ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃពុធបានថ្លែងថា លោកបានជ្រើសរើសអ្នកស្រី Kari Lake អតីតអ្នកអត្ថាធិប្បាយព័ត៌មាននិងជាអ្នកគាំទ្រគណបក្សសាធារណរដ្ឋប្រកាន់តឹងមួយរូបដែលមិនបានឈ្នះជាសមាជិកព្រឹទ្ធសភាក្នុងរដ្ឋ Arizona កាលពីខែមុននោះ ឱ្យធ្វើជានាយិកាប្រព័ន្ធផ្សព្វផ្សាយសំឡេងសហរដ្ឋអាមេរិក (VOA) ដែលផ្តល់ថវិកាដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។
លោក Trump បានថ្លែងក្នុងសារបង្ហោះលើគេហទំព័រ Truth Social របស់លោកថា អ្នកស្រី Lake នឹង«ធានាថា តម្លៃសេរីភាពរបស់សហរដ្ឋអាមេរិកត្រូវបានផ្សព្វផ្សាយនៅជុំវិញពិភពលោកប្រកបដោយភាពយុត្តិធម៌និងសុក្រឹត្យ មិនដូចពាក្យកុហកនានាដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនោះទេ»។
អ្នកស្រី Lake ដែលជាអ្នកគាំទ្រលោក Trump ខ្លាំងក្លាមួយរូបដែលជួយបន្ទរការអះអាងដែលខុសរបស់លោកអំពីការលួចបន្លំក្នុងការបោះឆ្នោតឆ្នាំ២០២០នោះ ក៏បានចាញ់ក្នុងការប្រកួតតំណែងជាអភិបាលរដ្ឋ Arizona ក្នុងឆ្នាំ២០២២ ហើយធ្លាប់ជាអ្នកអត្ថាធិប្បាយព័ត៌មានលើទូរទស្សន៍ Fox News ប្រចាំនៅទីក្រុង Phoenix។
សំឡេងសហរដ្ឋអាមេរិក ឬ វីអូអេ គឺជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអន្តរជាតិមួយដែលប្រតិបត្តិការជាង៤០ភាសាទាំងលើអនឡាញ វិទ្យុ និងទូរទស្សន៍។
ក្នុងអំឡុងអាណត្តិទីមួយរបស់លោកជាប្រធានាធិបតី លោក Trump បានប៉ះទង្គិចជាមួយ VOA និងបានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយនេះថា ជួយឃោសនាចិន បន្ទាប់ពី VOA បានផ្សាយបង្ហាញការបើកឡើងវិញនៃទីក្រុង Wuhan ទីដែលជំងឺរាតត្បាតកូវីដកើតឡើងមុនគេ៕