយ​ប្រហារ​លើ​ពួក​អ្នក​នយោបាយ​សាធារណរដ្ឋ​ ពួក​សកម្ម​ជន​អភិរក្ស​និយម​ ហើយ​ដោយ​គ្មាន​ងឿង​ឆ្ងល់​ឡើយ​ គឺ​វាយ​ប្រហារ​ទៅ​លើ​លោកស្រី Hillary Clinton ​ដែល​ជា​គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ។

លោក​ Trump បាន​ Tweet ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ថា ​«ខ្ញុំ​នឹង​ទទួល​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ប្រឆាំង​នឹង​ Hillary​ ដែល​ជា​មនុស្ស​ទុច្ចរិត​ ទោះណា​ជា​មាន​ពួក​មនុស្ស​ក្នុង​គណបក្ស​សាធារណរដ្ឋ​ដែល​កំពុង​ប្រឆាំង​នឹង​ខ្ញុំ​ក៏​ដោយ»។

នៅ​ពេល​ដែល​ការបោះឆ្នោត​ទូទៅ​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​៦ខែ​ទៀត​ គណបក្ស​សាធារណរដ្ឋ​នៅ​តែ​មាន​ការ​បែក​បាក់​គ្នា​រវាង​ពួក​អ្នកគាំទ្រ​លោក​ Trump និង​ពួក​ប្រពៃណី​និយម​នៅ​ក្នុង​គណបក្ស​សាធារណៈរដ្ឋ​ ឬ​គណបក្ស GOP។​ លោក​ James Gimpel ​អ្នកវិភាគ​នយោបាយ​នៅ​ឯ​សាកល​វិទ្យាល័យ​រដ្ឋ​ Maryland​ បាន​និយាយ​ប្រាប់​ VOA ​ថា «វា​ហាក់​ដូច​ជា​ស្មើ​គ្នា​ទៅ​នឹង​ការ​បែក​បាក់​នៅ​ក្នុង​គណបក្ស​សាធារណរដ្ឋ»។

លោក​ Gimpel​ ទស្សន៍​ទាយថា​ «យ៉ាង​ហោច​ណាស់​មាន​សមាជិក​មួយ​ភាគ​បី»​នៃ​គណបក្ស​សាធារណរដ្ឋ​នឹង​នៅ​តែ​ប្រឆាំង​នឹងលោក​ Trump ​នៅ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។ លោក​មាន​ជំនឿ​ថា​ ពួក​អ្នក​ជំទាស់​នឹង​លោក​ Trump ​នឹង​ខិតខំ​ព្យាយាម​ដាក់​បេក្ខ​ជន​របស់​ពួកផ្ទាល់​ឱ្យ​ឈរ​ឈ្មោះ​ឬ​មួយ​មិន​បោះ​ឆ្នោត​ឱ្យ​បេក្ខជន​ប្រធានាធិបតី​ណា​ម្នាក់​តែ​ម្តង​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ទូទៅ​នៅ​ពេល​ខាង​មុខនេះ។​

ឧបសគ្គ​មួយ​ដែល​រារាំង​មិន​ឱ្យ​គណបក្ស​សាធារណរដ្ឋ​មាន​ឯកភាព​បាន​គឺ​សេចក្តី​សម្រេច​ចិត្ត​របស់​លោក​ Paul Ryan ​ប្រធាន​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​និង​អ្នក​សាធារណរដ្ឋ​ឯទៀតៗ​ ដែល​កាន់​តំណែង​តាម​រយៈការ​ជាប់​ឆ្នោត​មិន​គាំទ្រ​លោក ​Trump​ ទេ។

លោក ​Gimpel​ បាន​ថ្លែង​ថា «នេះ​ជា​និមិត្តរូប​នៃ​គោល​ជំហរ​របស់​ពួក​សាធារណរដ្ឋ​ច្រើន​នាក់​ដែល​កាន់​តំណែង​តាម​រយៈ​ការ​ជាប់​ឆ្នោត។​ ពួក​គេ​មិន​ដឹង​ច្បាស់អំពី​អ្វី​ដែល​លោក​ Trump ​ប្រកាន់​យក​ជា​គោលជំហរ​របស់​លោក​ទេ»៕

XS
SM
MD
LG