ក្រុមមេធាវីរបស់លោកអតីតប្រធានាធិបតី Donald Trump បាននិយាយថា ពួកគេត្រូវការពេលតែមួយថ្ងៃប៉ុណ្ណោះ ដើម្បីបង្ហាញរឿងក្តីរបស់លោក Trump ក្នុងសវនការកាត់ទោសលោកទៅកាន់ព្រឹទ្ធ សភាសហរដ្ឋអាមេរិក។
មេធាវីរបស់លោក Trump កំពុងបង្កើនការពារអតីតប្រធានាធិបតីនៅថ្ងៃសុក្រនេះ ដោយគ្មានការផ្តល់សក្ខីកម្មណាមួយពីលោកអតីតប្រធានាធិបតី ដែលបដិសេធមិនចូលរួមនៅក្នុងការកាត់ទោសនោះ។
ការការពារក្ដីធ្វើឡើង ក្រោយបទបង្ហាញរបស់រដ្ឋសភាដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ ទាក់ទិននឹងវោហាសាសន៍របស់លោក Trump ក្នុងការជួបជុំថ្ងៃទី ០៦ មករា និងសកម្មភាពរបស់ក្រុមអ្នកតវ៉ា ដែលបានលុកលុយចូលក្នុងវិមានរដ្ឋសភាសហរដ្ឋអាមេរិកភ្លាមៗ បន្ទាប់ពីរមានការប៉ុនប៉ងរារាំងការអនុម័តលទ្ធផលបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០។
ក្នុងចំណាត់ការមិនធម្មតាមួយទៀត កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ សមាជិកព្រឹទ្ធសភា ៣ រូបខាងគណបក្សសាធារណរដ្ឋ ដែលរួមមានលោក Lindsey Graham នៃរដ្ឋ South Carolina លោក Ted Cruz នៃរដ្ឋ Texas និងលោក Mike Lee នៃរដ្ឋ Utah ដែលជាគណ:វិនិច្ឆ័យនៃអង្គជំនំជម្រះ បានជួបជាមួយក្រុមមេធាវីរបស់លោក Trump។
បណ្តាញព័ត៌មាន CNN បានរាយការណ៍ថា លោក David Schoen មេធាវីមួយរូបរបស់លោក Trump បាននិយាយថា សមាជិកព្រឹទ្ធសភាទំាងនោះ ចង់ធានាថា ក្រុមមេធាវីការពារក្ដីរបស់លោកTrump «យល់ពីដំណើរការជំនុំជម្រះ» មុនការធ្វើបទបង្ហាញនៅថ្ងៃសុក្រនេះ។
លោក Trump ត្រូវបានគេរាយការណ៍ថា លោកមានការខកចិត្តនឹងមេធាវីរបស់លោក គឺលោក Schoen និងលោក Bruce Castor ដែលត្រូវបានជ្រើសរើស បន្ទាប់ពីក្រុមមេធាវីដំបូងរបស់លោកអតីតប្រធានាធិបតីបានលាលែងពីការងារភ្លាមៗ បន្ទាប់ពីសវនការចាប់ផ្ដើម៕