នៅឯហាងលក់គ្រឿងទេសមួយក្នុងក្រុង Alexandria រដ្ឋ Virginia អ្នកស្រី Laura Shafor ដែលជាអតិថិជនស្រងាកចិត្តនឹងប្តីប្រពន្ធមួយគូដែលមិនពាក់ម៉ាស់ហើយហៀបចូលទៅក្នុងហាងនោះ។
អ្នកស្រីបាននិយាយថា៖ «ពួកគេដាក់ពួកយើងឱ្យឋិតក្នុងគ្រោះថ្នាក់ឆ្លងវីរុសកូរ៉ូណា»។
លោក Joshua Wright ដែលជាអតិថិជនម្នាក់ទៀតមិនខ្វល់ខ្វាយទេដោយលោកនិយាយថា៖ «ខ្ញុំមិនស្គាល់នរណាម្នាក់មានជំងឺដោយសារវីរុសនេះទេ។ ប្រសិនបើខ្ញុំឆ្លងជំងឺនេះគឺខ្ញុំមានជំងឺនេះហើយ»។
លោក Wright អាយុ២៨ឆ្នាំបាននិយាយថា លោកបានចាប់ផ្តើមពាក់ម៉ាស់នៅក្រោយអាជ្ញាធររដ្ឋ Virginia បានចេញបញ្ញត្តិកាលពីថ្ងៃសុក្រថា ប្រជារាស្ត្រត្រួវតែពាក់ម៉ាស់នៅខាងក្នុងអគារសាធារណៈនិងហាងជំនួញ។
លោកវេជ្ជបណ្ឌិត David Aronoffr នាយកផ្នែកជំងឺឆ្លងនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Vanderbilt ក្នុងក្រុង Nashville រដ្ឋ Tennessee និយាយថា មានអ្នកខ្លះលើកឡើងថា« ខ្ញុំនៅក្មេង។ ខ្ញុំមានសុខភាពល្អ។ ខ្ញុំមិនខ្វល់ទេ ប្រសិនបើខ្ញុំឆ្លងជំងឺនេះ» ។
ឆ្លើយតបនឹងទស្សនៈនេះ លោក Aronoffr ពន្យល់ថា ទោះណាជាមានរោគសញ្ញាបន្តិចបន្តួចឬគ្មានរោគសញ្ញាក៏ដោយ ពួកមនុស្សវ័យក្មេង ពួកមនុស្សមានសុខភាពល្អអាចជាផ្នែកសំខាន់មួយនៃសង្វាក់ចម្លងជំងឺនេះដល់ពួកមនុស្សឯទៀតៗដែលមានអាយុផ្សេងៗគ្នា»។
លោក Aronoff បាននិយាយថា មនុស្សខ្លះនៅតែមិនទាន់បានទទួលសារដែលថា”ការដកដង្ហើមរបស់ខ្ញុំអាចចម្លងវីរុសកូវីដ១៩ទៅមនុស្សម្នាក់ទៀតបាន” ហើយថា”ការពាក់ម៉ាស់ជួយបញ្ឈប់ការឆ្លងជំងឺនេះបាន”។
ស.រ.អា.មានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ជាងមួយសែននាក់គឺ ច្រើនជាងប្រទេសឯទៀតៗនៅក្នុងពិភពលោក។
ក្រៅពីរដ្ឋ Virginia មានកន្លែងជាច្រើននៅក្នុងស.រ.អា.បានដាក់កំហិតឬមានអនុសាសន៍តឹងរ៉ឹងថា ត្រូវតែពាក់ម៉ាស់នៅកន្លែងសាធារណៈ។
មជ្ឈមណ្ឌលស.រ.អា.ខាងការគ្រប់គ្រងនិងការបញ្ជៀសជំងឺបានផ្តល់អនុសាសន៍ថា មនុស្សគ្រប់គ្នាត្រូវតែពាក់ម៉ាស់ ឬយកក្រណាត់បាំងមុខនៅកន្លែងសាធារណៈដែលនៅទីទាំងនោះ ពួកគេពិបាករក្សាគម្លាតខាងសង្គម។
