នៅថ្ងៃព្រហស្បតិ៍នេះ សមាជិករដ្ឋសភាសហរដ្ឋអាមេរិកគ្រោងនឹងស្ដាប់សក្ខីកម្មពីអ្នកស្រី Fiona Hill ដែលជាអតីតអ្នកជំនាញកំពូលផ្នែកកិច្ចការប្រទេសរុស្ស៊ីនៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ កាលពីលើកមុន អ្នកស្រី Hill បានប្រាប់អ្នកស៊ើបអង្កេតថា ការដកអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ុយក្រែនគឺជាលទ្ធផលនៃយុទ្ធនាការមួយដែលចាប់ផ្ដើមធ្វើឡើងដោយមេធាវីផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតី Donald Trump។
អ្នកដែលគ្រោងនឹងផ្ដល់សក្ខីកម្មនៅថ្ងៃព្រហស្បតិ៍នេះផងដែរគឺលោក David Holmes មន្ត្រីការបរទេសអាជីពម្នាក់ ដែលធ្វើជាទីប្រឹក្សានយោបាយនៅស្ថានទូតសហរដ្ឋអាមេរិកក្នុងប្រទេសអ៊ុយក្រែន។ នៅក្នុងសវនាការផ្ដល់សក្ខីកម្មអសាធារណៈរបស់លោកកាលពីលើកមុន លោក David បាននិយាយថា លោកបានឭការហៅទូរស័ព្ទ ដែលលោក Trump បានសួរឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំសហភាពអឺរ៉ុបលោក Gordon Sondland ថាតើប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenzkiy នឹងធ្វើការស៊ើបអង្កេតលើអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែរឬក៏យ៉ាងណានោះ។
កន្លងមក លោក Trump បានបដិសេធការចោទប្រកាន់ដែលថា លោកបានផ្អឹបជំនួយយោធាសម្រាប់ប្រទេសអ៊ុយក្រែនជិត ៤ រយលានដុល្លារ រហូតដល់ពេលណាដែលរដ្ឋាភិបាលអ៊ុយក្រែនយល់ព្រមស៊ើបអង្កេតលើលោក Biden ដែលអាចជាគូប្រជែងដ៏សំខាន់របស់លោកនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ។
កាលពីថ្ងៃពុធម្សិលមិញ លោក Sondland បានផ្ដល់សក្ខីកម្មថា មានការដោះដូរប្រយោជន៍រវាងលោក Trump និងប្រទេសអ៊ុយក្រែន។
លោក Sondland បាននិយាយថា លោក Rudy Giuliani ដែលជាមេធាវីផ្ទាល់ខ្លួនរបស់លោក Trump បានធ្វើតាមបញ្ជារបស់លោក Trump នៅពេលដែលលោក Giuliani បានប្រាប់មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនថា លោក Trump ចង់ឲ្យលោក Zelenskiy ប្ដេជ្ញាជាសាធារណៈនៅក្នុងការស៊ើបអង្កេតលោក Biden កូនប្រុសលោក Biden និងសមាជិកគណបក្សប្រជាធិបតេយ្យ៕