ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សៀវភៅថ្មី​មួយ​លាត​ត្រដាង​ថា​​ លោក Trump បាន​ដឹង​អំពី​គ្រោះថ្នាក់​នៃ​វីរុស​កូរ៉ូណា​ តែ​លោក​បន្ធូរ​បន្ថយ​គ្រោះថ្នាក់​ដោយ​ចេតនា


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងអំឡុងពេលយុទ្ធនាការឃោសនាមួយនៅរដ្ឋ North Carolina កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងអំឡុងពេលយុទ្ធនាការឃោសនាមួយនៅរដ្ឋ North Carolina កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០។

បើ​តាម​សៀវភៅ​ថ្មី​មួយ​និពន្ធ​ដោយ​អ្នកកាសែត​ Bob Woodward ថា​ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump បាន​ដឹង​កាល​ពី​ដើម​ឆ្នាំ២០២០​ថា​ វីរុសកូរ៉ូណា​អាច​មាន​គ្រោះថ្នាក់​ខ្លាំង​ក្នុង​សហរដ្ឋ​អាមេរិក ក៏​ប៉ុន្តែ​លោក​បាន​បំភ័ន្ត​សាធារណជន​អាមេរិកាំងដោយ​ចេតនា​អំពី​ភាពធ្ងន់ធ្ងរ​នៃ​ជំងឺកូវីដ​១៩​ ដើម្បីជៀសវាង​កុំ​ឱ្យ​ប្រជាពលរដ្ឋផ្អើលឆោឡោ។

​នៅ​ពេល​ដែល​វីរុស​កូរ៉ូណារាលដាល​ពីប្រទេស​ចិនទៅ​ទូទាំង​ពិភពលោក​ លោក​ Robert O'Brien ទីប្រឹក្សា​សន្តិសុខ​ជាតិ​បាន​ថ្លែង​ប្រាប់​លោក Trump នៅ​ក្នុងកិច្ច​ប្រជុំ​មួយ​ក្នុងសេតវិមាន​កាល​ពី​ថ្ងៃទី២៨​មករា​ថា «នេះ​ជា​ការគំរាម​កំហែង​ខាងសន្តិសុខ​ជាតិ​ធំ​បំផុត​ដែល​លោក​ប្រឈម​ក្នុង​តំណែង​ប្រធានាធិបតី​របស់លោក» នេះ​បើ​តាម​សៀវភៅ​មាន​ចំណង​ជើង​ថា «Rage» ប្រែថា «កំហឹង‍» នោះ។

លោក Woodward ដែល​ជា​បណ្ណាធិការ​ជំនួយ​នៃ​សារព័ត៌មាន​ Washington Post បាន​ដក​ស្រង់ពាក្យ​សម្តី​លោក O'Brien ដែល​បាន​និយាយ​ថា «នេះជា​បញ្ហា​ពិបាកបំផុត​ដែល​លោក​នឹង​ប្រឈម»។លោក​ Matthew Pottinger ទី​ប្រឹក្សា​រង​សន្តិសុខ​ជាតិ​បាន​យល់​ស្រប​ជា​មួយ​ការវាយ​តម្លៃ​នេះ។

ជា​សាធារណៈ ​លោក Trump បាន​ថ្លែង​បន្ធូរបន្ថយ​ការ​គំរាមកំហែង​នេះ។ ដប់ថ្ងៃ​បន្ទាប់​មក​លោក Trump បានហៅ​ទូរសព្ទ​ទៅលោក Woodward ហើយ​លោក​បាន​ថ្លែង​ថា​ លោក​គិត​ថា​ ស្ថានភាព​ជំងឺ​នេះ​នាំ​ឱ្យ​រន្ធត់​ខ្លាំង​ជាង​ការរំពឹង​ទុក​ឆ្ងាយណាស់។

