ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា ការសម្រេចរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងការចោទសួរលោក Michael Cohen ដែលជាអតីតមេធាវីផ្ទាល់ខ្លួនរបស់លោក នៅចំពេលដែលលោកកំពុងនៅបរទេស ប្រហែលជាមូលហេតុដែលធ្វើឲ្យការពិភាក្សារបស់លោកជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un។
លោក Trump បានសរសេរនៅលើ Twitter កាលពីយប់ថ្ងៃអាទិត្យម្សិលមិញថា៖ «សម្រាប់ករណីដែលគណបក្សប្រជាធិបតេយ្យចោទសួរជាសាធារណៈលើអ្នកកុហកដែលជាប់ទោស និងអ្នកដែលបោកប្រាស់នេះនៅចំពេលដែលមានកិច្ចប្រជុំអំពីនុយក្លេអ៊ែរដ៏សំខាន់បំផុតមួយជាមួយនឹងប្រទេសកូរ៉េខាងជើង គឺប្រហែលជាការធ្លាក់ចុះថ្មីមួយនៃនយោបាយរបស់សហរដ្ឋអាមេរិក និងប្រហែលជាបានប៉ះពាល់ដល់ការដើរចេញពីកិច្ចប្រជុំនុយក្លេអ៊ែរជាមួយនឹងកូរ៉េខាងជើង»។
លោក Trump ចង់សំដៅដល់ការសម្រេចរបស់លោកនៅក្នុងការដើរចេញពីកិច្ចប្រជុំនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ដោយមិនសម្រេចបាននូវកិច្ចព្រមព្រៀងណាមួយជាមួយនឹងលោក Kim Jong Un ពាក់ព័ន្ធនឹងមហិច្ឆតានុយក្លេអ៊ែររបស់កូរ៉េខាងជើង។
លោក Cohen ដែលធ្លាប់ធ្វើជាមេធាវីផ្ទាល់ខ្លួនរបស់លោក Trump បានមួយទសវត្សរ៍ បានបញ្ជាក់នៅក្នុងការផ្ដល់សក្ខីកម្មរបស់លោកដល់សភាថា លោក Trump ថាជាមនុស្សកុហក មនុស្សទុច្ចរិត និងជាមនុស្សប្រកាន់ពូជសាសន៍។ លោក Cohen ចង់សំដៅថា លោក Trump បានប្រព្រឹត្តបទឧក្រិដ្ឋនៅពេលលោកធ្វើជាប្រធានាធិបតី ដែលករណីនេះបានធ្វើឲ្យគណបក្សប្រជាធិបតេយ្យចាប់ផ្ដើមការស៊ើបអង្កេតបន្ថែមទៀត។
ទោះបីជាលោក Trump មិនបាននិយាយឲ្យបានច្បាស់ថាតើសវនាការផ្ដល់សក្ខីកម្មរបស់លោក Cohen ប៉ះពាល់ដល់កិច្ចប្រជុំនេះយ៉ាងណាក៏ដោយ ក៏លោកបានបញ្ជាក់ដូច្នេះថា៖ «រឿងដូចនេះមិនដែលកើតឡើងនោះទេ នៅពេលដែលប្រធានាធិបតីកំពុងនៅបរទេស។ នេះជារឿងដ៏គួរឲ្យអៀនខ្មាស់»៕