ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សំឡេង​ភាគ​ច្រើន​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋសភា​អាច​ជះ​ឥទ្ធិពល​ដល់​គោល​នយោបាយ​ការ​បរទេស​របស់​ស.រ.អា


លោក​ Rick Scott សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​បក់​ដៃ​ទៅ​កាន់​អ្នក​គាំទ្រ​ កាលពី​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក​ Rick Scott សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​បក់​ដៃ​ទៅ​កាន់​អ្នក​គាំទ្រ​ កាលពី​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

នៅ​មុន​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​នេះ គណបក្ស​សាធារណរដ្ឋ​យល់ស្រប​ថា សំឡេង​ភាគ​ច្រើន​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​សភា​ណា​មួយ​អាច​ជះ​ឥទ្ធិពល​លើ​អំណាច​របស់​ខ្លួន​បាន។

លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​អាមេរិក​កាល​ពី​ថ្ងៃ​ទី ៦ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ បាន​បង្ហាញ​ថា គណបក្ស​ប្រជាធិបតេយ្យ​បាន​ដណ្ដើម​គ្រប់គ្រង​រដ្ឋសភា​មក​វិញ​ពី​គណបក្ស​សាធារណរដ្ឋ។ ករណី​នេះ​ត្រូវ​បាន​អ្នក​វិភាគ​នានា​អះអាង​ថា គណបក្ស​ប្រជាធិបតេយ្យ​ចាប់ផ្ដើម​មាន​ឥទ្ធិពល​ឡើង​វិញ​នៅ​ក្នុង​ផ្នែក​កិច្ចការ​បរទេស និង​មាន​អំណាច​ពិនិត្យ​លើ​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី Donald Trump។

គណបក្ស​ប្រជាធិបតេយ្យ​បាន​ឈ្នះ​ការ​គ្រប់គ្រង​រដ្ឋសភា​ត្រឡប់​មក​វិញ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​អាមេរិក​កាល​ពី​ថ្ងៃ​ទី ៦ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។ ការ​ទទួល​បាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋសភា​នេះ​នឹង​ធ្វើ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​មាន​ឥទ្ធិពល​នៅ​ក្នុង​ផ្នែក​កិច្ចការ​បរទេស និង​មាន​អំណាច​នៅ​ក្នុង​ការ​ពិនិត្យ​លើ​ការ​ដឹកនាំ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Donald Trump នៅ​ពេល​ដែល​សភា​ថ្មី​បើក​សម័យ​ប្រជុំ​ដំបូង​របស់​ខ្លួន​នៅ​ខែ​មករា ឆ្នាំ​ក្រោយ។

តាំង​ពី​គំនិត​ផ្ដួចផ្ដើម​ផ្នែក​ការទូត កូតា​ជន​ភៀស​ខ្លួន រហូត​ដល់​ក្ដី​ព្រួយ​បារម្ភ​ក្នុង​តំបន់​នានា​នៅ​ជុំវិញ​ពិភពលោក គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋសភា​បាន​ផ្ដល់​សញ្ញា​ថា ពួកគេ​នឹង​ធ្វើ​ការ​ដើម្បី​ឲ្យ​រដ្ឋបាល​របស់​លោក Trump មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​គោល​នយោបាយ​របស់​ខ្លួន និង​អាច​ប្រើ​អំណាច​របស់​អង្គ​នីតិប្បញ្ញត្តិ​លើ​គោល​នយោបាយ ឬ​បញ្ហា​ណា​មួយ​ដែល​មាន​ការ​ខ្វែង​គំនិត​គ្នា។

គណបក្ស​សាធារណរដ្ឋ ដែល​ដើរ​តួ​ស្រដៀង​គ្នា​នេះ​នៅ​ក្នុង​រយៈពេល​ភាគ​ច្រើន​នៃ​រដ្ឋបាល​របស់​លោក​អតីត​ប្រធានាធិបតី Barack Obamaបាន​ព្រមាន​អំពី​ការណ៍​ដែល​អាច​កើន​ឡើង​នូវ​ការ​ខ្វែង​គំនិត​គ្នា​លម្អៀង​ទៅ​គណបក្ស​ម្ខាង​ពាក់ព័ន្ធ​នឹង​គោល​នយោបាយ​ការបរទេស។ វិស័យ​ការបរទេស​ជា​វិស័យ​មួយ​ដែល​មាន​ការ​ឯកភាព​គ្នា​ជា​រួម​យ៉ាង​ទូលំទូលាយ​ដោយ​គណបក្ស​ទាំង​ពីរ​កាល​ពី​សម័យ​មុនៗ ដូចជា​សម័យ​សង្គ្រាម​ត្រជាក់​ជា​ដើម។