លោក Trump បាន​ថ្លែង​នៅ​ក្នុង​ការនិយាយ​ទូរសព្ទ​កាលពី​ថ្ងៃទី៧​កុម្ភៈ​ថា​ «លោក​អ្នក​គ្រាន់​តែ​ស្រូប​ខ្យល់​ក្នុង​ដង្ហើម​វា​ឆ្លង​ហើយ។ ហើយ​ជំងឺ​នេះ​ធ្ងន់ធ្ងរ​ណាស់។ ហើយ​វា​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ជាង​ជំងឺ​ផ្តាសាយ​ធំ​ទៅ​ទៀត‍»។

លោក​ប្រធានាធិបតី​បាន​បញ្ជាក់​ឡើង​វិញ​ថា «ជំងឺ​នេះ​ជា​ជំងឺ​ដ៏​ប្រល័យ»។

លោក​ Trump បានថ្លែង​ជា​សាធារណៈប្រាប់​ប្រជាពលរដ្ឋ​អាមេរិកាំង​ថា​ វីរុស​នេះ​នឹង​បាត់ទៅ​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​ ហើយ​ជំងឺ​នេះ​មិន​ធ្ងន់ធ្ងរ​ជាង​ជំងឺ​ផ្តាសាយ​ប្រចាំ​រដូវ​ទេ។ លោក​បាន​ទទូចថា ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិកគ្រប់គ្រង​ជំងឺ​នេះ​បាន​ទាំងស្រុង​ហើយ។

នៅ​ក្នុង​ការហៅ​ទូរសព្ទ​មួយ​ក្នុង​បណ្តា​ការហៅទូរសព្ទ​១៨​លើក ដែល​លោក Woodward បាន​ថត​សំឡេង​ លោក Trump បាន​សារភាព​កាលពី​ថ្ងៃទី១៩មីនា​ថា លោក​បាន​និយាយបន្ធូរបន្ថយ​គ្រោះថ្នាក់​ដោយ​ជំងឺ​នេះ​ដោយ​ចេតនា។

លោកបានថ្លែងថា«ខ្ញុំ​តែង​តែនិយាយ​បន្ធូរបន្ថយ​ដល់​ជំងឺ​នេះ‍»។

​សេតវិមាន​មិន​បាន​ចោទ​សួរ​អំពី​ភាពត្រឹមត្រូវ​នៃ​ការដកស្រង់​ពាក្យ​សម្តី​របស់​លោក Trump ទាំង​នេះ​ទេ តែ​នៅពេល​សៀវភៅ​«Rage»បាន​ចែកចាយ​កាល​ពីថ្ងៃ​ពុធ ទី​៩ ខែ​កញ្ញា អ្នកស្រី Kayleigh McEnany អ្នក​នាំ​ពាក្យ​សេតវិមាន​បាន​ខិតខំបន្ថយ​ការខូចខាត​ខាង​នយោបាយ។

អ្នក​ស្រី​បាន​ថ្លែង​ថា​ លោក​ Trump «ចង់​ឱ្យ​ប្រទេសមានការស្ងប់ស្ងៀម។ នេះជា​អ្វី​ដែល​ពួក​មេដឹកនាំ​ធ្វើ»។

អ្នកស្រី Kayleigh McEnany បាន​ថ្លែង​ថា​ «ប្រធានាធិបតី​រូប​នេះ​បានធ្វើ​ការងារ​ដែល​មិន​ធ្លាប់​មាន​ពី​ពេល​មុន ​ក្នុង​ការដោះស្រាយ​បញ្ហា​ជំងឺ​កូវីដ។ លោកតែងតែ​យល់ឃើញ​ច្បាស់លាស់​អំពី​ជីវិតមនុស្ស​ដែល​យើង​អាចបាត់បង់។ ហើយ​នៅ​លើ​វេទិកា​នេះ លោក​បាន​ទទួលស្គាល់​ថា​ បញ្ហា​នេះ​ធ្ងន់ធ្ងរ​កាល​ពី​ខែមីនា​ ដែល​ថា ​មាន​មនុស្ស​១សែន ឬ ២សែន​នាក់​អាចស្លាប់‍»។

