ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចប្រជុំកំពូល G20 រៀបចំ​ធ្វើឡើង​នៅស្របពេល​មាន​សង្រ្គាម​ពាណិជ្ជកម្ម និង​ភាពតានតឹង​សនិ្តសុខ


យន្តហោះជិះកាត់កន្លែងប្រារព្ធកិច្ចប្រជុំកំពូល G20 នៅប្រទេសអាហ្សង់ទីន។ 
យន្តហោះជិះកាត់កន្លែងប្រារព្ធកិច្ចប្រជុំកំពូល G20 នៅប្រទេសអាហ្សង់ទីន។ 

លោក Larry Kudlow ទីប្រឹក្សា​សេដ្ឋកិច្ច​ប្រចាំ​សេតវិមាន​បាន​និយាយ​កាល​ពី​ថ្ងៃអង្គារ​ថា « អ្នកតាមដាន​ភាគច្រើន​ជឿថា​សេដ្ឋកិច្ច​របស់ចិន​នឹង​ធ្លាក់ចុះ​ ស្របពេល​ដែល​សេដ្ឋកិច្ចអាមេរិក​នៅ​តែ​មាន​ភាពរឹងមាំ​ ដែល​នឹង​ក្លាយ​ជា​ជំហរ​រឹងមាំ​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ»។

ក្រុម​មេដឹកនាំ​ពិភពលោកនានា​កំពុង​រៀបចំ​ចូលរួម​កិច្ចប្រជុំកំពូល G20 ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃសុក្រនេះ​នៅក្នុង​ទីក្រុងប៊ុយណូស៊ែ​ ប្រទេសអាទីហ្សង់ទីន។ កិច្ចប្រជុំ​កំពូល​ដែល​មាន​រយៈពេល២ថ្ងៃ​នេះ​នឹង​វត្តមាន​របស់​មេដឹកនាំ​ប្រទេស​នានា​មក​ជួបជុំ​គ្នា​តំណាង​ឲ្យ​២ភាគ៣នៃ​ចំនួន​ប្រជាជន​ក្នុង​ពិភពលោក​ និង៨៥ភាគរយ​នៃ​សេដ្ឋកិច្ច​សកលលោក។ កិច្ចប្រជុំកំពូល​នេះ​ត្រូវ​បានគេ​ធ្វើឡើង​ប្រឆាំង​នឹង​ភាពចម្រូងចម្រាស​នៃ​សង្គ្រាមពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន​ដែល​បាន​បង្ក​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ចសកលលោក​ បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ចាប់​ពី​ប្រទេសអ៊ុយក្រែន​ទៅតំបន់​មជ្ឈិមបូព៌ា​ឆ្ពោះទៅ​សមុទ្រចិន​ខាងត្បូង។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​គំរាម​ដំឡើង​ពន្ធគយ​ពី​ ១០ភាគរយ​ដល់​២៥ភាគរយ​លើ​ទំនិញ​នាំចូល​ពី​ប្រទេសចិន​តម្លៃ២០០ពាន់លាន​ដុល្លារ​ និង​បាន​ព្រមាន​ដាក់ទណ្ឌកម្ម​ផ្សេងៗទៀត​ ប្រសិន​បើ​គ្មាន​កិច្ចព្រមព្រៀង​ណា​មួយ​ជាមួយ​រដ្ឋាភិបាល​ក្រុងប៉េកាំង​ជុំវិញ​អតុល្យភាព​ពាណិជ្ជកម្ម​និង​កម្មសិទ្ធិបញ្ញា។សេតវិមាន​ជឿថា​នឹង​មាន​លទ្ធភាព​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​ចិន។

លោក Larry Kudlow ទីប្រឹក្សា​សេដ្ឋកិច្ច​ប្រចាំ​សេតវិមាន​បាន​និយាយ​កាល​ពី​ថ្ងៃអង្គារ​ថា « អ្នកតាមដាន​ភាគច្រើន​ជឿថា​សេដ្ឋកិច្ច​របស់ចិន​នឹង​ធ្លាក់ចុះ​ ស្របពេល​ដែល​សេដ្ឋកិច្ចអាមេរិក​នៅ​តែ​មាន​ភាពរឹងមាំ​ ដែល​នឹង​ក្លាយ​ជា​ជំហរ​រឹងមាំ​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ»។

លោក Cui Tiankai ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​សហរដ្ឋអាមេរិក​បាន​ព្រមាន​អំពី​ផលវិបាក​ធ្ងន់ធ្ងរ​នានា​នឹង​កើតឡើង​ប្រសិន​បើ​សង្គ្រាមពាណិជ្ជកម្ម​កើនឡើង​កាន់​តែខ្លាំង។​ លោកឯកអគ្គរដ្ឋទូត Tiankaiកាល​ពី​ថ្ងៃពុធ​បាន​ថ្លែងថា «កាល​ពី​សតវត្សមុន​ យើង​មាន​សង្គ្រាម​លោក​កើតឡើង​ពីរដង​ ហើយ​មាន​ផលវិបាកនានា​បាន​កើតឡើង​នៅ​ចន្លោះ​ពេលនោះ។ ខ្ញុំគិតថា​គ្មាននណាម្នាក់​ចង់​ឲ្យ​ប្រវត្តិសាស្រ្ត​កើតឡើង​ម្តង​ទៀត​ទេ»៕

XS
SM
MD
LG