ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ការពារ​ឧទ្យាន​ទល់​មុខ​សេត​វិមាន ធ្វើ​ការ​ស៊ើប​អង្កេត​ការ​វាយ​តប់​លើ​ក្រុម​អ្នក​កាសែត


ប៉ូលិស​សម្អាត​ទីតាំង​នៅ​ជុំវិញ​ឧទ្យាន Lafayette Park និង​សេតវិមាន នៅ​ពេល​ដែល​ក្រុម​បាតុករ​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​ប្រឆាំង​ ក្នុង​ការ​ស្លាប់​របស់​ George Floyd កាល​ពី​ថ្ងៃ​ទី​១ មិថុនា ២០២០ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

ប៉ូលិស​ការពារ​ឧទ្យាន​ Park សហរដ្ឋ​អាមេរិក ​បាន​ប្រកាស​ថា មន្រ្តី​ប៉ូលិស​២​នាក់ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​បណ្តោះ​អាសន្ន​បន្ទាប់​ពី​វីដេអូ បាន​បង្ហាញ​ថា​ ពួក​គេ​បាន​វាយ​ប្រហារ​ក្រុម​អ្នក​យកព័ត៌មាន​អូស្រ្តាលី។

ចំណាត់​ការ​នេះ​បាន​កើត​មាន​ឡើង​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា​ នៅ​ថ្ងៃ​ជាមួយ​គ្នា​ដែល​អង្គការ​សេរីភាព​ស៊ីវិល​អាមេរិកាំង​ឬ ACLU​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ខ្លួន​ បាន​ដាក់​ពាក្យ​ប្តឹង​អំពី​ការ​ប្រព្រឹត្ត​លើ​ពួក​អ្នក​សារព័ត៌មាន​នៅ​ទីក្រុង​មីនី​អាប់​ប៉ូលីស។

ពួក​អ្នកកា​សែត​ត្រូវ​បាន​គេ​វាយ​ប្រហារ​ ចាប់​ឃុំ​និង​យាយី​ ខណៈ​ដែល​រាយការណ៍​ពី​ការ​តវ៉ា​ប្រឆាំង​នៅ​ទូទាំង​ប្រទេស​បន្ទាប់​ពី​ការ​ស្លាប់​របស់ ​Goerge Floyd​ នៅ​ក្នុង​ការ​ឃុំឃាំង​របស់​ប៉ូលិស​នៅ​ក្រុង​មីនីអាប់ប៉ូលីស

នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ម្សិល​មិញ​នេះ​ អង្គការ​សេរីភាព​សារព័ត៌មាន​សហរដ្ឋ​អាមេរិក បាន​ស៊ើប​អង្កេត​ឧបទ្ទវហេតុ​ប្រហែល​២៨០​ ដោយ​មាន​ឧបទ្ទវហេតុ​ប្រហែល​២០​នៃ​ឧបទ្ទវហេតុ​ទាំង​អស់​នោះ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ក្នុង​ករណី​ក្រុម​អ្នកយកព័ត៌មាន​អូស្រ្តាលី​ រូបភាព​ដែល​បាន​ថត​ដោយ​បណ្តាញ​ ទូរទស្សន៍ WJLA-TV បាន​បង្ហាញ​ប៉ូលិស​ការ​ពារ​ឧទ្យាន Park បាន​រុញ​ម៉ាស៊ីនថត​ទូរទស្សន៍​របស់​លោក​ Tim Myers ហើយ​បាន​ប្រើ​ដំបង​វាយ​អ្នកស្រី ​Amanda Brace​ អ្នក​យកព័ត៌មាន​មក​ពី​បណ្តាញ​ទូរទស្សន៍​លេខ​៧​របស់​អូស្រ្តាលី​កាល​ពី​ថ្ងៃ​ទី១ ខែ​មិថុនា។ ឧបទ្ទវហេតុ​នេះ បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​ប៉ូលិស​ បាន​ប៉ុន​ប៉ង​បោស​សម្អាត​នៅ​តំបន់​នោះ​ដើម្បី​ឲ្យ​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ដើរ​ទៅ​កាន់​វិហារ​ដែល​ត្រូវ​បាន​ខូច​ខាត​ក្នុង​អំឡុង​នៃ​ការ​តវ៉ា​ប្រឆាំង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​ Gregory Monahan ប្រធាន​ស្តីទី បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍ កាល​ពី​ថ្ងៃ​ទី៣ ខែ​មិថុនា​ថា ឧបទ្ទវហេតុ​នេះ ​កំពុង​ត្រូវ​បានស៊ើប​អង្កេត។

លោក ​Arthur Culvahouse Jr. ​ឯកអគ្គ​រដ្ឋ​ទូត​អូស្រ្តាលី​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថ្ងៃ​ក្រោយ​មក​ថា៖ «យើង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ធ្វើ​បាប​ពួក​អ្នក​កាសែត​នេះ។ យើង​នៅ​តែ​ប្រកាន់​ខ្ជាប់​ខ្ជួន​ដល់​ការ​តាំង​ចិត្ត​របស់​យើង​ដើម្បី​ការពារ​អ្នក​កាសែត​និង​ធានាយុត្តិធម៌​ស្មើៗ​គ្នា​នៅ​ក្រោម​ច្បាប់​សម្រាប់​មនុស្ស​ទាំង​អស់»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG