លោក Stephan Yates ជំនួយការមួយរូបទទួលបន្ទុកផ្នែកគោលនយោបាយការបរទេសរបស់គណបក្សសាធារណរដ្ឋនៃសហរដ្ឋអាមេរិក បានធ្វើដំណើរដល់កោះតៃវ៉ាន់នៅព្រឹកថ្ងៃអង្គារនេះ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលមួយសប្ដាហ៍។
នៅក្នុងដំណើរទស្សនកិច្ចនោះ ជំនួយការរូបនេះអាចជួបជាមួយនឹងលោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai Ing Wen បន្ទាប់ពីលោកស្រីបានអបអរសាទរលោកប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក Donald Trump ពេលលោកស្រីសន្ទនាតាមទូរស័ព្ទជាមួយនឹងលោក Trump កាលពីថ្ងៃសុក្រសប្ដាហ៍មុន។
ការដែលលោក Trump បានទូរស័ព្ទទៅលោកស្រី Tsai លើកនេះ គឺជាសញ្ញាចង្អុលបង្ហាញឲ្យឃើញពីទស្សនៈប្រើកម្លាំងរបស់ទីប្រឹក្សារបស់លោក Trump ដែលថា រដ្ឋាភិបាលសហរដ្ឋអាមេរិកគួរតែបន្តទំនាក់ទំនងរបស់ខ្លួនជាមួយនឹងរដ្ឋាភិបាលចិនដោយផ្ដើមចេញពីគោលជំហរប្រើកម្លាំង។
នៅខែវិច្ឆិកា ឆ្នាំ ១៩៨៧ លោក Stephan Yates ដែលជាអ្នកផ្សព្វផ្សាយសាសនាគ្រិស្ត បានធ្វើដំណើរដល់កោះតៃវ៉ាន់ជាលើកដំបូងបំផុត។
លោក Stephan Yates ដែលបច្ចុប្បន្ននេះ ជាប្រធានគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Idaho បានប្រាប់ VOA នៅថ្ងៃអង្គារនេះថា៖ «ប្រសិនបើប្រទេសចិនចង់បង្កើតទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋតៃវ៉ាន់ ពួកគេត្រូវតែគោរពការធ្វើកំណែទម្រង់នយោបាយ និងប្រជាធិបតេយ្យូបនីយកម្មរបស់តៃវ៉ាន់»។
ប្រព័ន្ធផ្សព្វផ្សាយរបស់តៃវ៉ាន់បានរាយការណ៍ថា លោកស្រី Tsai Ing Wen គ្រោងនឹងធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិក ក្នុងដំណើររបស់លោកស្រីទៅកាន់ប្រទេស Nicaragua នៅដើមខែមករាខាងមុខនេះ មុនពេលលោក Trump ស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃទី ២០ ខែមករា។ ការរាយការណ៍នេះក៏បានបញ្ជាក់ផងដែរថា លោកស្រី Tsai អាចមិនបានជួបលោក Trump ដោយផ្ទាល់នោះទេ ប៉ុន្តែលោកស្រីមានគម្រោងជួបជាមួយជំនួយការផ្ទាល់របស់លោក៕