រដ្ឋសភាសហរដ្ឋអាមេរិកត្រូវគេរំពឹងថានឹងបោះឆ្នោតគាំទ្រការចោទប្រកាន់ដើម្បីទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែងនៅល្ងាចថ្ងៃពុធនេះ ដោយធ្វើឲ្យលោកក្លាយជាប្រធានាធិបតីទី ៣ នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកដែលនឹងប្រឈមនឹងសវនាការចោទប្រកាន់ និងការណ៍ដែលអាចឈានដល់ការដកចេញពីតំណែង។
បើយោងលើក្បួនច្បាប់ដែលរដ្ឋសភាសម្រេចបានកាលពីថ្ងៃអង្គារម្សិលមិញ រដ្ឋសភានឹងចំណាយពេល ៦ ម៉ោង ដើម្បីជជែកដេញដោលអំពីបទចោទប្រកាន់ពីរករណីប្រឆាំងនឹងលោក Trump។
បទចោទទីមួយបានចោទលោក Trump ថាបានរំលោភអំណាចជាប្រជាធិបតី ដោយសារលោកបានស្នើប្រទេសអ៊ុយក្រែនឲ្យជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំក្រោយ។
បទចោទទីពីរបានចោទលោក Trump ថាបានរារាំងដំណើរការស៊ើបអង្កេតរបស់សភា ដោយសារតែមានការជំទាស់ទៅនឹងដីការបស់សភាដែលចង់ឲ្យមានការផ្ដល់សក្ខីកម្ម និងឯកសារនានា។
ការបោះឆ្នោតនៅថ្ងៃពុធនេះត្រូវគេរំពឹងថានឹងធ្វើឡើងនៅពេលល្ងាច នៅប្រហែលជាចំពេលដែលលោក Trump គ្រោងនឹងថ្លែងនៅឯកន្លែងជួបជុំយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងរដ្ឋ Michigan។
ដោយសារតែគណបក្សប្រជាធិបតេយ្យជាអ្នកគ្រប់គ្រងរដ្ឋសភា បទចោទទាំងពីរករណីនេះត្រូវគេរំពឹងថានឹងត្រូវបានអនុម័ត ទោះបីជាមានការប្រឆាំងពីគណបក្សសាធារណរដ្ឋដែលមានសំឡេងភាគតិចនៅរដ្ឋសភាក៏ដោយ។
សវនាការរបស់ព្រឹទ្ធសភានឹងធ្វើឡើងនៅខែមករាខាងមុខ ប៉ុន្តែដោយសារតែគណបក្សសាធារណរដ្ឋរបស់លោក Trump ជាអ្នកគ្រប់គ្រងព្រឹទ្ធសភា ហើយដោយសារត្រូវការសំឡេងពីរភាគបីដើម្បីអាចផ្ដន្ទាទោសបាន នោះការទម្លាក់លោក Trump ចេញពីតំណែងទំនងជាមិនអាចទៅរួចនោះទេ៕