ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ដែល​លោក​ត្រាំ​តែងតាំង​សម្រាប់​តំណែង​នាយក​ប្រតិបត្តិ​ USAGM អាច​ប្រឈម​នឹង​ការ​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ប្រាក់កាស


រូបឯកសារ៖ បេក្ខជន​ដែល​លោក​ត្រាំ​តែងតាំង​សម្រាប់​តំណែង​នាយក​ប្រតិបត្តិ​ USAGM លោក Michael Pack នៅ​ក្នុង​សវនាការ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

នៅ​ឆ្នាំ​២០១៧ អង្គការ The Public Media Lab បាន​ទទួល​ប្រាក់​បរិច្ចាគ​ចំនួន​៩​សែន​ដុល្លារ។ ប៉ុន្តែ​អង្គការ​នេះ​បាន​ផ្ដល់​ប្រាក់​តែ​ម្ដង​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​នោះ ដើម្បី​ផ្ដល់​ទៅ​ឲ្យ​ក្រុមហ៊ុន Manifold Productions ក្នុង​ទឹក​ប្រាក់​ចំនួន​៣សែនដុល្លារ។

បេក្ខជន​ដែលរដ្ឋបាល​លោក ដូណាល់ ត្រាំ តែងតាំង​ឲ្យ​ដឹកនាំ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​សកល ហៅ​កាត់​ថា USAGM កំពុង​តែ​ប្រឈម​នឹង​ការ​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ផ្នែក​ហិរញ្ញវត្ថុ​រវាង​អង្គការ​មិន​ស្វែង​រក​ប្រាក់​ចំណេញ​និង​ក្រុមហ៊ុន​ផលិត​ភាពយន្ត​ឯកសារ​ដើម្បី​ប្រាក់​ចំណេញ​របស់​លោក។

លោក Michael Pack ផលិតករ​ខ្សែ​ភាពយន្ត​អភិរក្ស​និយម​គឺ​ជា​ប្រធាន​ក្រុមហ៊ុន Manifold Productions ដែល​លោក​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៧៧។ លោក ​Pack ត្រូវ​បាន​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ តែងតាំង​សម្រាប់​តំណែង​ជា​នាយក​ប្រតិបត្តិ​ទីភ្នាក់ងារ USAGM។ ទីភ្នាក់ងារ​នេះ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ផ្ដល់​ថវិកា​ដោយ​រដ្ឋាភិបាល​អាមេរិក ដែល​រួម​មាន​សំឡេង​សហរដ្ឋអាមេរិក​ផង​ដែរ។

លោក Pack ក៏​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ The Public Media Lab ដែល​ជា​អង្គការ​សប្បុរស​មួយ​មិន​ស្វែង​រក​ប្រាក់​ចំណេញ​និង​មិន​ត្រូវ​បង់​ពន្ធ​នោះ​ទេ។ អង្គការ​នេះ​បាន​ចុះ​បញ្ជី​នៅ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន។ បេសកកម្ម​របស់​អង្គការ​មិន​ស្វែងរក​ប្រាក់​ចំណេញ​នេះដែល​ត្រូវ​បាន​សរសេរ​នៅ​លើ​ឯកសារ​បង់ពន្ធ​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០១៧ គឺ​ដើម្បី​ទទួល​និង​ផ្ដល់​ប្រាក់​សម្រាប់​ផលិត​ លើក​កម្ពស់ និង​គាំទ្រ​ដល់​ខ្សែ​ភាពយន្ត​ឯកសារ​បែប​អប់រំ​ និង​ដល់​អ្នក​ផលិត​ខ្សែ​ភាពយន្ត​ទាំង​នោះ។

អត្ថប្រយោជន៍ផ្ទាល់​ខ្លួន

ឯកសារ​បង់ពន្ធ​របស់​អង្គការ​ The Public Media Lab ពី​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១៧ បង្ហាញ​ថា អង្គការនេះ​ទទួល​បាន​ប្រាក់​បរិច្ចាគ​ចំនួន​២លាន​៤​សែន​ដុល្លារ និង​បាន​ផ្ដល់​ប្រាក់​ចំនួន​១លាន​៦​សែន​ដុល្លារ​ដល់​ក្រុមហ៊ុន Manifold Productions។ ក្រុមហ៊ុន​នេះ​គឺ​ជា​ក្រុមហ៊ុន​ផលិត​ខ្សែ​ភាពយន្ត​តែ​មួយ​គត់​ ដែល​បង្ហាញ​ថា បាន​ទទួល​ថវិកា​ពី​អង្គការ The Public Media Lab។

