ការជំនុំជម្រះដោយព្រឹទ្ធសភា (ដើម្បីសម្រេចថាតើគួរដកតំណែងលោកប្រធានាធិបតី Donald Trump ឬក៏អត់នោះ) នឹងចាប់ផ្ដើមដំណើរផ្លូវការ និងពេញលេញនៅថ្ងៃអង្គារនេះ។ នេះគឺជាលើកទី ៣ ហើយក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដែលប្រធានាធិបតីប្រឈមនឹងការដកចេញពីតំណែង ដោយសារតែរងការចោទប្រកាន់ថាបានរំលោភលើពាក្យសម្បថចូលកាន់តំណែង។
ចំណុចដំបូងមួយដែលព្រឹទ្ធសភាដឹកនាំដោយគណបក្សសាធារណរដ្ឋធ្វើនៅថ្ងៃអង្គារនេះ គឺការបោះឆ្នោតលើការកំណត់ពេលវេលាសម្រាប់ការជំនុំជម្រះនេះដែលបានស្នើឡើងដោយមេដឹកនាំគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភាលោក Mitch McConnell។
សំណើរបស់លោក McConnell នេះ ទុកពេលឲ្យរដ្ឋអាជ្ញានៃរឿងក្ដីនេះដែលមកពីគណបក្សប្រជាធិបតេយ្យ និងក្រុមមេធាវីរបស់លោក Trump ម្ខាងៗចំនួន ២៤ ម៉ោង ក្នុងរយៈពេលពីរថ្ងៃ ដើម្បីដាក់បណ្ដឹងរបស់ពួកគេ។ សំណើរបស់លោក McConnell នេះ មិនបានបញ្ជាក់អំពីថាតើសាក្សីគួរតែត្រូវគេកោះហៅ ឬក៏ភស្តុតាងគួរតែត្រូវបានអនុញ្ញាតឲ្យបង្ហាញនោះទេ។
កន្លងមក លោក McConnell និងសមាជិកគណបក្សសាធារណរដ្ឋដទៃទៀតបានបញ្ជាក់ជាសាធារណៈថា ពួកគេចង់ឲ្យដំណើរការជំនុំជម្រះនេះបញ្ចប់ឲ្យបានឆាប់ដោយលទ្ធផលមិនឲ្យលោក Trump ជាប់ទោសណាមួយនោះទេ។
មេដឹកនាំគណបក្សប្រជាធិបតេយ្យនៃព្រឹទ្ធសភាលោក Chuck Schumer បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទម្សិលមិញថា ការជំនុំជម្រះណាដែលគ្មានភស្តុតាងថ្មី សាក្សី ឬក៏ឯកសារភស្តុតាងណាមួយ «គឺមិនមែនជាការជំនុំជម្រះនោះទេ»។
លោក Schumer បញ្ជាក់ដូច្នេះថា៖ «បន្ទាប់ពីបានអានសំណើរបស់លោក McConnell មក វាបញ្ជាក់យ៉ាងច្បាស់ថា លោក McConnell បានប្ដេជ្ញាយ៉ាងខ្លាំងថាធ្វើឲ្យវាកាន់តែលំបាកជាងមុននៅក្នុងការកោះហៅសាក្សី និងភស្តុតាង និងមានបំណងចង់ឲ្យដំណើរការជំនុំជម្រះនេះបញ្ចប់ឲ្យបានឆាប់។ ទាក់ទិននឹងរឿងសំខាន់ខ្លាំងដូចការកាត់ទោសទម្លាក់ប្រធានាធិបតីពីតំណែងនេះ សំណើរបស់លោក McConnell ដូចនេះគឺជាភាពអាម៉ាសរបស់ជាតិ»៕