ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បានវាយជួងបើកផ្សារភាគហ៊ុនកាលពីថ្ងៃព្រហស្បតិ៍នៅឯផ្សារភាគហ៊ុនក្រុងញូវយ៉កបន្ទាប់ពីត្រូវបានទទួលស្គាល់ជាលើកទី២ដោយទស្សនាវដ្តី Time ជាមនុស្សប្រចាំឆ្នាំរបស់ទស្សនាវដ្តីនេះ។
ការផ្តល់កិត្តិយសសម្រាប់ពាណិជ្ជករដែលក្លាយខ្លួនជាអ្នកនយោបាយរូបនេះគឺដោយសារតែការវិលត្រឡប់ដ៏គួរឱ្យកត់សម្គាល់របស់លោក Trump ពីអតីតប្រធានាធិបតីដែលបានបដិសេធពុំព្រមទទួលយកការចាញ់ឆ្នោតរបស់លោកកាលពី៤ឆ្នាំមុនរហូតដល់ក្លាយជាប្រធានាធិបតីជាប់ឆ្នោតដែលបានឈ្នះឆ្នោតកាន់កាប់សេតវិមាននៅខែវិច្ឆិកា។
មុនលោកវាយជួងបើកផ្សារភាគហ៊ុននៅម៉ោង៩:៣០នាទីព្រឹកជាលើកដំបូងសម្រាប់លោក លោក Trump បាននិយាយនៅឯផ្សារភាគហ៊ុនហើយបានហៅពិធីនេះថាជា«កិត្តិយសដ៏ធំធេងមួយ»។
លោក Trump បានមានប្រសាសន៍ថា«ទស្សនាវដ្តី Time ផ្តល់កិត្តិយសនេះជាលើកទី២។ ខ្ញុំគិតថាខ្ញុំចូលចិត្តលើកនេះជាង»។
លោកបានពិភាក្សាជាមួយមនុស្សខ្លះដែលលោកបានតែងតាំងសម្រាប់រដ្ឋបាលចូលកាន់តំណែងរបស់លោក រួមមានលោក Scott Bessent ដែលលោកបានតែងតាំងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងគោលនយោបាយដែលបានប្រកាស រួមមានការសន្យានៅសប្តាហ៍នេះដែលរដ្ឋាភិបាលសហព័ន្ធនឹងពន្លឿនការចេញការអនុញ្ញាត រួមមានការផ្តល់ការយល់ព្រមលើផ្នែកបរិស្ថានសម្រាប់គម្រោងនិងការសាងសង់ដែលមានតម្លៃជាង១ពាន់លានដុល្លារ។
លោក Sam Jacobs ជានិពន្ធនាយករបស់ទស្សនាវដ្តី Time បានប្រកាសនៅក្នុងកម្មវិធី «Today» របស់បណ្តាញទូរទស្សន៍ NBC ថាលោក Trump ជាមនុស្សប្រចាំឆ្នាំ២០២៤របស់ទស្សនាវដ្តី Time។ លោក Jacob បាននិយាយទៀតថា លោក Trumpជាមនុស្សដែលដែលមានឥទ្ធិពលខ្លាំងបំផុតនៅលើសារព័ត៌មានក្នុងឆ្នាំ២០២៤ នេះ៕