នៅ​ឆ្នាំ​២០១៧ អង្គការ The Public Media Lab បាន​ទទួល​ប្រាក់​បរិច្ចាគ​ចំនួន​៩​សែន​ដុល្លារ។ ប៉ុន្តែ​អង្គការ​នេះ​បាន​ផ្ដល់​ប្រាក់​តែ​ម្ដង​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​នោះ ដើម្បី​ផ្ដល់​ទៅ​ឲ្យ​ក្រុមហ៊ុន Manifold Productions ក្នុង​ទឹក​ប្រាក់​ចំនួន​៣សែនដុល្លារ។

លោក Pack គឺ​ជា​នាយកប្រតិបត្តិ​នៃ​អង្គការ​មិន​ស្វែង​រក​ប្រាក់​ចំណេញ​ The Public Media Lab និង​ក្រុមហ៊ុន Manifold Productions។ ទំនាក់ទំនង​រវាង​ស្ថាប័ន​ទាំង​ពីរ​នេះ អាច​បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ពី​សំណាក់​ទីភ្នាក់ងារ​ប្រមូល​ពន្ធ IRS។ នេះ​បើ​យោង​តាម​សម្ដី​របស់​ក្រុម​មេធាវី​រៀបចំ​ឯកសារ​បង់​ពន្ធ ដែល​មិន​ស្វែង​រក​ប្រាក់​ចំណេញ ដែល​បាន​បញ្ជាក់​ប្រាប់ VOA។ VOA បាន​ព្យាយាម​ទាក់ទង​មេធាវី​ជាច្រើន ប៉ុន្តែ​មាន​តែ​មេធាវី​ម្នាក់​ប៉ុណ្ណោះ​ដែល​យល់​ព្រម​និយាយ​ជាមួយ VOA ដោយ​បើក​ចំហ។

លោក Marcus Owens មេធាវី​ម្នាក់​ដែល​តំណាង​ឲ្យ​អង្គការ​មិន​ស្វែង​រក​ប្រាក់​ចំណេញ​ជាច្រើន​និង​ជា​ដៃគូ​ជាមួយ​នឹង​ក្រុមហ៊ុន​ច្បាប់​ Loeb & Loeb ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន បាន​ថ្លែង​ថា៖ «ប្រសិន​បើ​លោក​គ្រប់គ្រង​ស្ថាប័ន​ទាំង​ពីរ ដែល​មិន​មាន​ក្រុមហ៊ុន​ផលិត​ខ្សែភាពយន្ត​ផ្សេង​ទៀត​ណា​បាន​ទទួល​កិច្ចសន្យា​អ្វីមួយ​នោះ ស្ទើរ​តែ​មាន​ន័យ​ថា នោះ​គឺ​ជា​កិច្ចការ​ជំនួញ​មិន​ត្រឹមត្រូវ​ហើយ»។

លោក Owens ថ្លែង​ថា ជាទូទៅ ទីភ្នាក់ងារ​ប្រមូល​ពន្ធIRS តម្រូវ​ឲ្យ​មន្ត្រី​នៃ​អង្គការ​សប្បុរសធម៌​ដក​ខ្លួន​ចេញ​ពី​សេចក្ដីសម្រេចចិត្ត​ ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ដើម្បី​ប្រាក់​ចំណេញ​របស់​ពួកគេ និង​ថា ​ដំណើរការ​ដេញ​ថ្លៃ​លក្ខណៈ​ប្រកួតប្រជែង​ដ៏​មាន​តម្លាភាព​មួយ​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ធានា​ថា ថវិកា​របស់​ម្ចាស់​ជំនួយ​ត្រូវ​បាន​ប្រើប្រាស់​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ។

