លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្តែងការដឹងគុណកាលពីថ្ងៃចន្ទ ក្នុងទិវារំឭកគុណ Memorial Day នៅក្នុងសហរដ្ឋអាមេរិក ទៅដល់ទាហានដែលបានបាត់ខ្លួនជាច្រើនជំនាន់របស់អាមេរិក។
លោក ត្រាំ បានមានប្រសាសន៍នៅឯកន្លែងបញ្ចុះសពជាតិ Arlington ដែលស្ថិតនៅជាយរដ្ឋធានី វ៉ាស៊ីនតោនថា «ការស្នេហាជាតិរបស់ពួកគេគឺជ្រាលជ្រៅនិងបរិសុទ្ធជាងអ្វីដែលមនុស្សភាគច្រើនដឹង។ ពួកគេដើរទៅកាន់ឋានក្រោម ដូច្នេះពលរដ្ឋអាមេរិកាំងអាចមានសន្តិភាពបាន។ ពួកគេបានស្លាប់បាត់បង់ជីវិត ដើម្បីឲ្យសេរីភាពនៅរស់រាន»។
លោកបាននិយាយថា ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានមោទនភាពទៅលើទាហានដែលបានស្លាប់បាត់បង់ជីវិតនិងមានមោទនភាពដូចជាសមាជិកគ្រួសាររបស់ពួកគេដែរ។ «ថ្ងៃនេះ ប្រទេសយើងទាំងមូលសូមថ្លែងអំណរគុណរបស់អ្នក និងសន្យាចំពោះអ្នកថា យើងមិនភ្លេចវីរភាពរបស់អ្នកទាំងអស់គ្នាទេ»។
លោក ត្រាំ បានថ្លែងទៀតថា «ចំពោះសមាជិកគ្រួសារទាំងអស់របស់ទាហានដែលបានបាត់ខ្លួន ខ្ញុំចង់ឲ្យអ្នកដឹងថា កេរមរតករបស់អ្នកដែលបានស្លាប់មិនបាត់បង់តាមពេលវេលានោះទេ ប៉ុន្តែកាន់តែកើនឡើង»។
មេដឹកនាំអាមេរិកបានគោរពវិញ្ញាណក្ខន្ធទាហានមួយចំនួនដែលត្រូវបានបញ្ចុះនៅក្រុង Arlington ខណៈដែលសមាជិកគ្រួសាររបស់ពួកគេស្តាប់សុន្ទរកថារបស់លោក និងសុន្ទរកថារបស់អតីតទាហានសង្គ្រាមលោកលើកទីពីរពីរនាក់ដែលបានចូលរួមក្នុងពិធីរំឭកវិញ្ញាណក្ខន្ធនោះ គឺលោក Bob Dole អតីតសមាជិករដ្ឋសភាអាមេរិកនិងលោក Ray Chavez វ័យ១០៦ឆ្នាំ ដែលអតីតទាហានជើងទឹកអាមេរិកនិងជាអ្នកដែលនៅរស់រានមានជីវិតអាមេរិកាំងចាស់ជាងគេបង្អស់ពីការវាយប្រហាររបស់ជប៉ុនក្នុងឆ្នាំ១៩៤១ មកលើកំពង់ផែ Pearl Harbor របស់អាមេរិក៕