លោក Eliot Engel សមាជិក​រដ្ឋសភា​ប្រចាំ​រដ្ឋ New York ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​ត្រូវ​គេ​រំពឹង​ថា​នឹង​ក្លាយជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា គណៈកម្មាធិការ​នេះ​នឹង​មើល​ការ​ខុស​ត្រូវ​ឲ្យ​បាន​ហ្មត់ចត់​លើ​គោល​នយោបាយ​របស់​រដ្ឋបាល​លោក Trump នៅ​បរទេស ដែល​ក្នុង​នោះ​មាន​ទាំង​គោល​នយោបាយ​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី កូរ៉េ​ខាង​ជើង និង​អារ៉ាប៊ីសាអ៊ូឌីត​ផង​ដែរ។

លោក Engel និយាយ​ដូច្នេះ​ថា៖ «ប្រសិនបើ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ចង់​បាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក ពួកគេ​ត្រូវតែ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដែល​សហរដ្ឋ​អាមេរិក​មាន​ការ​ព្រួយ​បារម្ភ»។

ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​អាមេរិក​កាល​ពី​ថ្ងៃ​ទី ៦ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ បាន​ធ្វើ​ឲ្យ​គណបក្ស​សាធារណរដ្ឋ​បង្កើន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា។ ប៉ុន្តែ សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​តួនាទី​នៅ​ក្នុង​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​នៃ​ព្រឹទ្ធសភា​បាន​ទទួល​ស្គាល់​នូវ​សារៈសំខាន់​នៃ​ការ​គ្រប់គ្រង​សភា​យ៉ាង​តិច​មួយ​ថ្នាក់។

លោក Tim Kaine សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Virginia ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​និយាយ​នៅ​មុន​ការ​បោះ​ឆ្នោត​ថា៖ «ពួក​យើង​ដែល​ជា​សមាជិក​រដ្ឋសភា​គឺ​ជា​អ្នក​មាន​សិទ្ធិ​សម្រេច។ ដូច្នេះ​នៅ​ពេល​ណា​ដែល​សេតវិមាន​បញ្ជូន​សំណើ​ថវិកា​រៀងរាល់​ឆ្នាំ ហើយ​ពួកគេ​ស្នើ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ថវិកា​ច្រើន​សម្រាប់​ជំនួយ​អភិវឌ្ឍ​អន្តរជាតិ ឬ​ក៏​សម្រាប់​ផ្នែក​ការទូត យើង​នឹង​មាន​លទ្ធភាព​បន្ត​ឧបត្ថម្ភ​ថវិកា​ដល់​បញ្ហា​អាទិភាព​ទាំង​នោះ​យ៉ាង​ខ្លាំងក្លា​បាន»។

អំណាច​នៃ​សំឡេង​ភាគ​ច្រើន

នៅ​មុន​ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​នេះ គណបក្ស​សាធារណរដ្ឋ​យល់ស្រប​ថា សំឡេង​ភាគ​ច្រើន​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​សភា​ណា​មួយ​អាច​ជះ​ឥទ្ធិពល​លើ​អំណាច​របស់​ខ្លួន​បាន។

លោក John Cornyn សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Texas ខាង​គណបក្ស​សាធារណរដ្ឋ បាន​ប្រាប់ VOA ថា៖ «តួនាទី​ចម្បង​របស់​សភា​គឺ​ផ្ដល់​ថវិកា​ដល់​រដ្ឋាភិបាល ដែល​ក្នុង​នោះ​មាន​ទាំង​ក្រសួង​ការពារ​ប្រទេស​ផង​ដែរ ហើយ​គណបក្ស​ប្រជាធិបតេយ្យ​អាច​មាន​ឥទ្ធិពល​ផ្ទាល់​លើ​រឿង​នេះ»។

លោក Michael O'Hanlon សមាជិក​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន Brookings និយាយ​ដូច្នេះ​ថា៖ «គណបក្ស​ប្រជាធិបតេយ្យ​អាច​ប្រើ​អំណាច​របស់​ពួកគេ​នៅ​ក្នុង​សភា​ដើម្បី​អាច​ធ្វើ​អ្វី​បាន​ច្រើន។ បើ​តាម​រដ្ឋធម្មនុញ្ញ ប្រធានាធិបតី​មាន​អំណាច​ផ្នែក​ការទូត ហើយ​ក៏​ជា​នាយ​អគ្គសេនាធិការ​កងទ័ព​ផង​ដែរ។ ប៉ុន្តែ មានតែ​សភា​ទេ​ដែល​អាច​ប្រកាស​ធ្វើ​សង្គ្រាម​បាន។ ហើយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ជា​ច្រើន​ទៀត ដូចជា​ការ​ដាក់​ទណ្ឌកម្ម​ជា​ដើម សភា​ជា​អ្នក​អនុម័ត​ច្បាប់​លើ​រឿង​នេះ»។

លោក Anthony Cordesman អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​ជាតិ​នៃ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ CSIS បាន​និយាយ​ថា៖ «អ្នក​ចាំបាច់​មិន​ត្រូវ​ព្រួយ​បារម្ភ​អំពី​ដំណាក់កាល​មិន​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ទេ។ ខ្ញុំ​ដឹង​ថា ការ​គ្រប់គ្រង​សភា​គឺ​មិន​មែន​ជា​បញ្ហា​ទេ។ ខ្ញុំ​គិត​ថា វា​អាច​ជា​ការ​ឯកភាព​គ្នា​រវាង​គណបក្ស​ទាំង​ពីរ និង​ការ​លំបាក​ប៉ុណ្ណា​ដែល​ត្រូវ​យល់ស្រប​គ្នា​លើ​បញ្ហា​ផ្សេងៗ និង​ជៀស​មិន​ឲ្យ​មាន​បញ្ហា​គោល​នយោបាយ​ការបរទេស​ណា​មួយ​ក្លាយជា​បញ្ហា​របស់​គណបក្ស​តែ​ម្ខាង​នោះ»។

លោក Adam Schiff ដែល​ជា​សមាជិក​រដ្ឋសភា​ប្រចាំ​រដ្ឋ California ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​ជា​ប្រធាន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៃ​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋសភា បាន​ទាមទារ​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​មាន​នូវ​ព័ត៌មាន​លំអិត​បន្ថែម​អំពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះ​ឆ្នោត​អាមេរិក ក៏​ដូចជា​ទំនាក់ទំនង​រវាង​ក្រុម​ផ្ទៃ​ក្នុង​របស់​លោក Trump ជាមួយ​និង​រដ្ឋាភិបាល​រុស្ស៊ី។

ជា​រឿយៗ លោក Adam Schiff មាន​ការ​ខឹង​សម្បារ​ជាមួយ​នឹង​លោក Devin Nunes ដែល​ជា​សមាជិក​រដ្ឋសភា​ប្រចាំ​រដ្ឋ California ខាង​គណបក្ស​សាធារណរដ្ឋ និង​ជា​ប្រធាន​បច្ចុប្បន្ន​នៃ​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋសភា។ លោក Devin Nunes ជា​រឿយៗ​ការពារ​លោក​ប្រធានាធិបតី Donald Trump។

ក្នុង​នាម​ជា​ប្រធាន លោក Adam Schiff នឹង​មាន​សិទ្ធិ​សម្រេច​ដោយ​សេរី​នៅ​ក្នុង​ការ​ចាប់ផ្ដើម​ការ​ស៊ើប​អង្កេត​ឡើង​វិញ ឬ​ក៏​ពង្រឹង​ការ​ស៊ើប​អង្កេត និង​នៅ​ក្នុង​ការ​កោះ​ហៅ​សាក្សី។ លោក​ក៏​នឹង​មាន​វេទិកា​ដ៏​សំខាន់​មួយ​ផង​ដែរ ដែល​លោក​អាច​រិះគន់​សេតវិមាន​បាន។

កាល​ពី​ដើម​ខែ​វិច្ឆិកា លោក Adam Schiff បាន​រិះគន់​លោក Trump បន្ទាប់ពី​ទាហាន​ប្រទេស​នីហ្សេរីយ៉ា​បាន​បើក​ការ​បាញ់​ប្រហារ​លើ​អ្នក​តវ៉ា។ លោក Adam Schiff ថា ការ​ប្រកាស និង​ទង្វើ​របស់​លោក Trump នៅ​សហរដ្ឋ​អាមេរិក និង​នៅ​បរទេស​អាច​ធ្វើ​ឲ្យ​មាន​ការ​ឆ្លើយតប​បែប​ផ្ដាច់ការ​កើត​ឡើង​បាន​នៅ​លើ​ពិភពលោក។

លោក Adam Schiff បាន​សរសេរ​នៅ​លើ Twitter យ៉ាង​ដូច្នេះ​ថា៖ «ហេតុការណ៍​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​នេះ គឺ​ជា​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ពេល​ដែល​លោក Trump ធ្វើ​ឲ្យ​បាត់បង់​ភាព​ជា​អ្នក​ដឹកនាំ​របស់​សហរដ្ឋ​អាមេរិក​នៅ​លើ​ពិភពលោក។ នេះ​មិន​ចាំបាច់​និយាយ​ដល់​សុភាវធម៌​ជា​មូលដ្ឋាន​នោះ​ទេ»។

មួយ​វិញ​ទៀត លោក Adam Smith សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Washington ដែល​ទំនងជា​នឹង​ក្លាយជា​ប្រធាន​នៃ​គណៈកម្មាធិការ​យោធា​របស់​រដ្ឋសភា គឺ​ជា​អ្នក​រិះគន់​នាំ​មុខ​មួយ​រូប​ចំពោះ​ការ​សម្រេច​របស់​លោក Trump នៅ​ក្នុង​ការ​បញ្ជូន​ទាហាន​ទៅ​កាន់​ព្រំដែន​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ម៉ិកស៊ិក នៅ​មុន​ការ​គ្រោង​មក​ដល់​នៃ​ក្រុម​ជន​ចំណាក​ស្រុក​ដែល​មក​ពី​បណ្ដាល​ប្រទេស​នៅ​ភាគ​កណ្ដាល​នៃ​ទ្វីប​អាមេរិក។

លោក Adam Smith និង​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ជាង ១ រយ​នាក់​ផ្សេង​ទៀត បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អាមេរិក​លោក Jim Mattis កាល​ពី​ដើម​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។

លិខិត​នោះ​សរសេរ​ថា៖ «សហរដ្ឋ​អាមេរិក​អាច​រក្សា​សន្តិសុខ​ព្រំដែន និង​នីតិរដ្ឋ ដោយ​នៅតែ​ប្រកាន់​ខ្ជាប់​នូវ​សេចក្ដី​ថ្លៃថ្នូរ​របស់​ខ្លួន​ដើម្បី​ការពារ​អ្នក​ដែល​រត់​គេច​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​អំពើ​ហិង្សា​បាន។ ប៉ុន្តែ ការ​ប្រើ​ទាហាន​នឹង​មិន​ជួយ​សហរដ្ឋ​អាមេរិក​ឲ្យ​សម្រេច​បាន​នូវ​គោល​បំណង​ទាំង​នេះ​ទេ ដោយ​វា​មានតែ​អាច​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​រីក​រាលដាល​ឡើង​ដោយ​មិន​ចាំបាច់​តែ​ប៉ុណ្ណោះ»។

តួនាទី​គ្រប់គ្រង

អ្នក​វិភាគ​នានា​ថា ចាប់ផ្ដើម​ពី​ខែ​មករា ឆ្នាំ​ក្រោយ សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ប្រើ​អំណាច​ដ៏​ទូលំទូលាយ​ដើម្បី​ពិនិត្យ​ពិច្ច័យ និង​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​សាធារណជន​ចំពោះ​ការ​សម្រេច និង​ការ​ផ្ដួចផ្ដើម​នានា​របស់​រដ្ឋបាល​លោក Trump ដែល​ក្នុង​នោះ​មាន​ទាំង​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​អាច​នឹង​ធ្វើ​ឡើង​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង​ផង​ដែរ។

