ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​របស់​លោក​ត្រាំ​បាន​លាចេញ​ពី​តំណែង​នៅ​ពេល​​គណ​បក្ស​ប្រជាធិបតេយ្យ​បាន​ចេញ​ការ​ព្រមាន​ថ្មី​មួយ​ស្តី​ពី​ការ​ស៊ើប​អង្កេត​ប្រទេស​រុស្ស៊ី


លោក John Dowd ជា​មេធាវី​នាំ​មុខ​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ​ នៅ​ក្នុងការ​ស៊ើប​អង្កេត​​ការ​ពាក់​ព័ន្ធ​របស់​រុស្ស៊ី​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ប្រធានា​ធិបតី​ឆ្នា​២០១៦។
លោក John Dowd ជា​មេធាវី​នាំ​មុខ​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ​ នៅ​ក្នុងការ​ស៊ើប​អង្កេត​​ការ​ពាក់​ព័ន្ធ​របស់​រុស្ស៊ី​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ប្រធានា​ធិបតី​ឆ្នា​២០១៦។

លោក John Dowd ​មេធាវី​នាំ​មុខ​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ​ នៅ​ក្នុងការ​ស៊ើប​អង្កេត​​ការ​ពាក់​ព័ន្ធ​របស់​រុស្ស៊ី​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ប្រធានា​ធិបតី​ឆ្នា​២០១៦ ​បាន​លាចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​ព្រហស្បត៍​សប្តាហ៍​មុន ​ដែល​ជា​ផ្លាស់​ប្តូរនៅ​ពេល​ថ្មីៗ​បំផុត​ក្នុង​ការ​ស៊ើបអង្កេត​ដែល​បន្ត​ធ្វើ​ឲ្យ​អាប់​អួរ​លើ​សេតវិមាន​របស់​ប្រធានា​ធិបតី​ត្រាំ។ លោក​ត្រាំ​បាន​រិះគន់​ការ​ស៊ើប​អង្កេត​​អំពីការ​ជ្រៀត​ជ្រែក​របស់រុស្ស៊ី​ក្នុងការ​បោះឆ្នោត​​ប្រធានា​ធិបតី​អាមេរិក​នៅលើ​ប្រព័ន្ធ Twitter ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ដែល​បាន​បណ្តាល​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ចំណោម​ពួក​គណបក្ស​ប្រជា​ធិបតេយ្យ​ និង​សាធារណរដ្ឋ​ថា ​លោក​ប្រហែល​រៀប​ចំ​ផែនការ​ដើម្បី​បណ្តេញ​លោក Robert Mueller ​ទីប្រឹក្សាពិសេស។​

នៅ​ឯ​សេតវិមាន មាន​សំណួរ​កាន់​តែ​ច្រើន​ឡើង​សម្រាប់​ប្រធានា​ធិបតី​ត្រាំ​ស្តី​ពី​ការ​ស៊ើប​អង្កេត​អំពីការ​ពាក់​ព័ន្ធ​របស់​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​ប្រធានា​ធិបតីអាមេរិក​ឆ្នាំ២០១៦បន្ទាប់​ពីការ​លាចេញ​ពី​តំណែង​របស់​លោក John Dowd មេធាវី​របស់​ប្រធានា​ធិបតី​ត្រាំ។

​ការចេញ​ពី​តំណែង​របស់​លោក Dowd ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ការបញ្ជូន​សារ​តាម​ប្រព័ន្ធ Twitter ​របស់​ប្រធានា​ធិបតី​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ដែល​បាន​រិះគន់​ការ​ស៊ើបអង្កេត​ប្រទេស​រុស្ស៊ី ​ហើយ​បានរិះគន់​លោក Robert Mueller ​ចំ​ឈ្មោះ​តែ​ម្តង។