លោក David Abrams ជាអ្នកចិត្តសាស្ត្រនិងជាសាស្ត្រាចារ្យនៅក្នុងផ្នែកសុខាភិបាលសាធារណៈនៃសាកលវិទ្យាល័យក្រុងញូយ៉ក។លោកបាននិយាយថា មានហេតុផលឯទៀតៗដែលនាំឱ្យអ្នកខ្លះមិនព្រមពាក់ម៉ាស់ឬមិនយកក្រណាត់បាំងមុខ គឺមានហេតុផលផ្សេងៗគ្នាអាស្រ័យលើបុគ្គលម្នាក់ៗ។
លោកបានថ្លែងថា ហេតុផលថា« ខ្ញុំនឹងមិនឈឺដោយសារវីរុសកូរ៉ូណាទេ ដូច្នេះ ពាក់ម៉ាស់ធ្វើអ្វី? ឬថាទោះណាជាខ្ញុំមានជំងឺកូវីដ១៩ក៏ដោយ ក៏វាមិនធ្ងន់ធ្ងរដែរ»។
លោកបាននិយាយបន្ថែមថា មានហេតុផលមិនសំខាន់ដូចជាថា ពាក់ម៉ាស់នាំឱ្យខ្មាស់គេឬថា «គេមិនអាចមើលឃើញខ្ញុំញញឹមទេ»។
ក៏ប៉ុន្តែមានមនុស្សខ្លះដោយមានរួមបញ្ចូលពួក Latinos ពួកអាស៊ីនិងជនជាតិអាមេរិកាំងដើមកំណើត អាហ្វ្រិក ជាដើម មានកង្វល់ថា ពាក់ម៉ាស់អាចនាំឱ្យគេចាប់អារម្មណ៍ដែលពួកគេមិនចង់បាន។
វីដេអូដែលពួកបុរសស្បែកខ្មៅនិយាយថា ពួកគេរងការបានតាមដានខាងពូជសាសន៍ដោយសារពួកគេបានពាក់ម៉ាស់នោះ ត្រូវបានផ្សព្វផ្សាយតាមបណ្តាញ អ៊ីនធើណិត។វីដេអូនេះបង្ហាញបុរសស្បែកខ្មៅពីរនាក់បានថតខ្លួនឯងដោយមានប៉ូលិសម្នាក់ដើរតាមនៅឯហាង Walmart។
លោក Michael Jeffries ជាសាស្ត្រាចារ្យខាងការសិក្សាពីប្រទេសអាមេរិកដែលផ្តោតការយកចិត្តទុកដាក់លើពូជសាសន៍និងនយោបាយនៅឯមហាវិទ្យាល័យ Wellesley។លោកបាននិយាយថា៖« ខ្ញុំយល់ថាបញ្ហាគឺថា ពួកបុរសស្បែកខ្មៅបានត្រូវសម្គាល់ជាទូទៅថា ជាឧក្រិដ្ឋជនហើយត្រូវពួកប៉ូលិសធ្វើបាបយ៉ាងឃោរឃៅ។ដូច្នេះមានការព្រួយបារម្ភក្នុងចំណោមពួកបុរសអាមេរិកាំងដើមកំណើត អាហ្វ្រិក ដែលថា ការពាក់ម៉ាស់ហាក់ដូចជាគំរាមកំហែងនរណាម្នាក់ហើយការណ៍នេះអាចនាំឱ្យមានកំណើនការប៉ះទង្គិចជាមួយពួកប៉ូលិសនិងនាំឱ្យមានការសង្ស័យពីពួកម្ចាស់ហាងនិងពួកថ្មើរជើង»។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Jeffries បានថ្លែងថា លោកមិនយល់ថា”ពួកជនស្បែកខ្មៅភាគច្រើនរារែកមិនចង់ពាក់ម៉ាស់ទេ»។
លោក Mark Anthony Neal ជាសាស្ត្រាចារ្យខាងការសិក្សាអំពីទ្វីបអាហ្វ្រិក និងអំពីជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិក នៅឯសាកលវិទ្យាល័យ Duke។ លោកបាននិយាយថា៖«កាលពីពីរខែមុននេះ ខ្ញុំអាចត្រូវចោទប្រកាន់ពីបទព្រហ្មទណ្ឌដោយសារខ្ញុំពាក់ម៉ាស់»។
លោកបានថ្លែងថា នៅពេលនេះ ៖«ខ្ញុំអាចត្រូវចោទប្រកាន់ថែមទៀតពីព្រោះខ្ញុំមិនពាក់ម៉ាស់»។
លោក Jonas Kaplan ជាអ្នកវិទ្យាសាស្ត្រសិក្សាអំពីដំណើរការខួរក្បាលនៅឯសាកលវិទ្យាល័យកាលីហ្វ័រញ៉ា។លោកបាននិយាយថា មានមនុស្សខ្លះបះបោរប្រឆាំងនឹងគំនិតឱ្យពាក់ម៉ាស់ពីព្រោះពួកគេមិនចូលចិត្តឱ្យនរណាប្រាប់ពួកគេធ្វើអ្វីឡើយ។ សម្រាប់ពួកគេ «ការពាក់ម៉ាស់ជាការរំលោភលើសេរីភាពបុគ្គលហើយដូច្នេះការមិនពាក់ម៉ាស់បានក្លាយទៅជានិមិត្តរូបនៃបុគ្គលនិយម»។
លោក Kaplan បាននិយាយថា ម៉ាស់បានត្រូវគេប្រើប្រាស់ជា”រឿងនយោបាយ”ជាពិសេសពួកអភិរក្សនិយមដែលយល់ថាការពាក់ម៉ាស់ជា”សញ្ញាសេរីនិយម»។
លោកប្រធានាធិបតី Donald Trump និងពួកមន្ត្រីខ្លះខាងគណបក្សសាធារណរដ្ឋបានបញ្ជាក់ថា ពួកគេមិនចង់ពាក់ម៉ាស់ទេ។
លោកសាស្ត្រាចារ្យAbrams យល់ថា ប្រសិនបើប្រធានាធិបតីមិនចង់ពាក់ម៉ាស់ទេ ការណ៍នេះនាំឱ្យជនជាតិអាមេរិកាំងឯទៀតៗមានគំនិតមិនចង់ពាក់ម៉ាស់ដែរ។
លោក Abrams បាននិយាយទៀតថា៖ «យើងដឹងតាមរយៈចិត្តសាស្ត្រថា មនុស្សគម្រូមានឥទ្ធិពលខ្លាំងណាស់លើអាកប្បកិរិយារបស់បុគ្គលម្នាក់ៗ»។
លោក Neal នៃសាកលវិទ្យាល័យ Duke បាននិយាយថា លោក Trump “ កំពុងខិតខំបង្ហាញគំនិតដែលបង្ហាញថា លោកខ្លាំងដោយមិនពាក់ម៉ាស់»។
លោក Aronoff នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Vanderbilt បាននិយាយថាលោកយល់ថា ការពាក់ម៉ាស់គួរតែបង្ហាញអំពីគំនិតល្អដោយត្រូវផ្សព្វផ្សាយតាមរយៈសេចក្តីប្រកាសសាធារណៈ។លោកក៏បានថ្លែងដែរថា ប្រសិនបើម៉ាស់ក្លាយទៅជាម៉ូដមួយដោយមាន រចនាបទលក្ខណៈអត្តសញ្ញាណដូចជាការបង្ហាញសញ្ញានៃក្រុមកីឡាឬបុគ្គលល្បីឈ្មោះ នោះបុគ្គលម្នាក់ៗនឹងមានមានទម្លាប់ពាក់ម៉ាស់តទៅទៀត៕
ប្រែសម្រួលដោយលោកឈឹម សុមេធ