កាល​ពី​ថ្ងៃព្រហស្បតិ៍​ទី១០ កញ្ញា ​លោក Trump បាន​ថ្លែង​តាម​ Twitter ថា «លោក Bob Woodward មាន​ដកស្រង់​ពាក្យ​សម្តី​ខ្ញុំ​ជាច្រើន​ក្នុង​ពេល​ច្រើន​ខែ។ ប្រសិន​បើ​លោកគិតថា ​ពាក្យ​សម្តី​ទាំងនោះ​អាក្រក់ឬ​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​នោះ​ ហេតុ​ដូច​ម្តេច​បានជា​លោក​មិន​រាយការណ៍​ជា​បន្ទាន់​នៅ​ក្នុង​ការខិតខំប្រឺង​ប្រែង​ដើម្បី​ជួយ​ជីវិត​មនុស្ស? ក្រែង​លោក​មាន​កាតព្វកិច្ច​ធ្វើ​ការណ៍​នេះដែរ? អត់ទេ ពីព្រោះលោក​ដឹង​ថា ​ចម្លើយ​ទាំង​នេះ​ល្អ​និង​ត្រឹមត្រូវ។ គឺ​រក្សា​ភាពស្ងប់​ស្ងៀម និង​កុំ​ភ្ញាក់ផ្អើល!‍»

ការ​លាត​ត្រដាង​ក្នុង​សៀវភៅ​នេះកើតឡើង​ក្នុង​អំឡុង​ពេលតិចជាង​៨​អាទិត្យ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃទី​៣​ វិច្ឆិកា ដែល​ជា​ការប្រកួត​ប្រជែង រវាង​លោក Trump និង​គូប្រជែង​របស់​លោក​គឺ​លោក​អតីត​អនុប្រធានាធិបតី Joe Biden​ ខាង​គណបក្ស​ប្រជាធិបតេយ្យ។

នៅក្នុង​ការធ្វើ​ដំណើរ​ទៅ​ឃោសនា​បោះឆ្នោត​មួយ​ក្នុង​រដ្ឋ Michigan ដែល​ជា​រដ្ឋ​មាន​ការ​ប្រកួតប្រជែង​ខាង​នយោបាយ​ខ្លាំង​ក្នុង​តំបន់​កណ្តាល​នៃភាគខាង​លិចប្រទេស​ លោក Biden បាន​រិះគន់​ខ្លាំងដល់​លោក Trump ក្នុង​ការ​ដោះស្រាយបញ្ហា​វីរុសកូរ៉ូណា​ដែល​នៅពេល​នេះ​បាន​បណ្តាល​ឱ្យ​ជនជាតិ​អាមេរិកាំង​ជិត១សែន​៩​ម៉ឺន​នាក់​ស្លាប់​ ហើយ​មាន​អ្នក​ឆ្លង​ជាង​៦លាន៣​សែននាក់។ តួ​លេខ​ទាំង​ពីរ​នេះ​ជា​តួលេខ​ច្រើនបំផុត​អំពី​អ្នក​ស្លាប់ និង​អ្នក​កើត​ជំងឺ​នេះ ក្នុង​ចំណោម​ប្រទេស​ទាង​អស់ក្នុង​ពិភពលោក។

លោក Biden បាន​ថ្លែង​ថា«លោក Trump បាន​ដឹង​អំពី​ភាពធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ ​តែ​លោក​ចង់​និយាយ​កុហក​សាធារណជន​អាមេរិកាំង​អំពី​ការគំរាម​កំហែង​នេះ​ដល់​ប្រទេស​ជាតិ​ជា​ច្រើន​ខែ...លោកបរាជ័យ​ក្នុងការ​បំពេញ​ការងារ​របស់​លោក ដោយ​ចេតនា។ នេះជា​ការ​ហួស​ពី​ការ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទៅ​ទៀត‍»។

ពួក​អ្នក​ជំនាញ​ខាង​សុខភាពឥឡូវ​នេះ​និយាយ​ថា ការ​ស្ទង់​ប្រមាណ​មួយ​បង្ហាញ​ថា​ ជនជាតិ​អាមេរិកាំង​៤សែន១ម៉ឺន​នាក់​អាច​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩​នៅ​ដើម​ឆ្នាំ​២០២១។

