ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ដូណាល់ ​ត្រាំ​ទទូច​ថាពលរដ្ឋ​អាមេរិកាំង​មិន​ចំណាយសម្រាប់​​ការ​សង់​ជញ្ជាំង​ព្រំដែន​ទេ​


មនុស្ស​ដើរ​កាត់​មុខ​ជញ្ជាំង​ដែល​ត្រូវ​​គេ​ធ្វើ​នៅ​ក្នុង​ក្រុង​ Tijuana ប្រទេស​ម៉ិកស៊ិក។
មនុស្ស​ដើរ​កាត់​មុខ​ជញ្ជាំង​ដែល​ត្រូវ​​គេ​ធ្វើ​នៅ​ក្នុង​ក្រុង​ Tijuana ប្រទេស​ម៉ិកស៊ិក។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិកដូណាល់ ត្រាំ ​កំពុង​បង្ហាញ​ពី​ការធ្វើ​តាម​ពាក្យ​សំដី​របស់​លោកដែល​បាន​សន្យា​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថា ​លោក​នឹងចាប់​ផ្តើមអនុវត្ត​ក្រោយ​ពេល​លោក​ចូល​កាន់​ដំណែង​ភ្លាមៗ។​

ក្នុង​អំឡុង​ពេល​នៃ​សប្តាហ៍​ទី​១​នៅ​ក្នុង​សេតវិមាន ​លោក​បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជារ​ប្រធានា​ធិបតី​ជា​ច្រើន រួម​មាន​បទ​បញ្ជា​ប្រធានា​ធិបតី​មួយ​ស្តី​ពី​ការ​សាង​សង់​របង​នៅ​តាម​ព្រំ​ដែន​សហរដ្ឋ​អាមេរិក​ជាមួយ​ប្រទេស​ម៉ិកស៊ិក។​ ប្រជា​ពលរដ្ឋ​ម៉ិកស៊ិក​និង​ប្រជាពល​រដ្ឋ​អាមេរិកាំង​ជា​ច្រើន​បាន​ថ្កោល​ទោស​ការ​សាង​សង់​ដែល​ចំណាយ​ប្រាក់​ច្រើន​នេះ។ ក៏​ប៉ុន្តែ ​ខណៈ​ដែល​មនុស្ស​ខ្លះ​ចាត់​ទុកថា​ការ​សាង​សង់​នេះ​ជា​ការ​គួ​ឲ្យ​ខ្មាស​អៀន​មួយ ​អ្នក​ខ្លះ​ទៀត​និយាយថា ​ការ​សាង​សង់​របង​នេះ​នឹង​ដើរ​តួនាទី​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក។

ពួក​បាតុករ​បាន​រង់​ចាំលោក​ប្រធានា​ធិបតី​ត្រាំ​នៅពេល​ដែល​លោក​បាន​ទៅ​ដល់ក្រុង​ Philadelphia​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​នៅ​ទី​នោះ​លោក​ប្រធានា​ធិបតី​បាន​ធ្វើ​សុន្ទរក​ថា​ទៅ​កាន់​ពួក​សមាជិក​សភាខាង​គណបក្ស​សាធារណរដ្ឋដែល​ប្រជុំ​នៅ​កន្លែង​សម្រាក​លំហែកាយ។​ លោក​ប្រធានា​ធិបតី​ត្រាំ​ ថ្លែង​ថា៖ «ខ្ញុំ​បាននិយាយ​ជា​ច្រើន​ដង​មក​ហើយ​ថា ​ពលរដ្ឋ​អាមេរិក​នឹង​មិន​បង់​ថ្លៃ​សាង​សង់​របង​នេះ​ទេ​ ​ហើយ​ខ្ញុំ​បាន​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់អំពី​រឿង​នេះដល់​រដ្ឋាភិបាលម៉ិកស៊ិក»។

កំណត់​សម្គាល់​របស់​លោក​ត្រាំ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​លោក​ Enrique Nieto ​ប្រធានា​ធិបតី​នៃ​ប្រទេស​ម៉ិកស៊ិក​បាន​ច្រាន​ចោលការ​ស្នើ​ថា ​ម៉ិកស៊ិក ​នឹង​បង់​ប្រាក់​សម្រាប់​របង​នេះ‍។

លោក ​Sean Spicer ​អ្នកនាំ​ពាក្យរបស់​ប្រធានា​ធិបតី​ត្រាំ និយាយ​ថា ​ការ​សាង​សង់​របង​នេះ ​អាច​ត្រូវ​ផ្តល់​ថវិការ​ដោយ​ការយក​ពន្ធ​លើ​ទំនិញ​នាំចូល​ពីបរទេស។

លោក​ថា៖ «ប្រសិនបើ​អ្នក​គិត​អំពី​អ្វី​ដែល​ជា​ពន្ធ​ដា​ ពន្ធដារ​នាំ​ចូល​ទំនិញឆ្លង​ព្រំ​ដែន​ដូចជា​ប្រទេស​ម៉ិកស៊ិក​ដែល​យើង​មាន​ឱនភាព​ពាណិជ្ជកម្ម​យ៉ាង​ខ្លាំង​នោះ ​ពន្ធ​នេះ​ប្រាកដនឹង​ផ្តល់​ថវិការ​សម្រាប់​ការ​សាង​សង់​របង​នេះ‍»។

​ជំនួប​រវាងលោកប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​និងប្រធានា​ធិបតី​ម៉ិកស៊ិក​ដែលបាន​គ្រោង​ធ្វើ​ឡើង​នៅ​សប្តាហ៍​ក្រោយ​បានត្រូវ​លប់​ចោល​ដោយ​សារ​បញ្ហា​នេះ។ ក៏ប៉ុន្តែ ​ពួក​សមាជិក​សភា​នាំ​មុខ​របស់​គណបក្ស​សាធារណរដ្ឋ​បាន​និយាយ​ថា ​ពួកគេ​នឹង​គាំទ្រ​ការ​សាង​សង់​របង​នៅ​តាម​បណ្តោយ​ព្រំ​ដែន​នេះ។

លោក ​Mitch McConnell​ មេដឹកនាំ​សំឡេង​ភាគ​ច្រើន​របស់​ព្រឹទ្ធ​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​និយាយថា៖ «យើង​កំពុង​ធ្វើការងារបន្ត។នៅ​ពេល​ដែល​លោក​ប្រធាន​សភា​តំណាង​រាស្រ្ត​បាន​ចង្អុល​បង្ហាញ​ដល់​ក្រុមរបស់​យើង​ពី​អ្វី​ដែល​មាន​ទឹក​ប្រាក់​ពី​១២​ទៅ​២០​ពាន់​លាន​ដុល្លារ។​ ដូច្នេះ ​យើង​មាន​គោល​បំណង​ដោះ​ស្រាយ​បញ្ហា​របង​នេះ​ដោយ​ខ្លួន​ឯង​ហើយ​លោក​ប្រធានា​ធិបតី ​អាច​ដោះ​ស្រាយ​ទំនាក់​ទំនង​របស់​លោក​ជាមួយ​ប្រទេស​ដ៏ទៃ​ទៀត​ដោយ​ផ្អែក​លើ​បញ្ហា​នេះ​ហើយ​នឹង​បញ្ហា​ផ្សេង​ទៀត‍»។

ពួក​ខាង​គណបក្ស​ប្រ​ជាធិបតេយ្យ​ជា​ទូទៅ​បាន​ថ្កោល​ទោស​ចំណាត់​ការ​នេះ។ លោក Robert O’Rourk​ តំណាង​រាស្ត្រ​ខាង​គណបក្ស​ប្រ​ជាធិបតេយ្យ​មក​ពី​រដ្ឋ​តិចសាស បាន ​និយាយ​ថា៖ «ការណ៍​នេះនឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​មនុស្ស​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ក្រឡេក​មើល​ទៅជញ្ជាំង​ទីក្រុង​ប៊ែឡាំង​ ឬ ​ស​ហរដ្ឋ​អាមេរិក​ក្រឡេក​មើល​ទៅ​លើគម្រោង​របស់​ខ្លួន​ដែល​ឃុំ​ឃាំង​ជន​ជាតិ​អាមេរិកាំងដើម​កំណើត​ជប៉ុន​ក្នុង​សង្គ្រាម​លោក​លើក​ទី​២‍»។

ពួក​អ្នក​ស្រុក​ដែល​កំពុង​រស់​នៅ​ជិត​ព្រំ​ដែន​ មាន​ការ​ខ្វែង​គំនិត​អំពី​បញ្ហា​នេះ។ អ្នក​ស្រុក​ម្នាក​និយាយ​ថា៖ «ការ​សាងសង់​របង​នេះ ​មិន​គួរ​កើត​មាន​ឡើង​ទេ។ ខ្ញុំ​ហួស​ចិត្ត​អំពី​រឿង​នេះ‍»។

ប៉ុន្តែ​ម្ចាស់​កសិដ្ឋាន​មួយ​នៅ​រដ្ឋ​តិចសាសនិយាយ​ថា ​លោក​និង​អ្នក​ជិត​ខាង​របស់​លោកត្រូវ​ដោះ​ស្រាយ​ឧក្រិដ្ឋកម្ម​ដែល​បានប្រ​ព្រឹត្ត​ដោយ​ពួក​ជន​អន្តោ​ប្រវេសន៍។ លោក Michael Vickers ​ម្ចាស់​ចំការ​នៅរដ្ឋតិចសាស​និយាយ​ថា៖ «មាន​អារម្មណ៍​សប្បាយ​រីករាយ​ដែល​យើង​ទាំង​អស់​គ្នា​មិន​ដែល​មាន​កាល​ពី​ពេល​មុន‍»។

អ្នក​វិភាគ​ខ្លះ​និយា​យ​ថា ​លោក​ប្រធានា​ធិបតី​ត្រាំ ​កំពុងធ្វើ​ទៅ​តាម​អ្វី​ដែល​ពលរដ្ឋ​អាមេ រិកាំង​ជា​ច្រើន​ចង់​បាន។ លោក​ Andreas Akaras​ នៃ​អង្គការ​វេទិកា​សេរីភាព​និយាយ​ថា៖ «​ពេល​ខ្លះ ​ពលរដ្ឋ​អាមេរិកាំង​ត្រូវ​បាន​សម្លាប់​ដោយមនុស្ស​ខុស​ច្បាប់​ដែល​បាន​នៅ​ទី​នេះ។​ ការណ៍​នេះបាន​កើត​មាន​ឡើង​នៅ​ក្នុង​ទីក្រុង ​San Francisco។ មាន​ស្រ្តី​ម្នាក់​ឈ្មោះ ​Kate ​ដែល​បាន​ត្រូវ​សម្លាប់​ដោយ​ជន​ជាតិ​ម៉ិកស៊ិក​ម្នាក់​ដែល​បាន​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​ប្រទេស​វិញ​ជា​ច្រើន​ដង។ អ្នកស្រី​បាន​ត្រូវ​ជន​ជាតិ​ម៉ិកស៊ិក​នោះ​បាញ់​សម្លាប់‍»។

ពួក​អ្នក​រិះ​គន់​និយាយ​ថា ​ឧទាហរណ៍​បែប​នេះ​ជា​ការ​កម្រ​ហើយ​ថា នៅ​ក្នុង​ករណី​ខ្លះ របង​នោះ​នឹង​មិន​បញ្ឈប់​ពួក​ឧក្រិដ្ឋ​ជន​ទេ៕

ប្រែ​សម្រួល​ដោយ ​ជឹង ប៉ូជីន

XS
SM
MD
LG