លោក Michael O'Hanlon នៃ​វិទ្យាស្ថាន Brookings និយាយ​ដូច្នេះ​ថា៖ «សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ជា​ច្រើន​បាន​រិះគន់​លោក Trump ពាក់ព័ន្ធ​នឹង​គោល​នយោបាយ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង។ ជា​ការ​ពិត​ណាស់ សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ភាគ​ច្រើន​គិត​ថា លោក Trump មាន​ការ​រាក់ទាក់​ជ្រុល​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ឬ​ក៏​ជា​មនុស្ស​ដែល​គេ​ពិបាក​ស្មាន​រឿង​អួត​ក្អេងក្អាង និង​សារ​នៅ​លើ Twitter របស់​លោក»។

លោក Anthony Cordesman នៃ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ CSIS បញ្ជាក់​ដូច្នេះ​ថា៖ «ជា​ការ​ពិត គណបក្ស​ប្រជាធិបតេយ្យ​នឹង​ផ្ដោត​លើ​គ្រប់​ចំណុច​ខ្សោយ​ដែល​អាច​មាន​ទាំង​អស់។ ប្រសិនបើ​លោក Trump អាច​សម្រេច​បាន​នូវ​ការ​លុប​បំបាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង យើង​នឹង​ឃើញ​ថា សមាជិក​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​នឹង​អួត​ក្អេងក្អាង ហើយ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​មួយ​ចំនួន​នឹង​រក្សា​ភាព​ស្ងៀមស្ងាត់។ វា​គឺ​អាស្រ័យ​លើ​ថា​តើ​ប្រជាពលរដ្ឋ​យល់​ពី​រឿង​នេះ​តាម​វិធី​ណា​នោះ»។

គណបក្ស​សាធារណរដ្ឋ​បញ្ជាក់​ថា សមាជិក​នៃ​សភា​ទាំង​ពីរ​ថ្នាក់​គួរតែ​សហការ​គ្នា​ជាមួយ​នឹង​រដ្ឋបាល​របស់​លោក Trump លើ​ផ្នែក​កិច្ចការ​បរទេស។

លោក John Cornyn សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Texas និយាយ​ថា៖ «មាន​រឿង​ជា​ច្រើន​កំពុង​កើត​ឡើង​នៅ​លើ​ពិភពលោក។ ដូច្នេះ​យើង​ចាំបាច់​ត្រូវ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​រួបរួម​គ្នា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ជាមួយ​នឹង​រដ្ឋបាល​របស់​លោក Trump ជាជាង​ចូលរួម​ជាមួយ​នឹង​ក្រុម​ប្រឆាំង។ មាន​បញ្ហា​ជា​ច្រើន។ ខ្ញុំ​គ្មាន​ជំនឿ​ចិត្ត​ជាមួយ​នឹង​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​កាល​ពី​ពេល​ថ្មីៗ​នេះ​ទេ។ គណបក្ស​ប្រជាធិបតេយ្យ​ទំនងជា​មាន​គំនិត​ចង់​រារាំង។ នេះ​ជា​បរិយាកាស​នយោបាយ​មួយ​ខុស​ប្លែក​ពី​បរិយាកាស​នយោបាយ​ដែល​ខ្ញុំ​បាន​ឃើញ​កន្លង​មក​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ»។

លោក Lindsey Graham សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ South Carolina ពោល​ពាក្យ​ចំអក​ឡកឡឺយ​នៅ​ពេល​ដែល​គេ​សួរ​អំពី​ជំនឿ​ចិត្ត​របស់​គណបក្ស​ប្រជាធិបតេយ្យ​ចំពោះ​កិច្ចការ​សាកលលោក។

លោក Linsey Graham និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​មិន​ដឹង​អំពី​គោល​នយោបាយ​ការបរទេស​របស់​គណបក្ស​ប្រជាធិបតេយ្យ​ទេ។ ខ្ញុំ​ដឹង​អំពី​គោល​នយោបាយ​ការបរទេស​របស់​លោក Trump។ តើ​អ្វី​ជា​ទស្សនៈ​វិស័យ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ចំពោះ​គោល​នយោបាយ​ការបរទេស? ខ្ញុំ​គិត​ថា ពួកគេ​គ្មាន​នោះ​ទេ។ ពួកគេ​មិន​ចូលចិត្ត​លោក Trump ប៉ុន្តែ តើ​ពួកគេ​គាំទ្រ​អ្វី? តើ​យើង​គួរតែ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ឬ? តើ​យើង​គួរតែ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ឬ? តើ​យើង​គួរ​ធ្វើ​អ្វី​ចំពោះ​ប្រទេស​អ៊ីរ៉ង់? ទាំង​នេះ​ជា​រឿង​ដែល​គណបក្ស​ប្រជាធិបតេយ្យ​មិន​ដែល​និយាយ​ដល់​នោះ​ទេ»។

ការ​ប្រឡូក​របស់​យោធា

លោក Anthony Cordesman បាន​និយាយ​ថា សភា​អាណត្តិ​បន្ទាប់​នឹង​តទល់​ជាមួយ​នឹង​ចម្ងល់​ជា​ច្រើន​អំពី​ការ​ប្រឡូក​របស់​យោធា​សហរដ្ឋ​អាមេរិក​ដែល​កំពុងតែ​បន្ត​នៅ​ចំ​ពេល​ដែល​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​សហរដ្ឋ​អាមេរិក​កាន់តែ​អាក្រក់​ឡើង។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ពាក់ព័ន្ធ​នឹង​ថវិកា​ចំណាយ​សម្រាប់​គោល​នយោបាយ​ការពារ​ជាតិ ឥឡូវ​នេះ​អ្វីៗ​គឺ​ផ្អែក​លើ​ការ​ស្រុះស្រួល​នៃ​គណបក្ស​ទាំង​ពីរ។ ប្រសិនបើ​និយាយ​ពី​ការ​តាំងចិត្ត​ដ៏​សំខាន់​ថ្មី​មួយ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន និង​សកម្មភាព​នៅ​ប្រទេស​អ៊ីរ៉ាក់ ឬ​ស៊ីរី ឬ​ក៏​ជំនួយ​មនុស្ស​ធម៌ មាន​រឿង​ជា​ច្រើន​ដែល​អាច​ពិភាក្សា​វែកញែក​គ្នា​បាន។ ការ​ចំណាយ​របស់​រដ្ឋាភិបាល និង​ថវិកា​ប្រហែល​ជា​រឿង​ដ៏​រសើប​ខ្លាំង​មួយ។ គណបក្ស​សាធារណរដ្ឋ​ប្រហែល​ជា​គាំទ្រ​ការ​ចំណាយ​លើ​ផ្នែក​ការពារ​ប្រទេស។ រី​ឯ​គណបក្ស​ប្រជាធិបតេយ្យ​វិញ ប្រហែលជា​គាំទ្រ​ច្រើន​ជាង​លើ​ផ្នែក​ជំនួយ​បរទេស។ ប៉ុន្តែ អ្វី​ដែល​នឹង​កើត​ឡើង​គឺ​ជា​រឿង​ដែល​ពិបាក​ស្មាន​ដឹង​មុន»។

លោក Michael O'Hanlon និយាយ​ថា៖ «ការ​រំពឹង​ទុក​របស់​ខ្ញុំ​គឺ​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​គោល​នយោបាយ​ការបរទេស​ភាគ​ច្រើន យើង​នឹង​ឃើញ​ថា រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ ឬ​ក៏​ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​នឹង​មិន​អាច​ផ្លាស់ប្ដូរ​ជា​ដុំ​កំភួន​ណា​មួយ​លើ​គោល​នយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ ដោយសារតែ​ពួកគេ​ខ្វះ​មធ្យោបាយ»។

លោក​បាន​បន្ថែម​ថា៖ «ប៉ុន្តែ សំខាន់​ជាង​នេះ​ទៅ​ទៀត ទោះបីជា​ពួកគេ​រិះគន់​លើ​វិធី​ដឹកនាំ​របស់​លោក Trump និង​បារម្ភ​អំពី​ភាព​ចចេស​រឹងរូស​របស់​លោក​ក៏​ដោយ ក៏​គេ​នៅ​មិន​ទាន់​ច្បាស់​អំពី​ថា​តើ​គោល​នយោបាយ​ប៉ុន្មាន​របស់​លោក Trump ដែល​ពួកគេ​មិន​យល់ស្រប​ជាមួយ​តាម​របៀប​ដែល​បង្កើត​ឲ្យ​មាន​ការ​ឯកភាព​គ្នា​ដែល​ពួកគេ​អាច​តាក់តែង​ជា​ច្បាប់​បាន និង​ផ្លាស់ប្ដូរ​ទិសដៅ​គោល​នយោបាយ​ការបរទេស​ជា​មូលដ្ឋាន​របស់​សហរដ្ឋ​អាមេរិក​បាន​នោះ»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG