ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការ​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា​នឹង​កំណត់​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត​សម្រេច​លើ​បទ​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចពិភាក្សា​តុមូល​ នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចពិភាក្សា​តុមូល​ នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។

គណៈកម្មាធិការ​បទ​បញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​ស្នើ​នូវ​នីតិវិធី​ដែល​រដ្ឋសភា​ពេញ​អង្គ​នឹង​អនុវត្ត​តាម នៅ​ពេល​ដែល​ពិចារណា​អំពី​បទ​ចោទ​នៃ​ការ​ចោទ​ប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ពី​តំណែង។

ជំហាន​នីតិវិធី​នេះ​នឹង​បើក​ផ្លូវ​ឲ្យ​មាន​នូវ​អ្វី​ដែល​គេ​រំពឹង​ជា​ទូទៅ​ថា​ជា​ការ​បោះ​ឆ្នោត​មួយ​ដែល​ស្ទើរតែ​ស្រប​តាម​គោលការណ៍​របស់​គណបក្ស​នីមួយៗ​នៅ​ថ្ងៃ​ពុធ​ស្អែក ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋសភា​បាន​សម្រេច​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង ទោះបីជា​មាន​ការ​ជំទាស់​ពី​សមាជិក​គណបក្ស​សាធារណរដ្ឋ​របស់​លោក Trump ក៏​ដោយ។

ស្រប​ពេល​ដែល​ដំណើរការ​នេះ​ឈាន​ជិត​ទៅ​ដល់​ការ​បោះ​ឆ្នោត​របស់​រដ្ឋសភា​ពេញ​អង្គ លោក Trump បាន​ប្រកែក​តវ៉ា​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ជាមួយ​នឹង​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ណា​ដែល​បាន​ចោទ​ប្រកាន់​លោក​ពី «បទ​ឧក្រិដ្ឋ​សហព័ន្ធ​មួយ​ចំនួន» នៅ​ក្នុង​ការ​រំលោភ​អំណាច​ជា​ប្រធានាធិបតី។

លោក Trump បាន​អះអាង​នៅ​លើ Twitter ថា៖ «ល្បែង​ឆ្ពិន​ភ្នែក​នៃ​ការ​ចោទ​ប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​នេះ​គឺ​ជា​កិច្ចការ​បោកប្រាស់​ទាំង​ស្រុង​នៅ​ក្នុង​ប្រវត្តិ​នយោបាយ​សហរដ្ឋ​អាមេរិក! ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត និង​គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​ដៃគូ​របស់​ពួកគេ ប្រឹងប្រែង​ធ្វើ​ការ​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​គណបក្ស​សាធារណរដ្ឋ​ដែល​រួបរួម​គ្នា​ជា​ធ្លុង​មួយ​នេះ កាន់តែ​លំបាក»។

លោក Trump ដែល​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទី ៤៥ បាន​ក្លាយជា​ប្រធានាធិបតី​ទី ៣ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ទម្លាក់​ពី​តំណែង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក​រយៈពេល ២៤៣ ឆ្នាំ​កន្លង​មក​នេះ ទោះបីជា​ការ​ផ្ដន្ទាទោស​ដក​លោក​ចេញ​ពី​តំណែង ដែល​ធ្វើ​ឡើង​ដោយ​ព្រឹទ្ធសភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​នៅ​ខែ​ក្រោយ​នៅតែ​មិន​ទំនង​ជា​អាច​នឹង​កើត​ឡើង​ក៏​ដោយ៕

XS
SM
MD
LG