ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំព្រឹទ្ធសភាអាមេរិក​បដិសេធ​សំណើ​ Chuck Schumer ​ឲ្យ​ជំនួយការលោក​ត្រាំ​ផ្តល់​សក្ខីកម្ម​


រូបឯកសារ៖ មេដឹកនាំ​គណបក្ស​ប្រជា​ធិបតេយ្យ​នៅព្រឹទ្ធ​សភាលោក Chuck Schumer និងមេដឹក​នាំ​សំឡេង​ភាគ​ច្រើន​នៃ​ព្រឹទ្ធ​សភាអាមេរិក​លោក Mitch McConnell ពិភាក្សាក្នុងអំឡុងពេលពិធីមួយនៅវិមាន Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

មេដឹក​នាំ​សំឡេង​ភាគ​ច្រើន​នៃ​ព្រឹទ្ធ​សភាអាមេរិក​លោក Mitch McConnell កាលពីថ្ងៃ​អង្គារ​បាន​ច្រាន​ចោល​ការ​ព្យាយាម​របស់​លោក​ Chuck Schumer ​មេដឹកនាំ​គណបក្ស​ប្រជា​ធិបតេយ្យ​នៅព្រឹទ្ធ​សភា ដែល​ចង់​ឲ្យ​ជំនួយ​ការ​សំខាន់ៗ​ដល់លោក​ប្រធានាធិបតី​ដូណាល់ត្រាំ​ផ្តល់​សក្ខីកម្ម​នៅសវនាការ​ចោទ​ប្រកាន់​លោក Trump នៅ​ខែ​មករា។​

លោក ​McConnell ​បាន​និយាយ​ថា​ កិច្ច​ប្រឹងប្រែង​របស់​សភា​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជា​ធិបតេយ្យ​ដើម្បី​ចោទ​ប្រកាន់លោក Trump ​ដែល​ទំនង​ជា​នឹង​ធ្វើ​ការ​បោះឆ្នោត​នៅថ្ងៃ​ពុធ​នោះ​គឺ​ជា​សកម្មភាព​អត់​សាច់​ការ​ខ្ជីខ្ជា។ ​

លោក ​McConnell ​បាន​និយាយ​ថា​ ព្រឹទ្ធ​សភា​មិនមាន​ការ​ទទួល​ខុស​ត្រូវ​ក្នុងការ​ស្វែង​រក​ការណ៍​ពិត​បន្ថែម​ទៀត​ដើម្បីរក​កំហុស​នោះ​ទេ។​

លោក​ Schumer​ និយាយ​ថា ព្រឹទ្ធ​សភា​គួរតែស្តាប់​សក្ខីកម្ម​របស់​មន្រ្តីលោក​ Trump ​ចំនួន​បួន​រូប​ក្នុងនោះ​រួម​មាន​ប្រធានស្តីទី​ខុទ្ទកាល័យ​សេតវិមាន​គឺ​លោក Mick Mulvaney ​ និង​លោក John Bolton ​អតីត​ទីប្រឹក្សា​សន្តិសុខជាតិ ​អំពីអ្វីដែលពួកគេ​បាន​ដឹងអំពី​ការ​ខិតខំប្រឹង​ប្រែង​រយៈពេល​ជាច្រើន​ខែ​របស់​លោក Trump ​ដើម្បី​ឱ្យ​ប្រទេស​អ៊ុយក្រែន​ធ្វើការ​ស៊ើប​អង្កេត​លោក Joe Biden​ អតីត ​អនុ​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជា​ធិបតេយ្យ​ដែល​ជាគូ​ប្រជែង​របស់​លោក​ក្នុង​ការបោះ​ឆ្នោត​ឆ្នាំ​២០២០។ ​

ការ​ប្រឹង​ប្រែង​របស់លោក ​Trump ​នេះ​ធ្វើ​ឡើង​នៅ​ពេល​ដែល​លោក​កំពុង​រារាំង​ជំនួយ​យោធា​ជាបណ្តោះ​អាសន្ន​ចំនួន​៣៩១​លាន​ដុល្លារ​ដែល​រដ្ឋាភិបាល​ក្រុង​កៀវ​ចង់​បាន​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹងក្រុម​បំបែក​ខ្លួន​និយម​រុស្ស៊ីនៅ​ភាគ​ខាង​កើត​អ៊ុយក្រែន៕​

XS
SM
MD
LG