ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សៀវភៅ​ថ្មី​មួយ​ថា កម្លាំង​ចលករ​ទីផ្សារ​នៅ​កូរ៉េខាងជើង​មាន​ឥទ្ធិពល​ខ្លាំង


រូបឯកសារ៖ យុវជន និងនិស្សិតកូរ៉េខាងជើងពាក់ម៉ាស់ចូលរួមក្នុងការតវ៉ាមួយ ដោយថ្កោលទោសលើខិតបណ្ណ​ផ្សព្វផ្សាយដោយជនផ្តាច់ខ្លួននៅកូរ៉េខាងត្បូង ដែលរិះគន់របបដឹកនាំរបស់លោក Kim Jong Un នៅក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ យុវជន និងនិស្សិតកូរ៉េខាងជើងពាក់ម៉ាស់ចូលរួមក្នុងការតវ៉ាមួយ ដោយថ្កោលទោសលើខិតបណ្ណ​ផ្សព្វផ្សាយដោយជនផ្តាច់ខ្លួននៅកូរ៉េខាងត្បូង ដែលរិះគន់របបដឹកនាំរបស់លោក Kim Jong Un នៅក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០។

សៀវភៅ​ថ្មី​មួយ​ក្បាល​បង្ហាញ​ពី​រឿងរ៉ាវ​ផ្ទាល់​ជុំវិញ​សំណាង និង​ឧបសគ្គ​ដែល​បញ្ញវ័ន្ត​អាមេរិកាំង​មួយរូប​បាន​ប្រឈម នៅ​ពេល​លោក​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងជើង ដែល​ជា​ប្រទេស​មាន​ការ​រឹតត្បិត​ជាងគេ​បង្អស់​មួយ​នៅ​លើ​ពិភពលោក។

នៅ​ក្នុង​សៀវភៅ Being In North Korea ដែល​ប្រែ​ជា​ភាសាខ្មែរ​ថា «ការ​ស្ថិត​នៅ​កូរ៉េខាងជើង» អ្នកនិពន្ធ​លោក Andray Abrahamian បាន​បង្ហាញ​ពី​ដំណើរ​រយៈពេល​ជិត​មួយ​ទសវត្សរ៍ ដែល​លោក​បាន​ចំណាយ​ពេល​ធ្វើ​ការ​ឲ្យ​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ ដែលបង្រៀន​ជំនាញ​អាជីវកម្ម និង​គោល​នយោបាយ​សេដ្ឋកិច្ច​ទីផ្សារ ដល់​ពលរដ្ឋ​កូរ៉េខាងជើង​ណា​ដែល​មាន​បំណង​ចង់​ក្លាយ​ជា​សហគ្រិន និង​ដែល​ធ្លាប់​តែ​រស់នៅ​ក្រោម​ប្រព័ន្ធ​គ្រប់គ្រង​តឹងរ៉ឹង​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។

លោក Abrahamian ដែល​ជា​អតីត​នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន Chosun Exchange បាន​ថ្លែង​ប្រាប់ VOA នៅ​ក្នុង​បទសម្ភាសន៍​មួយ​ថា៖ «គំនិត​នៃ​ការ​ប្រើប្រាស់​ទីផ្សារ និង​បុគ្គល​ដែល​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​ទីផ្សារ និង​ចូលរួម​ក្នុង​ទីផ្សារ​តាម​បែបផែន​ដែល​ផ្តល់ប្រយោជន៍​ដល់​ពួកគេ គឺ​ជា​គំនិត​ដ៏​ខ្លាំងក្លា​មួយ​ដែល​បាន​ចាក់ស្រេះ​នៅ​កូរ៉េខាងជើង»។

ប៉ុន្តែ​លោក Abrahamian បាន​បញ្ជាក់​ថា ទោះបីជា​សហការី​ជនជាតិ​កូរ៉េខាងជើង​របស់​លោក​មួយ​ចំនួន​សង្ឃឹម​ថា នឹង​មាន​កំណែទម្រង់​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​ក៏ដោយ ក៏​លោក​នៅតែត្រូវ​ជៀសវាង​ពី​ការ​ប្រើប្រាស់​ពាក្យ​ថា «កំណែទម្រង់» ក្នុង​អំឡុងពេល​សិក្ខាសាលា ឬ​ពេល​ពិភាក្សា​ជាមួយ​នឹង​មន្រ្តី​កូរ៉េខាងជើង។

លោក​បាន​និយាយ​ថា៖ «ពាក្យ​កំណែទម្រង់​បង្ហាញ​ដោយ​ប្រយោល​ថា មាន​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ។ វា​បង្ហាញ​ពី​អ្វី​ដែល​ចិន​បាន​ធ្វើ ហើយ [កូរ៉េខាងជើង] ចង់​បង្ហាញ​ឲ្យ​ច្បាស់​ថា ពួកគេ​មិន​ចម្លង​ពី​ប្រទេស​ចិន​នោះ​ទេ»។

ការ​ជ្រើសរើស​ពាក្យពេចន៍ដោយ​មិន​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​គឺ​គ្រាន់​តែ​ជា​បញ្ហា​ប្រឈម​មួយ ដែល​លោក Abrahamian ជួប​ប្រទះ​តែ​ប៉ុណ្ណោះ។

លោក Abrahamian ស្ថិត​ក្នុង​ចំណោម​ជនបរទេស​មួយ​ចំនួន​តូច ដែល​ធ្វើការ​ឲ្យ​អង្គការ​ក្រៅរដ្ឋាភិបាល​ផ្សេងៗ ដែល​ទទួល​បាន​ការ​ជឿ​ទុកចិត្ត​ពី​រដ្ឋាភិបាល​កូរ៉េខាងជើង។ អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នេះ​ជា​ទូទៅ​មាន​ការ​ទទួល​ខុសត្រូវ​នៅ​ក្នុង​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​នៅ​កូរ៉េខាងជើង ហើយ​ក្នុង​ករណី​ខ្លះ ជួយ​ផ្តល់ប្រឹក្សា​ដល់​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង ស្របពេល​ដែល​រដ្ឋាភិបាល​នេះ​កំពុង​ចាត់​វិធានការ​នានា​ដើម្បី​បើកចំហ​សេដ្ឋកិច្ច​ជា​បណ្ដើរៗ។

បើ​យោង​តាម​លោក Abrahamian ប្រទេស​កូរ៉េខាងជើង​ជា​កន្លែង​ទាក់ទាញ​អ្នក​ដែល​ឈឺឆ្អាល​រឿង​អ្នក​ដទៃ អ្នក​ចូលចិត្ត​ផ្សងព្រេង អ្នក​ធ្វើការ​ផ្នែក​ជំនួយ​មនុស្សធម៌ និង​អ្នក​ផ្សព្វផ្សាយ​សាសនាគ្រិស្ត ដែល​មាន​អារម្មណ៍​ថា «ត្រូវ​បាន​កោះហៅ» ឲ្យ​មក​ជួយ​លើកកម្ពស់​ស្មារតី។

លោក​បាន​និយាយ​ថា៖ «មាន​មនុស្ស​ច្រើន​ណាស់​ដែល​ត្រូវ​បាន​ជំរុញ​ទឹក​ចិត្ត​យ៉ាង​ពិតប្រាកដ​ដោយ​សេចក្តីមេត្តា និង​បំណង​នៅ​ក្នុង​ការ​ជួយ​ប្រជាជន​ដែល​ជា​ទូទៅ​មាន​ជីវភាព​លំបាក។ ខ្ញុំ​គិត​ថា នេះ​ក៏​ជា​កត្តា​ជំរុញ​ចិត្ត​សម្រាប់​ខ្ញុំ​ផង​ដែរ»។

មាន​បុគ្គល និង​អង្គការ​ដូច​ខាង​លើ​នេះ​តិចតួច​តែ​ប៉ុណ្ណោះ ដែល​បាន​ពិភាក្សា និង​សរសេរ​សៀវភៅ​ដោយ​បើក​ចំហ​អំពី​កិច្ចប្រឹងប្រែង​របស់​ពួកគេ ហើយ​អ្នក​ដែល​និយាយ​ជាមួយ​នឹង​សារព័ត៌មាន​តែងតែ​មាន​ការ​ប្រយ័ត្នប្រយែង ដោយ​មិន​និយាយ​ហួស​ពី​ព្រំដែន​ដែល​កំណត់​ដោយ​គណបក្ស​កុម្មុយនីស្ត បើ​មិន​ដូច្នេះ​ទេ ពួកគេ​អាច​ប្រឈម​នឹង​ការ​បាត់បង់​សិទ្ធិ​ចូល​បំពេញ​ភារកិច្ច​នៅ​កូរ៉េខាងជើង។

លោក Abrahamian បាន​ចាកចេញ​ពី​ការ​ធ្វើ​ការ​នៅ​អង្គការ​ក្រៅរដ្ឋាភិបាល​ក្នុង​ឆ្នាំ ២០១៨ ហើយ​ឥឡូវ​នេះ លោក​ជា​អ្នក​ជំនួយការ​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន Pacific Forum ក្នុង​ទីក្រុង Honolulu រដ្ឋ Hawaii សហរដ្ឋ​អាមេរិក និង​ជា​អ្នកស្រាវជ្រាវ​ផ្នែក​កម្មវិធី Koret នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​សាកលវិទ្យាល័យ Stanford នៅ​ពេល​ដែល​លោក​សរសេរ​សៀវភៅ​នេះ។ លោក Abrahamian បាន​ទទួល​សញ្ញាប័ត្រ​ថា្នក់​បណ្ឌិត​ពី​សាកលវិទ្យាល័យ​មួយ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​នៅ​ទីនោះ លោក​ក៏​បាន​រៀន​ភាសា​កូរ៉េ​ផងដែរ។

នៅ​ក្នុង​សៀវភៅ​របស់​លោក លោក Abrahamian ព្យាយាម​បង្ហាញ​អំពី​ទិដ្ឋភាព​ជា​ទូទៅ​នៅ​ប្រទេស​កូរ៉េខាងជើង ហើយ​ស្របពេល​នោះ​ដែរ លោក​មិន​រារែក​នៅ​ក្នុង​ការ​រិះគន់​លើ​របប​ដឹកនាំ និង​គោល​នយោបាយ​របស់​ប្រទេស​នេះ ដែល​លោក​អះអាង​ថា​បាន «កាត់ផ្តាច់​ប្រជាជន​របស់​ខ្លួន​ចេញ​ពី​ពិភពលោក» នោះ​ទេ។

លោក​បាន​លើកឡើង​ថា តាមរយៈ​តួនាទី​របស់​លោក​ពី​មុន លោក​ចង់​ជួយ​កែប្រែ​ការ​យល់ឃើញ​របស់​ពិភពលោក​អំពី​ប្រទេស​កូរ៉េខាងជើង ដែល​កន្លង​មក​តែង​ផ្តោត​ជា​ចម្បង​ទៅ​លើ​គ្រោះ​ទុរភិក្ស​នៅ​ក្នុង​ប្រទេស​នេះ​នៅ​ទសវត្សរ៍ ១៩៩០ កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​រឿងរ៉ាវ​ប្លែកៗ​ផ្សេង​ទៀត​ដូចជា ការ​តម្រូវ​ឲ្យ​បុរស​ទាំងអស់​កាត់​ម៉ូដសក់​ដូច​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un ជា​ដើម។

លោក Abrahamian បាន​បន្ត​ថា លោក​បាន​ប្រាប់​មនុស្ស​ទូទៅ​ថា នៅ​ពេល​និយាយ​ពី​ជីវភាព​ប្រចាំ​ថ្ងៃរបស់​ពលរដ្ឋ​កូរ៉េខាងជើង ប្រទេស​កូរ៉េខាងជើង​មិន​សូវ​ខុស​ពី​ប្រទេស​ដទៃ​ទៀត​ប៉ុន្មាន​ទេ ហើយ​ការ​ព្រួយបារម្ភ​របស់​ពលរដ្ឋ​កូរ៉េខាងជើង​គឺ​ស្រដៀងគ្នា​ទៅ​នឹង​ការ​ព្រួយបារម្ភ​របស់​ពលរដ្ឋ​អាមេរិកាំង ឬ​ពលរដ្ឋ​ដទៃទៀត​នៅ​លើ​ពិភពលោក​ផងដែរ។

លោក​បាន​និយាយ​ថា ដូច​ឪពុកម្តាយ​ដទៃ​ទៀត​ដែរ «ម្តាយ​តែង​ខ្វាយខ្វល់​អំពី​ចំណាត់ថ្នាក់​នៃ​ការ​សិក្សា​របស់​កូន ហើយ​ឪពុក​តែង​ផឹក​គ្រឿង​ស្រវឹង​ច្រើន​បន្ទាប់​ពី​ចេញ​ពី​ធ្វើការ ដោយសារ​តែ​ការងារ​របស់​ពួកគេ​ធ្វើ​ឲ្យ​តប់​ប្រមល់​ខ្លាំង» ហើយ​បុរស និង​ស្រ្តី​វ័យ​កេ្មង​ព្រួយបារម្ភ​អំពី​ការ​ស្វែងរក​ដៃគូ​ត្រឹមត្រូវ​ដើម្បី​រៀបការ។

ប៉ុន្តែ​លោក Abrahamian មិន​បាន​បដិសេធ​ថា ជីវិត​នយោបាយ​នៅ​កូរ៉េខាងជើង «មានភាព​ចម្លែក​ខ្លាំង»នោះ​ទេ។ អ្នក​ធ្វើការ​នៅ​ក្នុង​ប្រទេស​នេះ​តែង​ចូលរួម​ក្នុង​កម្មវិធី​វាយតម្លៃ​រិះគន់​លើ​ខ្លួន​ឯង ហើយ​គ្រួសារ​នីមួយៗ​ត្រូវ​ព្យួរ​រូបថត​មេដឹកនាំ​ប្រទេស​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ ដែល​ទាំង​នេះ​ជា​ឧទាហរណ៍​មួយ​ចំនួន​ដែល​លោក Abrahamian បាន​ពណ៌នា​នៅ​ក្នុង​សៀវភៅ​របស់​លោក។

លោក​បាន​សរសេរ​ថា៖ វា​មាន «ភាព​ធម្មតា ៨០% ភាព​ចម្លែក​ខ្លាំង ២០%»។

លោក Abrahamian និយាយ​ថា ដោយសារ​តែ​ការ​រឹតត្បិត​របស់​រដ្ឋ​កូរ៉េខាងជើង​លើ​សកម្មភាព​នយោបាយ សង្គម និង​សេដ្ឋកិច្ច មាន​ការ​ដាក់​កំហិត​ជា​ច្រើន​មក​លើ​សហគ្រិនភាព​របស់​ពលរដ្ឋ​កូរ៉េខាងជើង។ ប៉ុន្តែ​តាមរយៈ​កម្មវិធី​របស់​លោក និង​លំហាត់​បែប​ដើរតួ លោក និង​កូន​សិស្ស​របស់​លោក​បាន​រក​ឃើញ​មធ្យោបាយ​បែប​ច្នៃ​ប្រឌិត​នានា​ដើម្បី​អាច​គេច​ពី «ការ​ដាក់​កំហិត​នេះ​បាន»។

លោក Abrahamian លើកឡើង​ថា កិច្ចប្រឹងប្រែង​អន្តរជាតិ​ដើម្បី​ឲ្យ​មាន​ការ​ចូលរួម​ពី​សំណាក់​ប្រទេស​កូរ៉េខាងជើង​គឺ​នៅតែ​ចាំបាច់។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ការ​ចូលរួម​មិន​អាច​ដោះស្រាយ​គ្រប់​បញ្ហា​នោះ​ទេ» ប៉ុន្តែ​នៅ​ពេល​ពិចារណា​អំពី​កិច្ចប្រឹងប្រែងដែល​ទទួល​បរាជ័យ​កាល​ពី ១០ ទៅ ២០ ឆ្នាំ​មុន នៅ​ក្នុង​ការ​ជំរុញ​ឲ្យ​របប​ដឹកនាំ​កូរ៉េខាងជើង​ធ្វើ​កំណែទម្រង់ គេ​ឃើញ​ថា «ការ​ចូលរួម​ផ្តល់​ឱកាស​ច្រើនជាង​មុន​សម្រាប់​បុគ្គល​នីមួយៗ​នៅ​ក្នុង​ការ​គ្រប់គ្រង​លើ​ជីវិត​របស់​ពួកគេ​បាន​មួយ​ផ្នែក»៕

ប្រែសម្រួល​ដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG