ជាមួយនឹងលទ្ធភាពនៃការផ្អាកដំណើរការរដ្ឋាភិបាលអាមេរិក ទាំងតំណាងរាស្ត្រខាងគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃពុធ បានជជែកដេញដោលគ្នាយ៉ាងច្រើនទៅលើអាទិភាពរបស់គណបក្សនយោបាយ ដែលមានចាប់ពីការចំណាយលើអន្តោប្រវេសន៍ដល់ការការពារប្រទេស ដែលអាចត្រូវចំណាយថវិការដ្ឋាភិបាលសហព័ន្ធបន្ថែមទៀត។
ដោយខ្ទង់ចំណាយរបស់រដ្ឋាភិបាលសហព័ន្ធនឹងអស់នៅថ្ងៃសុក្រនេះ វិមានសភា Capitol មានការជជែកដេញដោលយ៉ាងច្រើនទៅលើសំណើនានា ដើម្បីការពារជនអន្តោប្រវេសន៍ដែលគ្មានឯកសារប្រមាណ៧សែននាក់ មិនឲ្យរងការបញ្ជូនខ្លួនត្រឡប់ទៅប្រទេសកំណើតវិញ ដែលពួកគេទាំងនោះបានមកកាន់សហរដ្ឋអាមេរិកកាលពីពួកគេនៅជាកុមារ។
សមាជិកគណបក្សប្រជាធិបតេយ្យកាន់តែច្រើនបានទាមទារឲ្យមានការការពារដល់អ្នកដែលទទួលបានអត្ថប្រយោជន៍ពីកម្មវិធីការពារអ្នកដែលមកដល់សហរដ្ឋអាមេរិកកាលពីកុមារដោយគ្មានឯកសារដែលហៅកាត់ថា DACA តាមរយៈច្បាប់បែងចែកថវិកាក្នុងរយៈពេលខ្លី។
កាលពីឆ្នាំមុន លោកប្រធានាធិបតីបានប្រកាសថានឹងឈប់បន្តអនុវត្តកម្មវិធី DACA ត្រឹមខែមីនានេះ។ កម្មវិធី DACA នេះគឺជាកម្មវិធីមួយរបស់រដ្ឋបាលលោក អូបាម៉ា ដែលបានលើកទឹកចិត្តដល់យុវជនដែលគ្មានឯកសារ ឲ្យចុះឈ្មោះជាមួយនឹងរដ្ឋាភិបាលសហព័ន្ធដើម្បីទទួលបានប័ណ្ណអនុញ្ញាតឲ្យធ្វើការនិងសិក្សាបណ្តោះអាសន្ននៅសហរដ្ឋអាមេរិក។ លោក ត្រាំ បានលើកទឹកចិត្តឲ្យតំណាងរាស្ត្រទាំងអស់អនុម័តលើដំណោះស្រាយអចិន្ត្រៃយ៍មួយសម្រាប់អ្នកទទួលបានអត្ថប្រយោជន៍ពីកម្មវិធី DACA ប៉ុន្តែសភានៅមិនទាន់ចាត់វិធានការអ្វីនៅឡើយទេ៕