លោក Owens ដែល​ធ្លាប់​ជា​នាយក​នៃ​ទីភ្នាក់ងារ​ប្រមូលពន្ធ IRS ទទួល​ខុសត្រូវ​លើអង្គការ​ដែល​ត្រូវ​លើកលែង​ពន្ធ បាន​មានប្រសាសន៍​ថា៖ «ប្រសិន​បើ​ដំណើរការ​នេះ​មិន​ត្រូវ​បាន​អនុវត្ត​តាម​ទេ​នោះ គេ​ស្ទើរ​តែ​អាច​សន្មត​បាន​ថា កិច្ចការ​ជំនួញ​នេះ​មិន​ត្រឹមត្រូវ​នោះ​ទេ»។

ថវិកា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​ផ្ដល់​ពី​អង្គការ The Public Media Lab ដល់​ក្រុមហ៊ុន Manifold Productions ក៏​បង្ក​ជា​ការ​ព្រួយបារម្ភ​ថា លោក​ប្រហែល​ជា​បាន​ទទួល​ប្រាក់​ចំណេញ​មិន​ត្រឹមត្រូវ​ពី​ការ​បរិច្ចាគ​ប្រាក់​ផង​ដែរ។

ជាទូទៅ​ បទបញ្ញត្តិ​របស់​ទីភ្នាក់ងារ​ប្រមូល​ពន្ធ IRS ហាមឃាត់​មន្ត្រី នាយក និង​បុគ្គលិក​ក្នុង​ស្ថាប័នមួយ​មិន​ឲ្យ​ទទួល​បាន​អត្ថប្រយោជន៍​មិន​សមស្រប​ពី​ប្រាក់​ចំណូល​របស់​អង្គការ​មិន​ស្វែង​រក​ប្រាក់​ចំណេញ​ទេ។

នៅ​ឯ​សវនាការ​តែងតាំង​កាលពី​ពេលថ្មីៗ​នេះ​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​ព្រឹទ្ធសភា​ទទួល​បន្ទុក​កិច្ចការ​បរទេស​ លោក Pack បាន​ពិភាក្សា​អំពី​ទំនាក់ទំនង​របស់​លោក​ជាមួយ​នឹង​ក្រុមហ៊ុន Manifold ក្នុង​ការ​ផលិត​ខ្សែ​ភាពយន្ដ​ឯកសារ​សម្រាប់​ចាក់​ផ្សាយ​ជា​សាធារណៈ។ លោក Pack បាន​ថ្លែង​ថា៖ «​បិតា​ស្ថាបនា​របស់​ប្រទេស​យើង ឧស្សាហកម្ម​កំសាន្ដ ប្រវត្តិ​គណបក្ស​នយោបាយ​របស់​អាមេរិក សភា វិស្វករ និង​អ្នក​វិទ្យាសាស្ត្រ​ និង​អ្នក​ផ្សេង​ជាច្រើន​ទៀត»។

លោក Pack មិន​បាន​លើកឡើង​អំពី​ទំនាក់ទំនង​របស់​លោក​ជាមួយ​នឹង​អង្គការ​មិន​ស្វែង​រក​ប្រាក់​ចំណេញ​របស់​លោក​នោះ​ទេ។

លោក Bob Menendez ​សមាជិក​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ព្រឹទ្ធសភា​ទទួល​បន្ទុក​កិច្ចការ​បរទេស​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ស្នើ​លោក Pack ឲ្យ​ធានា​ថា លោក​នឹង​ឆ្លើយតប​ទៅ​នឹង​សំណួរ​ក្នុង​ពេល​ថ្មីៗ​នេះ​ពី​បុគ្គលិក​របស់​លោក​អំពី​ប្រធានបទ​សម្ងាត់​មួយ​ចំនួន។

លោក Pack បាន​ឆ្លើយ​តប​ថា «លក្ខណៈ​របស់​សំណួរ​ទាំង​នោះ​មិន​អាច​ឲ្យ​លោក​ឆ្លើយតប​ភ្លាមៗ​នោះ​ទេ។ យើង​ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ​ឲ្យ​គ្រប់គ្រាន់ ​ធ្វើការ​ប្រឹក្សា និង​ត្រូវពិនិត្យ​មើល​ឯកសារ​ចាស់ៗ​មួយ​ចំនួន​ផង​ដែរ។ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ប្ដេជ្ញា​ថា ខ្ញុំ​នឹង​ឆ្លើយតប​នឹង​សំណួរ​ទាំង​នោះ​ឲ្យ​បាន​ឆាប់​តាម​តែ​អាច​ធ្វើ​ទៅ​បាន»។ ​

អ្នក​នាំពាក្យ​ម្នាក់​នៃ​គណៈកម្មាធិការ​ព្រឹទ្ធសភា​ទទួល​បន្ទុក​កិច្ចការ​បរទេស​បាន​បញ្ជាក់​ប្រាប់ VOA ក្នុង​ពេល​ថ្មីៗ​នេះ​ថា សំណួរ​មួយ​ចំនួន​ដែល​មន្ត្រី​នៃ​ព្រឹទ្ធសភា​សួរ​ទៅ​កាន់​លោក Pack ផ្ដោត​ទៅ​លើ​ការ​ប្រើប្រាស់​មូលនិធិ​របស់​អង្គការ​មិន​ស្វែង​រក​ប្រាក់​ចំណេញ​របស់​លោក។

លោក Pack ក៏​មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណើ​ឲ្យ​បញ្ជាក់​អំពី​ទំនាក់ទំនង​រវាង​ហិរញ្ញវត្ថុ​នៃ​អង្គការ​មិន​ស្វែងរក​ប្រាក់​ចំណេញ​របស់​លោក​និង​ក្រុមហ៊ុន​ស្វែង​រក​ប្រាក់​ចំណេញ​របស់​លោក​នោះ​ដែរ។

គេ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា​តើ​ចំណាត់ការ​របស់​លោក Pack ទៅ​លើ​ហិរញ្ញវត្ថុ នឹង​ប៉ះពាល់​ដល់​ការ​តែងតាំង​របស់​ព្រឹទ្ធសភា​សម្រាប់​តំណែង​ជា​នាយក​ប្រតិបត្តិ​ទីភ្នាក់ងារ USAGM យ៉ាង​ណា​នោះ។

ប្រាក់​បរិច្ចាគ

លោក Owens ក៏​បាន​ថ្លែង​ដែរ​ថា មូលនិធិ​សាធារណៈ​ដទៃទៀត​ដែល​រាយការណ៍​អំពី​ប្រាក់​បរិច្ចាគ​ទៅ​ឲ្យ​អង្គការ The Media Lab ​ត្រូវ​តែ​ធានា​ថា ថវិកា​របស់​ពួកគេ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោលបំណង​សប្បុរសធម៌។

មូលនិធិ Charles Koch ដែល​ជា​រឿយៗ​ធ្វើការ​ដើម្បី​លើកកម្ពស់​បុព្វហេតុ​អភិរក្ស បាន​បរិច្ចាគ​ប្រាក់​ចំនួន​២សែន​៥​ម៉ឺន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១៧​សម្រាប់​គាំទ្រ​ដល់​ប្រតិបត្តិការ​ទូទៅ​របស់​អង្គការ The Public Media Lab នេះ។

មូលនិធិ Thomas D. Klingenstein ក៏​បាន​បរិច្ចាគ​ប្រាក់​ចំនួន​១សែនដុល្លារ​ផង​ដែរ​ក្នុង​ឆ្នាំ​ដដែល​នោះ ទៅ​ឲ្យ​អង្គការ​មិន​ស្វែងរក​ប្រាក់​ចំណេញ​របស់​លោក Pack ដើម្បី​ផលិត​ខ្សែភាពយន្ត​ឯកសារ​មួយ​ស្ដី​អំពី​ចៅក្រម​អភិរក្ស​និយម​តុលាការ​កំពូល លោក Clarence Thomas ដែល​ក្រុមហ៊ុន Manifold Productions បាន​ផលិតក្នុង​ពេល​ថ្មីៗ​នេះ។

មូលនិធិ Alfred P. Sloan បាន​ផ្ដល់​ប្រាក់​ចំនួន ៧៩៧.៨៣៦ដុល្លារ ដល់​អង្គការ The Public Media Lab កាល​ពី​ឆ្នាំ​២០១០ ដើម្បី​ផលិត​និង​ផ្សាយ​ភាពយន្ត​ឯកសារ​របស់​ បណ្ដាញ​ផ្សព្វផ្សាយ PBS ដែល​មាន​ចំណង​ជើង​ថា « Admiral Rickover and the Nuclear Navy» ហើយ​ភាពយន្ដ​នេះ​ក៏​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន Manifold Productions ផង​ដែរ។

បេសកកម្ម​សារព័ត៌មាន

ក្រៅ​ពី​ចំណាត់ការ​ហិរញ្ញវត្ថុ​របស់​លោក ក៏​មាន​ការ​កង្វល់​ថា លោក Pack ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​មាន​ភាព​លំអៀង​នយោបាយ​អភិរក្ស​និយម​ទៅ​លើ​ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​រដ្ឋាភិបាល ដែល​ច្បាប់​តម្រូវ​មិន​ឲ្យ​លំអៀង​នោះ​ទេ។ ​

ក្នុង​អំឡុង​ពេល​នៃ​សវនាការ​កាល​ពី​ពេល​ថ្មីៗ​នេះ លោក Menendez បាន​ចោទសួរ​អំពី​ទំនាក់ទំនង​រវាង​លោក Pack ជាមួយ​នឹង​លោក Steve Bannon ដែល​ជា​អតីត​ប្រធាន​យុទ្ធសាស្ត្រ​នៅ​សេតវិមាន​របស់​លោក ត្រាំ និង​ជា​អតីត​នាយក​បណ្ដាញ​សារព័ត៌មាន Breitbart News។ បណ្ដាញ​សារព័ត៌មាន Breitbart News គឺ​ជា​បណ្ដាញ​សារព័ត៌មាន​មួយ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ទូលំទូលាយ​ថា​ជា​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ដើម្បី​បុព្វហេតុ​ជាតិនិយម​និង​អភិរក្ស​និយម។ លោក Bannon ​និង​លោក Pack បាន​ធ្វើការ​ជាមួយ​គ្នា​លើ​ភាពយន្ដ​ឯកសារ ដែល​ពិនិត្យ​ទៅ​លើ​សង្គ្រាម​អ៊ីរ៉ាក់​ដែល​មាន​ចំណងជើង​ថា "The Last 600 Meters" និង​ភាពយន្ដ the Rickover។ ​

នៅ​ក្នុង​អត្ថបទ​មួយ​កាលពី​ឆ្នាំ​២០១៧ ដែល​លោក Pack បាន​សរសេរ​ឲ្យ​គេហទំព័រ​ព័ត៌មាន The Federalist លោក​បាន​កោតសរសើរ​លោក Bannon ថា​ជា​«ផលិតករ​ខ្សែ​ភាពយន្ដ​អភិរក្ស​និយម​ដ៏​ជោគជ័យ​មួយ​រូប» ខណៈ​ដែល​លោក​ក៏​លើកឡើង​អំពី​ភាពលំអៀង​ផ្នែក​សេរីភាព​នៅ​ក្នុង​ឧស្សាហកម្ម​ខ្សែភាពយន្ត​ឯកសារ​ផង​ដែរ។
លោក Pack បាន​ធានា​ជាថ្មី​ថា លោក​នឹង​រក្សា​នូវ​ភាពសុចរិត​សារព័ត៌មាន​របស់​បណ្ដាញ​សារព័ត៌មាន​ដែល​ផ្ដល់​ថវិកា​ដោយ​រដ្ឋាភិបាល។ លោក​បាន​ថ្លែង​ថា៖ «ទីភ្នាក់ងារ​ទាំង​មូល​ពឹង​ផ្អែក​ទៅ​លើ​ជំនឿ​ថា អ្នក​សារព័ត៌មាន​មាន​ភាព​ឯករាជ្យ»។

ទីភ្នាក់ងារ USAGM មាន​ថវិកា​ចំនួន​៦២៨​លាន​ដុល្លារ។ ទីភ្នាក់ងារ​នេះ​គ្រប់គ្រង​លើ VOA ដែល​ផ្សាយ​ព័ត៌មាន​ជាង​៤០​ភាសា​នៅ​ទូទាំង​ពិភពលោក ទូរទស្សន៍​និង​វិទ្យុ Marti ដែល​ផ្សាយ​ព័ត៌មាន​ទៅ​កាន់​ប្រទេស គុយបា ទូរទស្សន៍ Alhurraនិង​វិទ្យុ Sawa ដែល​ជា​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ជា​ភាសា​អារ៉ាប់ វិទ្យុ​អឺរ៉ុប​សេរី និង​វិទ្យុ​អាស៊ី​សេរី៕ ​

ប្រែសម្រួល​ដោយអ្នកស្រី ហុង ចិន្ដា

XS
SM
MD
LG