ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានជ្រើសរើសអតីតគូប្រជែងរបស់ខ្លួន លោក Ben Carson គ្រូពេទ្យខាងវះកាត់ប្រព័ន្ធប្រសាទដែលចូលនិវត្តន៍ ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍លំនៅដ្ឋាននិងទីក្រុង។
លោក ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា លោក Carson «គឺជាមនុស្សម្នាក់ដ៏ឆ្លាតវៃនិងចូលចិត្តការពង្រឹងសហគមន៍និងគ្រួសារនៅក្នុងសហគមន៍ទាំងនោះ។ យើងបាននិយាយគ្នាយ៉ាងច្រើនអំពីរបៀបវារៈនៃការកែប្រែទីក្រុង និងការស្តារសេដ្ឋកិច្ចឡើងវិញ ដែលផ្តោតលើទីក្រុងរបស់យើង»។
លោក Carson មានវ័យ ៦៥ឆ្នាំ គ្មានជំនាញខាងគោលនយោបាយលំនៅដ្ឋាននោះទេ ប៉ុន្តែកាលពីកុមារភាព លោកបានស្នាក់នៅលំនៅដ្ឋានសាធារណៈ ដែលគ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍លំនៅដ្ឋាននិងទីក្រុង។ កាលពីមុន លោកបានប្រឆាំងនឹងកម្មវិធីរបស់រដ្ឋាភិបាល ដែលលើកទឹកចិត្តដល់អ្វីដែលលោកហៅថា «ជាការពឹងផ្អែកលើគេ» ហើយលោកក៏បានលើកទឹកចិត្តឲ្យបុគ្គលម្នាក់ៗខិតខំប្រឹងប្រែងដោយខ្លួនឯងដើម្បីទទួលបានជោគជ័យ។
លោក Carson បាននាំមុខលោក ត្រាំ នៅក្នុងការប្រកួតដើម្បីទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ ប៉ុន្តែការគាំទ្រចំពោះលោកបានធ្លាក់ចុះ ហើយនៅទីបំផុតលោកក៏បានដកខ្លួនចេញពីការប្រជែងយកតំណែងប្រធានាធិបតីនោះ ហើយងាកមកគាំទ្រលោក ត្រាំ វិញ។ លោកគឺជាពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិកទីមួយហើយដែលលោក ត្រាំ តែងតាំងនៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក៕