ដោយសារតែព្រឹទ្ធសភាសហរដ្ឋអាមេរិកទំនងជានឹងកោះហៅអតីតទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក John Bolton ឲ្យមកផ្ដល់សក្ខីកម្មនៅក្នុងការជំនុំជម្រះករណីចោទប្រកាន់ដើម្បីទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង ក្រុមមេធាវីការពារលោក Trump ស្ទើរតែប្រាកដជាប្រើអភ័យឯកសិទ្ធិរបស់អង្គនីតិប្រតិបត្តិដើម្បីរារាំងមិនឲ្យមានការផ្ដល់សក្ខីកម្មនេះ។
លោក Bolton គឺជាឧបសគ្គធ្ងន់ធ្ងរចំពោះក្រុមមេធាវីការពារលោក Trump ដោយសារតែមានសេចក្ដីរាយការណ៍មួយចំនួនអំពីសៀវភៅដែលនឹងជិតបោះពុម្ពផ្សាយរបស់លោក Bolton ដែលអះអាងអំពីការចោទប្រកាន់សំខាន់មួយនៅក្នុងសំណុំរឿងចោទប្រកាន់ដើម្បីទម្លាក់លោក Trump ពីតំណែងនេះ។ ការចោទប្រកាន់នោះគឺថា លោក Trump បានព្យាយាមបង្ខំឲ្យប្រទេសអ៊ុយក្រែនស៊ើបអង្កេតលើអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងកូនប្រុសរបស់លោក Biden គឺលោក Hunter Biden។
ប៉ុន្តែប្រសិនបើក្រុមមេធាវីការពារលោក Trump ពិតជាតាំងចិត្តនៅក្នុងការរារាំងមិនឲ្យលោក Bolton ផ្ដល់សក្ខីកម្មមែន នោះការប្រើអភ័យឯកសិទ្ធិរបស់អង្គនីតិប្រតិបត្តិទំនងជាមិនអាចទៅរួចនោះទេ។ ទោះបីជាតុលាការបានទទួលស្គាល់ជាយូរមកហើយនូវសិទ្ធិរបស់ប្រធានាធិបតីនៅក្នុងការទាក់ទងជាសម្ងាត់ជាមួយនឹងទីប្រឹក្សារបស់ខ្លួនក៏ដោយ ក៏សិទ្ធិបែបនេះមិនមែនជាសិទ្ធិផ្ដាច់មុខនោះទេ។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញនានា។ ក្រុមអ្នកជំនាញផ្នែកច្បាប់បានអះអាងថា តុលាការទំនងជាគាំទ្រខាងសភានៅក្នុងការកោះហៅសាក្សីឲ្យផ្ដល់សក្ខីកម្ម ជាជាងគាំទ្រការប្រើអភ័យឯកសិទ្ធិរបស់អង្គនីតិប្រតិបត្តិ។
លោក Bolton គឺជាសាក្សីម្នាក់ក្នុងចំណោមសាក្សី ៤ នាក់ ដែលគណបក្សប្រជាធិបតេយ្យត្រូវការយ៉ាងខ្លាំងនៅក្នុងការផ្ដល់សក្ខីកម្មនៅក្នុងការជំនុំជម្រះលោក Trump នេះ។ លោក Bolton ធ្លាប់ធ្វើជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក Trump ពីខែមេសា ឆ្នាំ ២០១៨ ដល់ខែកញ្ញា ឆ្នាំ ២០១៩៕