លោក Todd Belt ជា​សាស្ត្រចារ្យខាងការ​ចាត់ចែង​នយោបាយនៅ​ឯ​សាកល​វិទ្យាល័យ​ George Washington។ លោក​បាន​និយាយ​ថា​ ការ​លាត​ត្រដាង​ពីសៀវភៅ​នេះអំពីការ​ឆ្លើយតប​របស់​លោក​ Trump ដល់​វិបត្តិ​វីរុស​កូរ៉ូណា​អាច​ផ្តល់ផល​ចំណេញ​ខាង​នយោបាយ​សម្រាប់​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ។

លោក Todd Belt បានថ្លែង​ថា«គណបក្ស​សាធារណរដ្ឋ ច្បាស់​ជា​នឹង​និយាយ​ថា​ លោក Trump បាន​បង្ហាញ​នូវ​ការ​ដឹកនាំ​ប្រទេស។ លោក​មិនចង់ឱ្យ​ប្រជាពលរដ្ឋផ្អើល​ឆោឡោ​ទេ។ ចំណែក​គណបក្ស​ប្រជាធិបតេយ្យ​វិញ​នឹង​និយាយថា​ នេះ​ជា​សេចក្តី​សម្រេច​ចិត្ត​មិន​ល្អ​មួយ​ហើយវា​ធ្វើឱ្យ​បញ្ហា​នេះ ​រឹត​តែ​ធ្ងន់ធ្ងរ​ជាងមុន។ ដូច្នេះ​ ខ្ញុំយល់​ថា ​ប្រជាពលរដ្ឋនឹង​បកស្រាយ​ការណ៍​នេះ​តាម​ការយល់​ឃើញ​ដោយ​ប្រកាន់​គណបក្ស‍»។

លោក​ Woodward ល្បី​ឈ្មោះ​ក្នុង​វិស័យ​សារព័ត៌មានអាមេរិកាំង ដោយ​សារ​លោក​បានចូលរួម​ជា​មួយ​លោក Carl Bernstein អ្នករាយការណ៍​ព័ត៌មាន​នៃ​កាសែត Washington Post ក្នុង​ការឆ្កឹះកកាយរឿងអាស្រូវនយោបាយ​ Watergate ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ​ដែលនាំ​ឱ្យ​លោក​ប្រធានាធិបតី Richard Nixon លាលែង​ចេញ​ពី​តំណែង។

សៀវភៅ​ថ្មី​នេះ​របស់​លោក Woodward កត់ត្រា​ការ​ចាត់​ការ​មិនល្អ​របស់​រដ្ឋបាល​លោក Trump ក្នុងការ​ដោះស្រាយ​បញ្ហា​ការ​រាតត្បាត​ជា​សាកល​នៃជំងឺ​កូវីដ១៩​ ហើយ​ក៏​មាន​និយាយ​អំពី​រឿងចម្រូង​ចម្រាស​ឯ​ទៀតៗ​ដែរ ក្នុង​អំឡុង​ពេល​លោកTrump កាន់​តំណែង​ប្រធានាធិបតី​អាមេរិកាំង​ជិត​បួនឆ្នាំ។

លោក Woodward បានសរសេរ​ថា «លោក Trump ហាក់​ដូចជា​ មិន​ដែល​ចង់​ប្រមូល​កម្លាំង​រដ្ឋាភិបាល​សហព័ន្ធ​ទេ ហើយ​ហាក់​ដូច​ជា​រុញ​ច្រាន​បញ្ហា​ទៅ​ដាក់​បន្ទុក​លើ​រដ្ឋ​ទាំងអស់​វិញ‍» ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៃ​ការរាត​ត្បាត​ជា​សាកល​នៃជំងឺ​នេះ។ លោក Woodward បន្ត​ទៀតថា «គ្មានទ្រឹស្តី​នៃ​ការ​ចាត់ចែង​កិច្ចការ​ពិតប្រាកដ​នៃ​ករណី​នេះ​ឬ​មួយ​ក៏​ចាត់​ចែង​ឱ្យ​ធំដុំ សម្រាប់​ដោះស្រាយ​វិបត្តិ​គ្រាមាន​អាសន្ន​បន្ទាន់​មួយ​ដែល​សហរដ្ឋ​អាមេរិក មិន​ដែល​ជួបប្រទះ​នេះ‍»។