​ពួកគណបក្ស​ប្រជាធិបតេយ្យ​ក្នុង​សភា​បាន​សម្តែង​នូវការ​ភ្ញាក់​ផ្អើល ​រួមមាន​តំណាង​រាស្ត្រ​លោក Jerrold Nadler ផង។ តំណាង​រាស្ត្រ Jerrold Nadler ​បាន​ថ្លែង​ថា៖ «លោក​ប្រធានា​ធិបតី ​យើង​កំពុង​មើល​លោក។ ​ពលរដ្ឋ​អាមេរិកាំង​កំពុង​មើល​លោក។​ ប្រសិនបើ ​លោក​បិទ​ការ​ស៊ើបអង្កេត​របស់​លោក Mueller ​ដោយ​ការ​បណ្តេញ​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ Jeff Sessions ឬ​លោក Rod Rosenstein ​អនុរដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ ឬ​ក៏​បណ្តេញ​ទីប្រឹក្សា​ពិសេស​គឺ ​លោក Mueller ​លោក​នឹងធ្វើ​ឲ្យ​ប្រទេស​នេះ​ធ្លាក់​ចូល​ក្នុង​វិបត្តិ​រដ្ឋ​ធម្ម​នុញ្ញ‍»។

ពួក​ខាង​គណបក្ស​សាធារណរដ្ឋ​ខ្លះ​ក៏​និយាយ​ប្រឆាំង​ដែរ ​រួមមាន​សមាជិក​ព្រឹទ្ធ​សភា Jeff Flake ផង។​ លោកបាន​ថ្លែង​ថា៖ «លោក​ប្រធានាធិបតី​ហាក់​ដូចជា​ទទួល​រងការ​វាយ​ប្រហារ​កម្រិត​ថ្មី​មួយ​ពេល​លោក​និយាយអំពី​លោក Mueller ​ដោយ​និយាយ​ចំឈ្មោះ​ហើយ​និង​កំពុង​ពិភាក្សា​អំពី​បញ្ហា​នេះ ​ដូច្នេះ ​វា​មិនមែន​ជា​ព្រឹត្តិការណ៍​ល្អ​ទេ។​ វាមិនល្អទេ‍»។

សម្ព័ន្ធមិត្ត​របស់​លោក​ត្រាំ ​និយាយថា ​លោក​ប្រធានា​ធិបតី​ត្រាំ​មានការ​រកាំ​ចិត្ត​នឹង​ការ​ស៊ើបអង្កេត​ដែល​ទំនង​ជា​គ្មាន​សញ្ញា​នៃ​ទី​បញ្ចប់។ ​ប្រធានា​ធិបតី​ត្រាំ​បាន​ថ្លែងថា៖ «មិនមាន​ការ​ឃុប​ឃិត​រវាង​យុទ្ធនាការ​ឃោស​នា​បោះឆ្នោត​ប្រធានា​ធិបតី​ត្រាំ​នឹង​រុស្ស៊ី​ ឬ​ត្រាំ​និង​ប្រទេស​រុស្ស៊ី​ទេ។​ មិនមានការ​ឃុប​ឃិត​ទាល់​តែ​សោះ‍»។ ពួក​មេដឹកនាំ​ខាង​គណបក្ស​សាធារណរដ្ឋ​និយាយ​ថា ​ពួកគេ​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា ​ការ​បណ្តេញ​លោក Mueller ចេញ​ពី​តំណែង​នឹង​ទំនង​ជា​នឹង​មិន​កើត​មាន​ឡើង​ទេ។ លោកMitch McConnell មេដឹកនាំ​សំឡេង​ភាគច្រើន​ខាង​គណ បក្សសាធា​រណរដ្ឋ​បាន​និយាយ​ថា៖ «លោក Mueller នឹង​ស្វែងរក​ការពិត​គ្រប់​ទីកន្លែង។​ ហើយ​ ខ្ញុំ​គិត​ថា ​លោកនឹង​ទទួលបានទំនុក​ចិត្ត​យ៉ាង​ខ្លាំង​ពី​ប្រជា​ពលរដ្ឋ​អាមេរិកាំង​នៅពេល​ដែល​លោក​បញ្ចប់​ការ​ស៊ើប​អង្កេត​នេះ‍»។

លោកJohn Fortierអ្នក​វិភាគ​បាន​និយាយ​ថា ​សម្រាប់លោក​ត្រាំ ការ​ស៊ើបអង្កេត​ពីការ​ពាក់​ព័ន្ធ​របស់​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​ប្រធានា​ធិបតី​អាមេរិក​គឺជារឿង​ធំ​សម្បើមណាស់។​ លោក Fortier ​បាន​ថ្លែងថា៖ «ប្រសិន​បើ ​យើង​ឃើញ​ការ​ជាប់​ទាក់ទិន​ដោយ​ផ្ទាល់​កាន់​តែ​ច្រើន​ឡើង​រវាង​លោក​ត្រាំ​និង​រុស្ស៊ី​ហើយនិង​យុទ្ធ​នាការ​បោះ​ឆ្នោត​ប្រធានា​ធិបតី ​ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រធានា​ធិបតី។ប៉ុន្តែ ប្រសិន​បើ ​យើង​រកឃើញ​ដូច​អ្វី​ដែល​សភា​តំណាង​រាស្ត្រ​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​រកឃើញ​ថា មាន​បញ្ហា​ខ្លះជាប់​ពាក់​ព័ន្ធ​ដោយ​ប្រយោល ​ក៏ប៉ុន្តែ ​វា​មិនមែន​ជាការ​ឃុបឃិត​ស៊ី​ជម្រៅ​នៃ​យុទ្ធនាការ​នោះ​ទេ ខ្ញុំ​គិតថា ​វានឹង​បង្ហាញ​ឲ្យ​គេឃើញពី​ការ​អះអាង​របស់​លោក​ប្រធានាធិបតី​ថា ​មិន​មាន​ការ​ឃុប​ឃិតជាមួយ​រុស្ស៊ី​ទេ‍គឺ​ជា​ការ​និយាយ​ត្រឹម​ត្រូវ»។

លោក John Hudak និយាយ​ថា ទោះបី​លោក Mueller មិន​ត្រូវ​បានគេ​បណ្តេញ​ចេញ​ពី​តំណែង​ក៏ដោយជម្លោះ​នយោបាយ​នឹង​មិន​អាច​ទស្សន៍ទាយ​បាន។ លោក Hudak ​ថ្លែងថា៖ «ខ្ញុំ​គិត​ថា នឹង​មាន​ពួក​គណបក្ស​សាធារណរដ្ឋ​ជា​ច្រើន​ដែល​ឥឡូវនេះ​បាន​បង្ហាញ​ទស្សនៈ​ហើយ​បាន​សុខ​ចិត្ត​ទទួល​យក​គំនិត​ថា ​ការ​ស៊ើបអង្កេត​របស់ Mueller មាន​ការ​ពុករលួយ​ហើយ​ថា​បញ្ហា​នេះត្រូវ​បញ្ចប់។ ហើយ​ខ្ញុំ​គិតថា ​ពួក​គណបក្ស​សាធា​រណរដ្ឋ​ជា​ច្រើន ​នឹង​មិនត្រឹម​តែអង្គុយ​នៅ​ស្ងៀមទេ ​ប្រសិន​បើ ​ប្រធានាធិបតី​បណ្តេញ​លោក Mueller នោះ ​ក៏ប៉ុន្តែ ​ពួកគេ​នឹងសាទរ​ចំណាត់​ការ​នេះ‍»។

ពួក​គណបក្ស​ប្រជាធិបតេយ្យ​ជជែក​ឲ្យ​ហេតុ​ផល​ថា ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​អន្តរាយ​នីតិ​រដ្ឋ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ និង​អាចបញ្ចប់​ការ​ស៊ើបអង្កេត​ដែល​រហូត​មក​ទល់​ពេល​នេះ​បាននាំ​ឲ្យ​មាន​ការ​សារភាព​ទោស​ចំនួន​៥នាក់​ហើយ​នឹង​កាត់​ទោស​ជន​ជាតិ​ជាតិ​រុស្ស៊ី​១៣​នាក់​ព្រមទាំង​លោក Paul Manafort ​អ្នក​រៀប​ចំ​ចាត់​ចែង​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត​ប្រធានា​ធិបតី​ត្រាំ​ផងដែរ៕

ប្រែសម្រួលដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG