ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លិខិត​រវាង​លោក​ Trump ​និង​លោក ​Kim Jong Un ​បង្ហាញ​មិត្តភាព​និង​ការ​បញ្ជោរ​គ្នា


មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងប្រធានាធិបតីអាមេរិកលោក Donald Trump អំឡុងពេលជំនួបនៅព្រំដែនប្រទេសកូរ៉េទាំងពីរ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។

ក្នុង​សៀវភៅ​ថ្មី​នេះ​ដែល​មាន​ចំណង​ជើង​ថា​ Rage ​ប្រែ​ថា​«កំហឹង​ខ្លាំង»​នេះ​ ​អ្នក​កាសែត Bob Woodward ​បាន​បញ្ចូល​សំបុត្រ​ចំនួន​២៥​ច្បាប់​ឆ្លើយឆ្លង​គ្នា​រវាង​លោក​ប្រធានាធិបតី​អាមេរិក ​Donald Trump (ដូណាល់ ត្រាំ)​ និង​មេ​ដឹកនាំ​កូរ៉េខាង​ជើង​លោក​ Kim Jong Un ​(គឹម ជុងអ៊ុន)។​

សៀវភៅ​នេះ​ពិនិត្យ​មើល​មិន​ធ្លាប់​មាន​ពីពេល​មុនៗ​និង​ជា​ការ​ពិនិត្យ​មើល​ក្រោយ​ឆាក​នៃ​ទំនាក់​ទំនង​ខាង​ការទូត​ដែល​មិន​ត្រូវ​រំពឹង​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក។​

នៅ​ក្នុង​សំបុត្រ​ទាំង​នោះ លោក ​Kim Jong Un​ បាន​សរសើរ​លោក​ Trump ​ដោយ​ហៅ​លោក​ថា​«ឯកឧត្តម»​ច្រើន​ដងហើយ​បាន​សរសើរ​ថា​ជា ​«មិត្តភាព​ដ៏​ជ្រាលជ្រៅ​និង​ពិសេស» ​របស់​អស់​លោក​ផង​ដែរ។​

នៅក្រោយ​ជំនួប​ទីមួយ​របស់​លោក​ទាំង​ពីរ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​កាលពី​ខែ​មិថុនា​ឆ្នាំ​២០១៨ ​គេ​រាយ​ការណ៍​ថា​ លោក ​Kim Jong Un​ បាន​រំឭក​ថា​ លោក​បាន​កាន់​ដៃ​លោក ​Trump។​ លោក ​Kim​ បាន​ហៅ​ជំនួប​លើក​ទី​ពីរ​របស់​អស់​លោក​ថាជា​«ពេល​វេលា​មួយ​នៃ​កិត្តិគុណ​ដែល​នៅ​តែ​ជា​ការ​ចងចាំ​មិន​ភ្លេច»។​

លោក ​Trump ​បាន​សរសើរ​តប​វិញ​ដោយ​ហៅ​លោក​ Kim Jong Un ​ថា​«ឈ្លាសវៃ​ហួស​ពី​ការ​ស្មាន»។​ បើ​តាម​សារព័ត៌មាន ​The Washington Post ​ថា​ ​លោក​ Trump ​បាន​អួត​ប្រាប់​លោក​ Woodward ​ថា​ លោក ​Kim ​បាន​និយាយ​ប្រាប់​លោក​គ្រប់​យ៉ាង​«ដោយ​មាន​រួម​បញ្ចូល​ទាំង​ការ​រៀបរាប់​ថា​ លោក​បាន​សម្លាប់​ឪពុកមា​លោក​បែប​ណា​កាល​ពី​ឆ្នាំ​២០១៣»។​

លោក ​Mark Barry ​ដែល​ជា​អ្នក​សង្កេត​ការណ៍​ជើង​ចាស់​បញ្ហា​ប្រទេស​កូរ៉េ​បាន​និយាយ​ថា​ លិខិត​ទាំង​នេះ​មាន​ការ​យក​ចិត្តទុក​ដាក់​ខ្លាំង​តែ​អាច​នាំ​ឱ្យ​មាន​ផល​មិន​ល្អ​ដល់​កិច្ច​ចរចា​នុយក្លេអ៊ែរ។​ លោក​ Mark Barry​ បាន​និយាយ​ថា៖​

«សេចក្តី​ដក​ស្រង់​បញ្ហា​នេះ​ ​ទោះ​ជា​ត្រូវ​បោះ​ពុម្ពផ្សាយ​ក្នុង​សៀវភៅ​របស់​ លោក​ Woodward ​ឬ​ក៏​ត្រូវ​រាយ​ការណ៍​តាម​បណ្តាញ​ទូរទស្សន៍ ​CNN​ ក៏​ដោយ​ រឿងនេះ​ជា​ទំនាក់ទំនង​ខាង​ការទូត​មាន​បុព្វ​សិទ្ធិ»។​

លោក ​Mark Barry ​(ម៉ាក ប៊េរី) បាន​និយាយ​ថា​ ការណ៍​នេះ​ក៏​អាច​ជា​ការ​បញ្ឆោត​ដែរ​ ពី​ព្រោះ​ពាក្យ​សម្តី​របស់​លោក ​Kim ​ត្រូវ​គោរព​ខ្លាំង​ណាស់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​ដែល​កាន់​អំណាច​ផ្តាច់ការ។​ លោក ​Barry​ បាន​ថ្លែង​ទៀត​ថា៖​

«លោក​អ្នក​មិន​អាច​ប្រើ​ពាក្យ​សម្តី​របស់​មេ​ដឹកនាំ​ធំៗ​ដោយ​មិន​ប្រុង​ប្រយ័ត្ន​បាន​ទេ​...​ពាក្យ​ពេចន៍​ទាំង​នេះ​ត្រូវ​ចាត់​ទុក​ជា​ពាក្យ​ពិសេស​...​ការណ៍​អាក្រក់​បំផុត​ដែល​អាច​កើត​មាន​គឺ​ថា​ នៅ​ក្នុង​កូរ៉េខាង​ជើង​គេ​យល់ថា​ ​លោក​ Kim ​ហាក់​ដូច​ជា​បាន​អង្វរក​លោក ​Trump»។​

ប្រទេស​កូរ៉េខាង​ជើង​មិន​បាន​ឆ្លើយ​តប​នឹង​ការ​លាត​ត្រដាង​អំពី​សំបុត្រ​ទាំង​នេះ​ទេ​ ក៏​ប៉ុន្តែ​វា​មិន​មែន​ជា​ការ​នាំ​ឱ្យ​ភ្ញាក់ផ្អើល​ខ្លាំង​ទេ​ពីព្រោះ​លោក ​Trump​ បាន​បង្ហោះ​បង្ហាញ​សំបុត្រ​មួយ​ក្នុង​បណ្តា​លិខិត​របស់​លោក​ Kim ​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៨។​

លោក ​Trump ​និង​លោក​ Kim ​មិន​ដែល​ត្រូវ​រ៉ូវ​គ្នា​ជា​និច្ច​ទេ។ ​ កាលពី​ឆ្នាំ​២០១៧​ មេ​ដឹកនាំ​ពីរ​នាក់​នេះ​តែង​តែ​ប្រមាថ​មើល​ងាយ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​លោក​ Trump ​បាន​ហៅ​លោក ​Kim ថា​«បុរស​រ៉ុក្កែត​មាឌ​ល្អិត»​ ហើយ​លោក ​Kim ​បាន​រិះគន់​លោក ​Trump ​ថា​ជា​«មនុស្ស​កញ្ចាស់​មាន​បញ្ហា​ជំងឺ​ផ្លូវ​ចិត្ត»។​ នៅ​ពេល​មួយ​នោះ​លោក​ Trump​ បាន​គំរាម​កំហែង​ថា​ នឹង«បំផ្លាញ​ប្រទេស​កូរ៉េខាង​ជើង​ឱ្យ​ម៉ត់»។​

ភាព​តានតឹង​បាន​រសាយ​នៅ​ក្រោយ​លោក​ Trump​ ក្លាយ​ទៅ​ជា​ប្រធានាធិបតី​ស.រ.អា.​កំពុង​កាន់​តំណែង​ទី​មួយ​ដែល​បាន​ជួប​ជាមួយ​មេ​ដឹកនាំ​កូរ៉េខាង​ជើង។ ​ នៅ​ពេល​បន្ទាប់​មក​លោក Trump ​បាន​និយាយ​អះអាង​ថា​ លោក ​និង​លោក​ Kim «ចូល​ចិត្ត​គ្នា»។​

ទំនាក់​ទំនង​គ្នា​នៅ​មាំទាំ​ទោះ​ណា​នៅ​ក្រោយ​កូរ៉េខាង​ជើង​កាល​ពី​ឆ្នាំ​ទៅ​មិញ​បាន​សាកល្បង​បាញ់​កាំជ្រួច​មីស៊ីល​ផ្លោង​មាន​វង់​ប្រតិបត្តិការ​មធ្យម​ ហើយ​បាន​ដើរ​ចេញ​ពី​កិច្ច​ចរចា​នុយក្លេអ៊ែរ​ក៏​ដោយ។​

លោក​ Trump ​បាន​និយាយ​ថា ​ប្រសិន​បើលោក​ឈ្នះ​ឆ្នោត​ជា​ថ្មី​ក្នុង​ខែ​វិច្ឆិកា​លោក​នឹង​ធ្វើ​ឱ្យ​សម្រេច​កិច្ច​ព្រមព្រៀង​មួយ​«យ៉ាង​ឆាប់​រហ័ស​ណាស់»​ជា​មួយ​លោក ​Kim។​ គូប្រជែង​របស់​លោក​Trump​គឺ​លោក​អតីត​អនុ​ប្រធានាធិបតី​ Joe Biden​ (ចូ បៃដិន) ​បាន​មាន​ប្រសាសន៍​ថា​ លោក​នឹង​មិន​បន្ត​របៀប​ធ្វើ​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​របស់​លោក​ Trump ​ទៅ​រក​លោក​ Kim ​ទេ​ដែល​ជា​សញ្ញា​បង្ហាញ​ថា​ នឹង​មាន​ការ​វិល​ត្រឡប់​ទៅ​កាន់​គោល​ជំហរ​តាម​ទម្លាប់​របស់​ស.រ.អា.​ពី​មុន​ច្រើន​ជាង៕​

​ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG