ការបញ្ចេញសារអ៊ីមែលកាលពីពេលថ្មីៗនេះបង្ហាញថា កូនប្រុសច្បងបង្អស់របស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំកាលពីឆ្នាំទៅបានទទួលការសន្យាពីមេធាវីជាតិរុស្ស៊ីពីព័ត៌មានមិនល្អអំពីលោកស្រី Hillary Clinton គូប្រកួតប្រជែងរបស់លោកត្រាំនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ដើម្បីបានទទួលការគាំទ្រពីរដ្ឋាភិបាលក្រុងមូស្គូដល់បេក្ខភាពរបស់មហាសេដ្ឋីអចលនទ្រព្យរូបនេះ។
លោកដូណាល់ ត្រាំ ជេ អ (Donald Trump Jr.) បានចេញសារអ៊ីមែលជាបន្តបន្ទាប់កាលពីថ្ងៃអង្គារដែលបានផ្លាស់ប្តូរជាមួយលោក Rob Goldstone អ្នកទទួលខុសត្រូវភ្លេងសហរដ្ឋអាមេរិកដែលតំណាងឲ្យលោកស្រី Natalia Veselnitskaya មេធាវីរុស្ស៊ីដែលបានជួបកូនលោកត្រាំកាលពីពាក់កណ្តាលខែមិថុនា ឆ្នាំទៅ ភ្លាមៗបន្ទាប់ពីឪពុករបស់លោកបានទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ។
សារអ៊ីមែលចាត់ទុកជាការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកជាប្រធានបទនៃការស៊ើបអង្កេតជាច្រើននៅក្នុងសភានិងការស៊ើបអង្កេតខាងព្រហ្មទណ្ឌដោយលោក Robert Mueller ទីប្រឹក្សាពិសេសនិងជាអតីតនាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI)។ សហគមន៍ស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក បានសន្និដ្ឋានរួចហើយថា ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានពាក់ព័ន្ធដោយផ្ទាល់ដល់យុទ្ធនាការបោះឆ្នោតនោះដែលមានគោលបំណងធ្វើឲ្យអន្តរាយដល់ការបោះឆ្នោតសហរដ្ឋអាមេរិក ធ្វើឲ្យប៉ះពាល់កិត្យានុភាពរបស់លោកស្រីគ្លីនតុនហើយនិងជួយលោកត្រាំផ្តួលលោកស្រីគ្លីនតុន។
នៅក្នុងសារតាមអ៊ីមែលកាលពីថ្ងៃទី៣ ខែមិថុនា លោក Goldstone បានប្រាប់កូនប្រុសប្រធានាធិបតីត្រាំថា «រដ្ឋអាជ្ញារុស្ស៊ីបានស្នើផ្តល់ឯកសារ និងព័ត៌មានផ្លូវការខ្លះដែលជាព័ត៌មានមិនល្អសម្រាប់លោកស្រីគ្លីនតុនហើយនិងការពាក់ព័ន្ធរបស់លោកស្រីជាមួយប្រទេសរុស្ស៊ីហើយនិងមានសារៈសំខាន់ដល់ឪពុករបស់លោក»។
សារអ៊ីមែលនោះប្រាប់ឲ្យដឹងថា «នេះជាព័ត៌មានដ៏សំខាន់បំផុត ក៏ប៉ុន្តែ ជាផ្នែកមួយរបស់ប្រទេសរុស្ស៊ី ហើយនិងការគាំទ្ររបស់រដ្ឋាភិបាលរុស្ស៊ីដល់លោកត្រាំ»៕