លោក Stephen Biegun បេសកជនពិសេសសហរដ្ឋអាមេរិកសម្រាប់កិច្ចការកូរ៉េខាងជើងបានបង្ហាញនូវភាពជឿជាក់អំពីការសម្រេចឲ្យបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។
លោក Biegun បានជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung Wha នៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាអំពីដំណើរវិវឌ្ឍទៅមុខនៃកិច្ចចរចារវាងរដ្ឋាភិបាលក្រុងព្យុងយ៉ាង និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
បន្ទាប់ពីបានជួបប្រជុំជាមួយនឹងសមភាគីកូរ៉េខាងត្បូងរបស់លោក គឺលោក Lee Do Hoon មក លោក Biegun បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងសេអ៊ូល មានគោលបំណងរួមនៅក្នុងការបញ្ចប់សង្គ្រាមរយៈពេល ៧ ទសវត្សរ៍នេះនៅលើឧបទ្វីបកូរ៉េ។
លោក Biegun និយាយដូច្នេះថា៖ «យើងមានគោលបំណងដូចគ្នា គឺការបញ្ចប់សង្គ្រាមរយៈពេល ៧០ ឆ្នាំនៅលើឧបទ្វីបកូរ៉េ ហើយតម្រូវការជាចម្បងសម្រាប់យើងដើម្បីឲ្យសម្រេចបានដូចនេះ គឺធ្វើយ៉ាងណាសម្រេចឲ្យបានទាំងស្រុងនូវការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងដែលអាចផ្ទៀងផ្ទាត់បាន។ ដូច្នេះ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ចំណុចនេះគឺយើងអាចធ្វើបាន។ ខ្ញុំគិតថា ប្រធានាធិបតីទាំងពីររបស់យើងផ្ដោតលើគោលបំណងនេះគួរឲ្យកត់សម្គាល់»។
លោក Lee Do Hoon ដែលជាអ្នកតំណាងពិសេសរបស់កូរ៉េខាងត្បូងសម្រាប់កិច្ចការសន្តិភាព និងសន្តិសុខនៅលើឧបទ្វីបកូរ៉េ បាននិយាយថា ដំណើរការលុបបំបាត់នុយក្លេអ៊ែរបានឈានដល់ដំណាក់កាលសំខាន់មួយហើយ ហើយភាគីពាក់ព័ន្ធចាំបាច់ត្រូវជួបប្រជុំឲ្យបានច្រើនតាមតែអាចទៅរួច។
ចាប់តាំងពីប្រធានាធិបតីអាមេរិកលោក Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានជួបប្រជុំគ្នាកាលពីខែមិថុនា នៅក្នុងប្រទេសសិង្ហបុរីមក ប្រទេសកូរ៉េខាងជើងបានចាត់វិធានការមួយចំនួនដូចជាការផ្អាកការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីល និងការកម្ទេចចោលកន្លែងសាកល្បងនុយក្លេអ៊ែររបស់ខ្លួនមួយចំនួនជាដើម៕