ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump អះអាង​ថា លោក​បាន​«ធ្វើ​ការ​អស្ចារ្យ​បំផុត»​រឿង​វិបត្តិ​កូវីដ១៩


លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ក្នុងពេលធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោតនៅទីក្រុង Reno រដ្ឋ Nevada សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២០។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ក្នុងពេលធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោតនៅទីក្រុង Reno រដ្ឋ Nevada សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២០។

ក្នុង​ពេល ៧ សប្តាហ៍​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ចូល​មក​ដល់ លោក​ប្រធានាធិបតី Donald Trump បាន​អះអាង​ថា លោក​បាន «ធ្វើការ​អស្ចារ្យ​បំផុត» ​ក្នុង​ការដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ១៩ និង​កាត់​បន្ថយ​ករណី​ស្លាប់​ដោយសារ​ជំងឺ​នេះ​ នៅ​ក្នុង​ប្រទេស​ឲ្យ​នៅ​តិច​បំផុត។

លោក Trump ដែល​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​រដ្ឋ Nevada កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក​នេះ បាន​និយាយ​ថា សហរដ្ឋ​អាមេរិក «ជិត» ដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ១៩ បាន​ហើយ។ ការ​លើកឡើង​ដូច​នេះ ​ត្រូវ​បាន​ជំទាស់​ដោយ​លោក​វេជ្ជបណ្ឌិត Anthony Fauci ដែល​ជា​អ្នក​ជំនាញ​កំពូល​ខាង​ផ្នែក​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក។

នៅ​ឯ​ការ​ឃោសនា​បោះឆ្នោត​មួយ​កន្លែង លោក Trump បាន​ថ្លែង​ថា អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​មាន​ចំនួន «ប្រហែល ១៨០.០០០ នាក់» ដែល​ជា​ចំនួន​តិច​ជាង​តួលេខ​ពិត​ប្រាកដ​ដែល​មាន​ចំនួន​ជិត ១៩៤.០០០ នៅ​ពេល​នោះ។

ទោះបីជា​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ នេះ មាន​ចំនួន​ប្រហែល ៣៥.០០០ ករណី និង​ករណី​ស្លាប់​មាន​ចំនួន​ប្រហែល ១ ពាន់​នាក់ ជា​រៀងរាល់​ថ្ងៃ​ត្រូវ​បាន​គេ​កត់ត្រា​នៅក្នុង​សហរដ្ឋ​អាមេរិក​ក៏ដោយ ក៏​លោក Trump បាន​សរសេរ​នៅ​លើ Twitter កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖

«ជា​ការ​ពិត ចំនួន​មនុស្ស​ស្លាប់ និង​ចំនួន​អ្នក​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​បាន​ធ្លាក់​ចុះ ហើយ​ករណី​ឆ្លង​ក៏​ធ្លាក់​ចុះ​ផង​ដែរ ទោះបីជា​សហរដ្ឋ​អាមេរិក​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ ច្រើន​ជាង​ប្រទេស​ណាៗ​ទាំងអស់​នៅ​ក្នុង​ពិភពលោក​ក៏ដោយ»។

បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden ដែល​ជា​គូ​ប្រជែង​របស់​លោក Trump មិន​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាល​ពី​ថ្ងៃ​សៅរ៍​ទេ ប៉ុន្តែ​លោក​ធ្លាប់​បាន​និយាយ​កន្លង​មក​ថា ការណ៍​ដែល​លោក Trump ធ្វើ​ឲ្យ​សាធារណជន​យល់​ច្រឡំ គឺ​ជា «ការ​ក្បត់​ប្រជាពលដ្ឋ​អាមេរិកាំង​រឿង​ស្លាប់​រស់»។

លោក Biden បាន​បន្ថែម​ថា៖ «លោក Trump ដឹង​ថា ជំងឺ​កូវីដ១៩ នេះ កាច​សាហាវ​ប៉ុណ្ណា ប៉ុន្តែ​លោក​នៅតែ​មើលស្រាល​ជំងឺ​នេះ​ដោយ​ចេតនា»៕

XS
SM
MD
LG