​លោក Woodward បាននិយាយ​ថា​ លោក​វេជ្ជបណ្ឌិត​ Anthony Fauci អ្នក​ជំនាញខាង​ជំងឺ​ឆ្លង​ដែល​ជា​ញឹក​ញយ​ជា​មុខមាត់​សាធារណៈ​របស់រដ្ឋបាល Trump បាន​ឆ្លើយ​នឹង​សំណួរ​អំពី​ជំងឺ​កូវីដ១៩ ហើយ​នៅ​ពេល​មួយ​នោះ​លោកបាន​មាន​ប្រសាសន៍ប្រាប់​អ្នក​ឯទៀត​ថា​លោក Trump «មាន​ការយល់​ឃើញ​ខុស​ពីគេ» ហើយ​មិន​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​ការ​ប្រជុំទេ​ ហើយ​មាន​ភាព​ដឹកនាំ​ដែល«គ្មាន​ទិសដៅ​ច្បាស់​លាស់‍»​ទេ។

បើ​តាម​លោក Woodward ថា​ លោក Fauci បាន​និយាយអំពីលោក Trump ថា​«ការ​ផ្តោត​ការ​យកចិត្ត​ទុក​ដាក់​របស់​លោក Trump មិនមាន​រយៈពេល​យូរទេ។ គោល​ដៅ​តែ​មួយ​គត់​របស់​លោកគឺ​ធ្វើ​ឱ្យ​ជាប់​ឆ្នោត​ជា​ថ្មី​តែប៉ុណ្ណោះ‍»។

លោក Woodward បាន​និយាយ​យោង​ដល់​ការ​ប្រជុំ​មួយ​ក្នុង​ការិយាល័យ​របស់​លោក​ប្រធានាធិបតី ក្នុង​សេតវិមាន​ថា​នៅ​ក្រោយ​លោក Trump បានធ្វើ​សេចក្តីថ្លែង​ការណ៍​ខុស​នៅ​ក្នុង​ការធ្វើ​សន្និសីទកាសែត​មួយ លោក Fauci បាន​មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​លោក​ប្រធានាធិបតី​ថា«យើងមិន​ចង់​ឱ្យ​លោក​ប្រធានាធិបតី​ចេញមុខ​និយាយ​ជា​សាធារណៈ ដែល​អាច​នាំ​ឲ្យ​លោក​ងាយ​រង​គ្រោះ ដោយ​លោក​និយាយ​អ្វី​ដែល​នឹង​ធ្វើឱ្យ​ខូច​ប្រយោជន៍​លោកនៅ​ថ្ងៃក្រោយ។»

លោក Woodward បាន​ពណ៌នា​ថា​លោក Fauci មាន​ការ​ស្រងាកចិត្តជា​ពិសេស​អំពី ​លោក Jarred Kushner កូនប្រសា​លោក Trump និងជា​ទី​ប្រឹក្សា​ម្នាក់​របស់​សេតវិមាន​ដែល​បាន​និយាយ​ដូចជា​អ្នក​សម្តែង​លើក​ទឹកចិត្ត​ពួក​កីឡាករ​ដោយ​និយាយ​ថា​អ្វីៗ​អស្ចារ្យ​ទាំងអស់​អំពី​ការឆ្លើយ​តបរបស់​រដ្ឋបាលដល់់​វិបត្តិ​វីរុស​កូរ៉ូណា។

នៅ​ពេល​ដែល​វីរុសនេះ​រាលដាល​ទូទាំង​ប្រទេស លោក Kushner បាន​ថ្លែង​ថាអំពី​លោក​ Trump ​ថា​«គោល​ដៅ​គឺ​ធ្វើ​ឲ្យ​លោក​ដក​ខ្លួនចេញ​ពី​ការ​គ្រប់គ្រង​ទៅធ្វើ​ការ​ឃោសនា​បោះឆ្នោត​វិញ។»

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG