ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

USAGM៖ ការ​បន្ត​ស៊ើបអង្កេត​អតីត​អ្នក​កាសែត​អាស៊ី​សេរី ជា​ការ​វាយប្រហារ​ដ៏​គ្រោះថ្នាក់​មួយ​ទៀត​លើ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា


លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ អតីតអ្នកយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរី ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅមុខសាលាដំបូងរាជធានីភ្នំពេញ​ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩។

ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ សម្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​សកល (U.S. Agency for Global Media) ​បាន​អំពាវនាវ​ឱ្យ​តុលាការ​កម្ពុជា ទម្លាក់​បទ​ចោទប្រកាន់​ទៅលើ​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​ពីរ​រូប​ជា​បន្ទាន់ ដោយ​ទី​ភ្នាក់ងារ​នេះ ចាត់​ទុក​ថា​ការ​បន្ត​នីតិវិធី​ស៊ើបអង្កេត​ទៅ​លើ​ពួកគេ បាន​រំលោភ​បំពាន​លើ​សិទ្ធិ​ពលរដ្ឋ​របស់​អ្នក​ទាំង​ពីរ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​ទី​ភ្នាក់ងារ​ផ្សាយ​ព័ត៌មាន​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​មួយ​នេះ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ ក្រោយ​ពី​តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​ឱ្យ​ស៊ើបអង្កេត​បន្ថែម​ទៀត​លើ​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​នាក់ គឺ​លោក យាង សុធារិន្ទ និង​លោក អ៊ួន​ ឈិន។ អ្នក​ទាំង​ពីរ ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​«‍ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ» តាម​មាត្រា​៤៤៥​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។

ការចោទប្រកាន់​នេះ កើតឡើង​ ដោយអាជ្ញាធរ​កម្ពុជា​អះអាង​ថា​អ្នក​ទាំង​ពីរ​នៅ​បន្ត​ផ្ដល់​ព័ត៌មាន​ឱ្យ​វិទ្យុ​អាស៊ី​សេរី ក្រោយ​ពី​វិទ្យុ​នេះ បាន​បង្ខំ​ចិត្ត​បិទ​ការិយាល័យ​របស់​ខ្លួន​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ ដោយសារ​រងសម្ពាធ​ពី​រដ្ឋាភិបាល។

ក្រោយ​មក​ តុលាការ​ក្រុង​ភ្នំពេញ ​ក៏​បាន​ចោទ​ប្រកាន់​លោក យាង សុធារិន្ទ​ និង​លោក អ៊ួន ឈិន​មួយ​ករណី​បន្ថែម​ទៀត​គឺ​បទ«‍​ផលិត​និង​កាន់កាប់​រូបភាព​អាសអាភាស» តាម​មាត្រា​៣៩​នៃ​ច្បាប់​ស្ដីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល១៦​ឆ្នាំ ប្រសិន​បើ​ពួកគេ ត្រូវ​បាន​សម្រេច​ថា​មាន​ទោស​តាម​បទ​ចោទ​ទាំង​ពីរ​នេះ។ ប៉ុន្តែ​ អតីត​អ្នក​កាសែត​ទាំង​ពីរ​នាក់​ បាន​បដិសេធ​ការ​ចោទប្រកាន់​ទាំង​នេះ។

ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ សម្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​សកល (USAGM) ​ចាត់​ទុក​ការ​ចោទប្រកាន់​ទៅលើ​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​នាក់​នេះ ថា​«ជា​ការ​ប៉ុនប៉ង​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ដើម្បី​បំបិទ​មាត់​ជន​ណា​ដែល​ហ៊ាន​រាយការណ៍​ពី​ការណ៍​ពិត​នៅ​ក្នុង​ប្រទេស​កម្ពុជា‍»។

សេចក្ដី​ថ្លែងការណ៍​របស់​ទី​ភ្នាក់ងារនេះ​លើកឡើង​ថា​ ការ​បន្ត​នីតិវិធី​ស៊ើបអង្កេត​លើ​អ្នក​កាសែត​ទាំង​ពីរ​គឺ​ជា​‍«ភស្តុតាង​បន្ថែម​ទៀត​ដែល​បង្ហាញ​ថា​នៅ​កម្ពុជា វិជ្ជាជីវៈ​សារព័ត៌មាន​ត្រូវ​បាន​ចាត់​ទុកជា​បទឧក្រិដ្ឋ»។

សេចក្ដី​ថ្លែងការណ៍​ដដែល​បន្ត​ថា ការ​បន្ត​ការ​បំភិតបំភ័យ​និង​ការ​គាបសង្កត់​ដែល​មាន​ចេតនា​បង្ក​ឱ្យ​មាន​ភាព​ភ័យ​ខ្លាច​នេះ បាន​ត្រឹមតែ​ធ្វើ​ឱ្យទីភ្នាក់ងារ USAGM រឹត​តែ​គាំទ្រ​អ្នក​កាសែត​និង​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ខ្លួន​រួម​ទាំង​វិទ្យុ​អាស៊ី​សេរី​ផង។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ បណ្ដា​អង្គការ​ការពារ​អ្នក​កាសែត​និង​សិទ្ធិមនុស្ស​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ជាច្រើន ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជាបន្តបន្ទាប់​ដោយ​ថ្កោលទោស​និង​សម្ដែង​ការ​ខកចិត្ត​ចំពោះ​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ក្នុង​ការ​បន្ត​ស៊ើបអង្កេត​បន្ថែម​លើ​អ្នក​កាសែត​ទាំង​ពីរ​នាក់។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ព្រម​ទាំង​អង្គការ​សមាគម​ជិត​៤០​ផ្សេង​ទៀត​រួម​ទាំង​អង្គការ​ Human Rights Watch ផង បាន​ហៅ​ការ​សម្រេច​របស់​តុលាការ​ថា«បាន​ប៉ះពាល់​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌ និង​រំលេច​ឱ្យ​ឃើញ​នូវ​ការ​ធ្លាក់​ចុះ​នៃ​សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា»។

បណ្ដុំ​អង្គការ​សមាគម​ទាំង​នេះ ក៏​បាន​ស្នើ​ឱ្យ​មាន​ការ​ទម្លាក់​ចោទ​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អតីត​អ្នក​កាសែត​អាស៊ី​សេរី​ទាំង​ពីរ​នាក់​ជា​បន្ទាន់។

លោក​ Daniel Bastard ប្រធាន​កិច្ច​ការ​តំបន់​អាស៊ី​ប៉ាស៊ីហ្វ្រិក​នៃ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​លោក​កាល​ពី​ថ្ងៃ​ទី​៣ ខែ​តុលា​ថា ចៅក្រម​ជំនុំជម្រះ​គឺ​លោក អ៊ឹម វណ្ណៈ ខ្លួន​ឯង បាន​ទទួល​ស្គាល់​ថា​តំណាង​អយ្យការ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ដាក់​បន្ទុក​ជន​ជាប់ចោទ ប៉ុន្តែ​ចៅក្រម​នៅ​តែបដិសេធ​ មិន​ព្រម​ច្រាន​ចោល​បទ​ចោទប្រកាន់​ទៅលើ​លោក យាង សុធារិន្ទ​និង​លោក អ៊ួន ឈិន​ដដែល។

លោក​និយាយ​ថា៖​ «‍ការណ៍​នេះ បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ប្រព័ន្ធ​យុត្តិធម៌​មួយ ដែល​ធ្វើ​តាម​ការ​ចង់​បាន​របស់​រដ្ឋាភិបាល ហើយ​ការ​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​យក​ព័ត៌មាន​ទាំង​ពីរ​នាក់​នេះ និង​ការ​បំពុល​ជីវិត​របស់​ពួកគេ​នេះ គឺ​ជា​ការ​ព្យាយាម​បំភិតបំភ័យ​អ្នក​កាសែត​នៅ​កម្ពុជា​ទាំង​អស់»។

អង្គការ​ការពារ​អ្នកកាសែត​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​នេះ ក៏​បាន​ជំរុញ​ឱ្យ​ដៃ​គូ​ដែល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​កម្ពុជា ជា​ពិសេស​សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក ឱ្យ​ពិនិត្យ​ឡើង​វិញ​នូវ​រាល់​កិច្ចព្រមព្រៀង​ទាំង​ឡាយ​ដែល​ខ្លួន​នៅ​មាន​ជាមួយ​នឹង​កម្ពុជា៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG