ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីព្រឹកថ្ងៃសុក្របានប្រកាសទទួលជោគជ័យ ក្រោយពីរដ្ឋបាលរបស់លោកបានរាយការណ៍ចំនួនការបង្កើតការងារថ្មីកាលពីខែឧសភា ដោយលោកថា អត្រានេះបង្ហាញថាផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតដែលបណ្តាលមកពីវិបត្តិជំងឺកូវីដ១៩បានឆ្លងផុតហើយ។
ថ្លែងនៅសេតវិមានតែប៉ុន្មានម៉ោងក្រោយក្រសួងការងារបានប្រកាសថា មានពលរដ្ឋអាមេរិក២,៥លាននាក់បានការងារថ្មីវិញកាលពីខែឧសភា លោកត្រាំ ថ្លែងយ៉ាងដូច្នេះថា៖ «នេះបង្ហាញថា អ្វីដែលយើងបានធ្វើជាការត្រឹមត្រូវ។ អ្វីដែលយើងបានឃើញថ្ងៃនេះជារឿងល្អអស្ចារ្យ»។
សេដ្ឋវិទូបានព្យាករណ៍ថា អាមេរិកអាចនឹងបាត់ការងារ៨លានថែមទៀត ប៉ុន្តែតួលេខការងារថ្មី២,៥លាននេះធ្វើឲ្យអត្រាអ្នកអត់ការងារធ្វើធ្លាក់ចុះពី១៤,៧%កាលពីខែមេសាមកត្រឹម១៣,៣%កាលពីខែឧសភា។ យ៉ាងណាក្តី ក៏អត្រាអត់ការងារថ្មីនេះនៅតែមានកម្រិតធ្ងន់ធ្ងរដូចមហាវិបត្តិសេដ្ឋកិច្ចកាលពីទសវត្ស១៩៣០។
លោកដូណាល់ ត្រាំបានប្រកាសខ្លួនលោកថា ជាគន្លឹះនៃវិធានការដែលធ្វើឲ្យសេដ្ឋកិច្ចអាមេរិករើបឡើងវិញ ក្រោយវិបត្តិជំងឺរាតត្បាតកូវីដ១៩ ដែលនេះជាការអះអាងរបស់លោកសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅក្នុងខែវិច្ឆិកាខាងមុខ។
ប៉ុន្តែគេមិនទាន់ដឹងថា នឹងមានការងារប៉ុន្មានត្រូវបាត់បង់ជាអចិន្ត្រៃយ៍ដោយសារវិបត្តិកូវីដ១៩ ហើយនឹងអាចមានមនុស្សស្លាប់ប៉ុន្មាននាក់ទៀតប្រសិនបើការបើកអាជីវកម្មឡើងវិញនាំឲ្យមានការរាតត្បាតជំងឺជាថ្មីនៅប៉ុន្មានខែខាងមុខ។ តួលេខចុងក្រោយនេះក៏មិនបង្ហាញពីផលប៉ះពាល់នៃបាតុកម្មទ្រង់ទ្រាយធំទូទាំងប្រទេសអស់រយៈពេលជិតពីរសប្តាហ៍កន្លងមកនេះ។
នៅក្នុងសន្និសីទព័ត៌មានជិតមួយម៉ោងកាលពីថ្ងៃសុក្រ លោកប្រធានាធិបតីត្រាំគ្រាន់តែនិយាយយោងបន្តិចចំពោះករណីលោក George Floyd បុរសស្បែកខ្មៅដែលបានស្លាប់ក្នុងសមត្ថកិច្ចប៉ូលិសកាលពីថ្ងៃទី២៥ ខែឧសភា។ លោកត្រាំថា លោកសង្ឃឹមថាព្រលឹងរបស់លោក Floyd នឹងមកចុះនិងយល់ថាការរើបឡើងវិញនៃសេដ្ឋកិច្ចជារឿងល្អសម្រាប់ទំនាក់ទំនងជាតិសាសន៍ ដោយវិបត្តិកូវីដ១៩បាន់ធ្វើឲ្យពលរដ្ឋអាមេរិកស្បែកខ្មៅបាត់បង់ការងារយ៉ាងច្រើន៕