តុលាការឧទ្ធរណ៍សហព័ន្ធអាមេរិកមួយ បានចេញដីការបញ្ជាដោយណែនាំដល់មេធាវីមួយរូបរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ឱ្យផ្តល់ឯកសារដល់ក្រុមអគ្គរដ្ឋអាជ្ញា នៅក្នុងសំណុំរឿងស៊ើបអង្កេតពាក់ព័ន្ធនឹងការរក្សាទុកឯកសារសម្ងាត់របស់អតីតប្រធានាធិបតីរូបនេះនៅក្នុងភូមិគ្រឹះរបស់លោកក្នុងរដ្ឋ Florida។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ដីការសម្រេចនេះ ជាជោគជ័យមួយរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ដែលបានផ្តោតកិច្ចប្រឹងប្រែងអស់រយៈពេលជាច្រើនខែ ដោយមិនត្រឹមតែលើការលាក់ទុកឯកសារសម្ងាត់នៅឯលំនៅដ្ឋាន Mar-a-Lago របស់លោក Trump ប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ផ្តោតផងដែរទៅលើ ថាតើហេតុអ្វីបានជាលោក Trump នឹងក្រុមតំណាងរបស់លោកបានព្យាយាមបដិសេធនឹងការទាមទារ ដើម្បីឱ្យផ្តល់ឯកសារទាំងនេះទៅរដ្ឋាភិបាលសហរដ្ឋអាមេរិកនោះ។
ការសម្រេចនេះបង្ហាញថា តុលាការឈរខាងរដ្ឋអាជ្ញា ដែលបានបកស្រាយលើកហេតុផលនៅក្នុងកិច្ចប្រជុំអសាធារណៈមួយចំនួនថា លោក Trumpបានប្រើប្រាស់តំណាងផ្លូវច្បាប់របស់លោក ដើម្បីបង្កើនបទឧក្រិដ្ឋមួយ។
ដីកានេះបានឆ្លុះបញ្ចាំងតាមរយៈសេចក្តីជូនដំណឹងខ្លីមួយតាមប្រព័ន្ធអនឡាញ ដោយអង្គចៅក្រមដែលមានសមាជិក៣រូប នៃតុលាការឧទ្ធរណ៍របស់រដ្ឋធានីវ៉ាស៊ីនតោន។ ករណីនេះត្រូវបានបិទជិត ហើយមិនមានគូក្តីណាមួយនៅក្នុងសំណុំរឿងត្រូវ បានបញ្ចេញឈ្មោះនោះឡើយ។
ប៉ុន្តែព័ត៌មានលម្អិតហាក់ដូចជាត្រូវគ្នាជាមួយនឹងការពិភាក្សាដេញដោលជាសម្ងាត់នៅចំពោះមុខចៅក្រមតុលាការជាន់ទាបថាតើមេធាវីលោក Trump លោក M. Evan Corcoran អាចត្រូវបង្ខំឱ្យផ្តល់ឯកសារ ឬផ្តល់សក្ខីកម្មនៅចំពោះមុខមហាគណៈវិនិច្ឆ័យនៅក្នុងការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសរបស់ក្រសួងយុត្តិធម៌ថាតើលោក Trump បានរក្សាទុកព័ត៌មានសម្ងាត់កំពូលដោយខុសច្បាប់ ឬអត់នៅភូមិគ្រឹះ Mar-a-Lago របស់លោក៕