ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានបើកសន្និសីទកាសែតមិនបានព្រាងទុកមុនមួយនៅក្នុងកន្លែងទទួលភ្ញៀវនៅអគារ Trump ក្នុងទីក្រុងញូវយ៉ក។
លោកបាននិយាយថា លោកមានកិច្ចប្រជុំពេញមួយថ្ងៃ ដោយសារលោកត្រូវបន្តដំណើរការតែងតាំងមន្ត្រីនៅក្នុងរដ្ឋបាលរបស់លោក ដែលរួមមានទាំងតំណែងរដ្ឋមន្ត្រីក្រសួងការបរទេស ដែលជាតំណែងការទូតកំពូលរបស់អាមេរិកផងដែរ។
លោក ត្រាំ បាននិយាយសម្តីដើមយ៉ាងដូច្នេះថា៖ «យើងមានមនុស្សជាច្រើន។ ពួកគេជាមនុស្សដ៏អស្ចារ្យ»។
លោកអនុប្រធានាធិបតីជាប់ឆ្នោត Mike Pence បាននិយាយកាលពីមុនថា លោក ត្រាំ ត្រូវការពេលវេលាដើម្បីតែងតាំងរដ្ឋមន្ត្រីក្រសួងការបរទេស។
«តួនាទីរបស់រដ្ឋមន្ត្រីក្រសួងការបរទេស គឺជាអ្នកដែលនឹងតំណាងឲ្យប្រធានាធិបតីនៅបរទេស ហើយវាគឺជាតំណែងមួយដ៏អស្ចារ្យ!» នេះជាសម្តីរបស់លោក Pence នៅក្នុងបទសម្ភាសន៍មួយលើកម្មវិធី Morning Joe របស់ស្ថានីយ៍ទូរទស្សន៍ MSNBC។
ថ្លែងកាលពីថ្ងៃអង្គារ លោក Jason Miller អ្នកនាំពាក្យរបស់លោក ត្រាំ បាននិយាយថា លោក ត្រាំ ចង់ឲ្យប្រាកដថា លោកនឹងតែងតាំងបុគ្គលដ៏ត្រឹមត្រូវ និងចង់ប្រគល់តំណែងនេះទៅឲ្យនរណាម្នាក់ដែលមានចក្ខុវិស័យដូចគ្នា ចំពោះអ្វីដែលយើងកំពុងធ្វើសម្រាប់ប្រទេសរបស់យើង។
លោក ត្រាំ បានជួបជាមួយនឹងបេក្ខជនជាច្រើនសម្រាប់តំណែងនេះ ដោយរួមទាំងអតីតអ្នករិះគន់លោក គឺលោក Mitt Romney ផងដែរ។ លោក Romney ត្រូវបានគេរាយការណ៍ថា ជាបេក្ខជននាំមុខគេសម្រាប់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស ខណៈដែលគេនិយាយថា អតីតអភិបាលក្រុងញូវយ៉ក លោក Rudy Giuliani លែងក្លាយជាបេក្ខជននាំមុខទៀតហើយ៕