ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិកម្ម​ពី​អ្នក​នយោបាយ​នានា​ក្នុង​ពិភពលោក​ចំពោះ​លោក​ Trump​ ឆ្លង​ជំងឺ​កូវីដ១៩


ព័ត៌មានស្តីអំពីការឆ្លងជំងឺកូវីដ១៩របស់ប្រធានាធិបតីសហរដ្ឋអាមេរិក និងភរិយា ត្រូវបានចុះផ្សាយលើទំព័រមុខនៃកាសែត Evening Standard នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២០។
ព័ត៌មានស្តីអំពីការឆ្លងជំងឺកូវីដ១៩របស់ប្រធានាធិបតីសហរដ្ឋអាមេរិក និងភរិយា ត្រូវបានចុះផ្សាយលើទំព័រមុខនៃកាសែត Evening Standard នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២០។

ក្នុង​ពេល​ប្រមាណ​ជាង​មួយ​ខែ​ទៀត​ មុន​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​នឹង​ឈាន​មក​ដល់​នោះ ​លោក​ប្រធានាធិបតី​ Donald Trump ​បាន​ប្រកាស​តាម​បណ្តាញ​សង្គម Twitter​ កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ថា លោក ​និង​ភរិយា​គឺ​លោកស្រី Melania Trump ​បាន​ឆ្លង​ជំងឺ​កូវីដ១៩​ ហើយ​ថា​លោក​និង​លោកស្រី​ បាន​ចាប់​ផ្តើម​នៅ​ដាច់​ដោយ​ឡែក​ពី​គេ (ធ្វើ​ចត្តាឡីស័ក)។​

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រកាស​របស់​លោក​ប្រធានាធិបតី​នេះ លោក​អនុ​ប្រធានាធិបតី ​Mike Pence ​បាន​សរសេរ​សារ​តាម​បណ្តាញ ​Twitter ​ថា៖​

«លោកស្រី Karen ​ដែល​ជា​ភរិយា​ខ្ញុំ​និង​រូប​ខ្ញុំ​សូម​ផ្ញើ​សេចក្តី​ស្រឡាញ់​ និង​ការ​បន់ស្រន់​សូម​ឲ្យ​មិត្តភក្តិ​ជាទីស្រឡាញ់​របស់​យើង ​គឺ​លោក​ប្រធានាធិបតី​ Donald Trump ​និង​ភរិយា​គឺ​លោកស្រី​Melania Trump ​ឆាប់​បាន​ជា​សះស្បើយ។​ យើង​រួម​ជាមួយ​នឹង​មនុស្ស​រាប់​លាន​នាក់ ​នៅ​ទូទាំង​សហ​រដ្ឋ​អាមេរិក​ សូម​បន់ស្រន់​ឲ្យ​លោក​និង​លោកស្រី ​ឆាប់​ជា​សះស្បើយ។​ សូម​ព្រះ​ប្រទាន​ពរ​ដល់​លោក​ប្រធានាធិបតី​ Trump ​និង​លោកស្រី​ Melania ​ដ៏​អស្ចារ្យ​របស់​យើង»។​

អ្នក​នាំពាក្យ​របស់​លោក​អនុ​ប្រធានាធិបតី​ Mike Pence ​គឺ​លោក​ Devin O’Malley ​បាន​សរសេរ​នៅ​លើ​បណ្តាញ Twitter​ នៅ​ថ្ងៃសុក្រ​ថា ​លោក​អនុ​ប្រធានាធិបតី​ «ត្រូវ​បាន​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩​ជា​រៀង​រាល់ថ្ងៃ»។​

លោក ​Devin O’Malley ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖ ​«កាលពី​ព្រឹកមិញ​នេះ ​លោក​អនុ​ប្រធានាធិបតី​ និង​ភរិយា​បាន​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩​ ហើយ​លទ្ធផល​គឺ​អវិជ្ជមាន។ ​លោក​អនុ​ប្រធានាធិបតី​នៅតែ​មាន​សុខភាព​ល្អ ​ហើយ​សូម​បួងសួង​ឲ្យ​លោក ​Trump ​និង​លោកស្រី ​Melania ​ឆាប់​ជា​សះស្បើយ»។​

រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​លោក ​Mike Pompeo​ បាន​និយាយ​ធានា​ដល់​ក្រុម​អ្នក​សារ​ព័ត៌មាន​ ដែល​បាន​ធ្វើ​ដំណើរ​ជាមួយ​លោក​ កាលពី​ថ្ងៃសុក្រ​ ទៅ​កាន់​ប្រទេស​ក្រូអាស៊ី​ថា​ លោក​មាន​សុខភាព​ល្អ​ជា​ធម្មតា​ ហើយ​លោក​មិន​បាន​ឆ្លង​ជំងឺ​កូវីដ១៩​ទេ​ ដោយ​លោក​បញ្ជាក់​ថា​ លោក​បាន​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩​ ជា​ប្រចាំ។​

លោក Mike Pompeo បាន​និយាយ​ថា៖ «យើង​សូម​បួងសួង​ឲ្យ​លោក Trump និង​លោកស្រី Melania ឆាប់​ជា​សះស្បើយ»។

អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក​ António Guterres ​បាន​ផ្ញើ​ «សារ​បួងសួងឲ្យលោក​ Trump​ និង​លោកស្រី​ Melania​ ឲ្យ​ឆាប់​ជា​សះ​ស្បើយ»។​

ផ្សារ​ភាគហ៊ុន​ពិភពលោក​បាន​ធ្លាក់​ចុះ​ ក្រោយ​ពី​មាន​ព័ត៌មាន​ថា​លោក​ Trump​ បាន​ឆ្លង​ជំងឺ​កូវីដ១៩។​

លោក​ Naoya Oshikubo​ សេដ្ឋវិទូ​ជាន់ខ្ពស់​ម្នាក់​នៃ​ក្រុមហ៊ុន​ Sumitomo Mitsui Trust ​Asset Management ​នៅ​ទីក្រុង​តូក្យូ​ បាន​ប្រាប់​សារ​ព័ត៌មាន ​Reuters ​ថា​ លោក​មាន​ការ​ព្រួយ​បារម្ភ​ថា​ លោក​ Trump​ នឹង​«កាន់តែ​ប្រទូសរ៉ាយ​ខ្លាំង​ឡើង​ប្រឆាំង​នឹង​ប្រទេស​ចិន» ​បន្ទាប់​ពី​លោក​ឆ្លង​វីរុស​កូរ៉ូណា​នេះ»។​

លោក ​Naoya Oshikubo ​បាន​ថ្លែង​បន្ថែម​ថា៖ ​«ខ្ញុំ​បាន​សម្គាល់​ឃើញ​ថា ​នាយក​រដ្ឋមន្រ្តី​អង់គ្លេស​លោក ​Boris Johnson ​បាន​ប្រឆាំង​នឹង​ប្រទេស​ចិន​កាន់តែ​ខ្លាំង​ឡើង​ បន្ទាប់ពី​លោក​បាន​ឆ្លង​ជំងឺ​កូវីដ១៩»។​

វីរុស​កូរ៉ូណា​បាន​ផ្ទុះ​ឡើង​នៅ​ប្រទេស​ចិន​កាលពី​ចុង​ឆ្នាំ​២០១៩។​

សមាជិក​រដ្ឋ​សភា​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​លោក​Joaquin Castro ​នៃ​រដ្ឋ​តិចសាស់​បាន​សម្តែង​ការព្រួយ​បារម្ភ​ដោយ​សរសេរ​លើបណ្តាញ​Twitter​ ថា៖​ «នេះមិន​មែន​ត្រឹមតែ​ជា​បញ្ហា​សុខភាព​ផ្ទាល់​ខ្លួន​របស់​លោក​ប្រធានាធិបតី​ប៉ុណ្ណោះ​ទេ​ វា​ជា​បញ្ហា​សន្តិសុខ​ជាតិ​ផង​ដែរ។​ វីរុស​នេះ​បាន​ឆក់​យក​ជីវិត​ពលរដ្ឋ​អាមេរិកាំង​ជាង ​២ ​សែន​នាក់ ​ក្នុង​រយៈពេល​ ៦ ​ខែ​នេះ»។​

នាយក​រដ្ឋមន្រ្តី​ឥណ្ឌា​លោក ​Narendra Modi ​គឺ​ស្ថិត​ក្នុង​ចំណោម​មេ​ដឹកនាំ​បរទេស​ដំបូង​គេ​ ដែល​បាន​ផ្ញើសារ​បន់ស្រន់​ដល់​លោក​ Trump ​និង​ភរិយា។​ លោក​ Modi​ បាន​សរសេរ​លើ​បណ្តាញ​Twitter​ ថា៖​ «សូម​បន់ស្រន់​មិត្តភក្តិ​របស់​ខ្ញុំ​គឺលោក ​Donald Trump ​និង​លោកស្រី​ Melania​ ឲ្យ​ឆាប់​ជា​សះស្បើយ​ និង​មាន​សុខភាព​ល្អ»។​

លោក Abdullah Abdullah ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាន់ខ្ពស់​សម្រាប់​ការ​ផ្សះផ្សារ​ជាតិ​របស់​ប្រទេស​អាហ្គានីស្ថាន​ បាន​សរសេរ​លើ​បណ្តាញ Twitter ​ថា៖ ​«សូម​បន់ស្រន់​ឲ្យ​លោក​ប្រធានាធិបតី​ Donald Trump​ និង​លោកស្រី​ Melania ​ឲ្យ​ឆាប់​ជា​សះស្បើយ»។​

លោក ​Abdullah Abdullah ​បាន​សរសេរ​ទៀត​ថា៖ ​«ខ្ញុំ​ក៏​សូម​បន់ស្រន់​ឲ្យ​ប្រជា​ពលរដ្ឋ​អាមេរិកាំង​ នឹង​ឈ្នះ​ជំងឺ​រាតត្បាត​កូវីដ១៩​នេះ​បាន»។​

អ្នក​រិះគន់​លោក​ប្រធានាធិបតី​មួយ​ចំនួន ​រួមទាំង​មេ​ដឹកនាំ​សិទ្ធិ​ពលរដ្ឋ​អាមេរិកាំង​ដ៏​លេច​ធ្លោ​មួយ​រូប​ គឺ​លោក ​Jesse Jackson ​ក៏​បាន​សរសេរ​លើ​បណ្តាញ​ Twitter​ ផង​ដែរ។​

លោក ​Jesse Jackson ​បាន​សរសេរ​ថា៖ ​«យើង​សូម​បួងសួង​សូម​កុំ​ឲ្យ​លោក​ប្រធានាធិបតី​និង​លោកស្រី ​មាន​អាការៈ​ធ្ងន់ធ្ងរ។ ​យើង​ទាំងអស់​គ្នា​ត្រូវតែ​បួងសួង​សូម​ឲ្យ​លោក​ប្រធានាធិបតី​និង​ភរិយា​របស់​លោក​ ឆាប់​ជា​សះស្បើយ​ទាំង​ស្រុង។​ ទោះជា​អ្នក​បដិបត្តិ​សាសនា​អ្វី​ក៏​ដោយ​ និង​មាន​និន្នាការ​នយោបាយ​ទៅ​ខាង​គណបក្ស​ណា​ក៏ដោយ យើង​ត្រូវ​តែ​បួងសួង​ នៅ​ពេល​ដែល​មនុស្ស​រាប់​លាន​នាក់​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​នេះ»។​

ប្រតិកម្ម​ពី​មេដឹកនាំ​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក ​រួមមាន​ពី​ប្រទេស​អ៊ីស្រាអ៊ែល​ និងពី​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ជាដើម៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG