ទោះបីជាលោក ត្រាំ និងមន្ត្រីផ្សេងទៀតក្នុងរដ្ឋបាលរបស់លោកការពារការសម្រេចចិត្តនេះ ក្រុមអ្នកប្រឆាំងមកពីគណបក្សប្រជាធិបតេយ្យទាមទារឲ្យបង្កើតក្រុមប្រឹក្សាពិសេសដើម្បីដឹកនាំការស៊ើបអង្កេតលើការសង្ស័យពីការឃុបឃិតគ្នារវាងយុទ្ធនាការ របស់លោក ត្រាំ និងប្រទេសរុស្ស៊ី ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំមុន។
នៅក្នុងជំនួបជាមួយអតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោក Henry Kissinger នៅក្នុងសេតវិមាន លោកប្រធានាធិបតី ត្រាំ ត្រូវបានគេចោទសួរពីការសម្រេចចិត្តរបស់លោកក្នុងការបណ្ដេញនាយកភ្នាក់ងារស៊ើបអង្កេតសហព័ន្ធFBI លោក James Comey ចេញពីតំណែង។
អ្នកសារព័ត៌មានម្នាក់ចោទសួរលោក ត្រាំ ថា៖ «លោកប្រធានាធិបតី ហេតុអ្វីបានជាលោកបណ្ដេញនាយកភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI លោក James Comey ចេញពីតំណែង?»
លោក ត្រាំ ឆ្លើយយ៉ាងសាមញ្ញថា៖ «ពីព្រោះគាត់ធ្វើការមិនបានល្អ។ គាត់ធ្វើការមិនបានល្អទាល់តែសោះ»។
នៅក្នុងលិខិតទៅកាន់លោក Comey លោក ត្រាំ បាននិយាយថា គាត់ធ្វើដូច្នេះផ្អែកលើអនុសាសន៍ពីមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ដែលបារម្ភពីចំណាត់ការរបស់លោក Comey លើការស៊ើបអង្កេតអ៊ីមែលរបស់លោកស្រី Hillary Clinton កាលពីឆ្នាំមុន។
ប៉ុន្តែការបណ្ដេញលោក Comey ចេញពីដំណែងបង្កឲ្យមានបាតុកម្មនៅខាងក្រៅសេតវិមាន និងបង្កឲ្យមានព្យុះភ្លៀងនយោបាយទូទាំងរដ្ឋធានីវ៉ាស៊ីនតោន។
នៅក្នុងព្រឹទ្ធសភា សមាជិកមកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យទាមទារឲ្យអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Rod Rosenstein បង្កើតក្រុមប្រឹក្សាពិសេសដើម្បីដឹកនាំការស៊ើបអង្កេតលើការសង្ស័យពីការឃុបឃិតគ្នារវាងយុទ្ធនាការ របស់លោក ត្រាំ និងប្រទេសរុស្ស៊ី ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំមុន។
សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ លោក Chuck Schumer បាននិយាយថា៖ «ប្រសិនបើគាត់ជឿដូចខ្ញុំថា ប្រជាពលរដ្ឋអាមេរិកាំងត្រូវតែមានជំនឿទៅលើភាពមិនលម្អៀងនៃការស៊ើបអង្កេតនេះ គាត់ត្រូវតែចាត់តាំងព្រះរាជអាជ្ញាពិសេស និងដករឿងក្ដីនេះចេញពីកណ្ដាប់ដៃភ្នាក់ងារស៊ើបអង្កេត FBI និងដកវាចេញឲ្យឆ្ងាយពីកណ្ដាប់ដៃរបស់រដ្ឋបាលបច្ចុប្បន្ន»។
អ្នកនាំពាក្យសេតវិមានបដិសេធការព្រួយបារម្ភរបស់គណបក្សប្រជាធិបតេយ្យ ដែលលើកឡើងថា លោក ត្រាំ ព្យាយាមលុបបំបាត់ការស៊ើបអង្កេតទាក់ទិននឹងរុស្ស៊ី។
លោកស្រី Sarah Huckabee Sanders អ្នកនាំពាក្យសេតវិមានបាននិយាយថា៖ «គ្មានភស្តុតាងណាមួយបង្ហាញពីការជាប់សង្ស័យរវាងយុទ្ធនាការរបស់លោក ត្រាំ និងប្រទេសរុស្ស៊ីឡើយ ហើយយើងចង់ឲ្យរឿងនេះចប់សព្វគ្រប់ ដូច្នេះយើងទាំងអស់គ្នាអាចបន្តកិច្ចការទៅមុខទៀតបាន»។
សមាជិកគណបក្សសាធារណរដ្ឋមួយចំនួនសម្ដែងការព្រួយបារម្ភអំពី ការបណ្ដេញលោក Comey ចេញពីតំណែង ហើយថាវាអាចនឹងប៉ះពាល់ដល់ការស៊ើបអង្កេតរបស់ភ្នាក់ងារស៊ើបអង្កេត FBI ក្នុងពេលបច្ចុប្បន្នឬយ៉ាងណា។
ប៉ុន្តែលោក Mitch McConnell ប្រធានព្រឹទ្ធសភា បដិសេធនឹងសំណើបង្កើតឲ្យមានក្រុមប្រឹក្សាពិសេសនោះ បានលើកឡើងថា គណបក្សប្រជាធិបតេយ្យបានតវ៉ាជាយូរណាស់មកហើយចំពោះការចំណាត់ការរបស់លោក Comey ទៅលើលោកស្រី Clinton ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។
លោក Mitch McConnell បាននិយាយថា៖ «សមាជិកគណបក្សប្រជាធិបតេយ្យ ដែលជាអ្នករួមការងាររបស់យើង តវ៉ាពីរឿងដកតំណែងនាយកភ្នាក់ងារស៊ើបអង្កេត FBI ដែលជាបុគ្គលម្នាក់ ដែលពួកគេធ្លាប់រិះគន់យ៉ាងចាស់ដៃម្ដងហើយម្ដងទៀត»។
ការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការបណ្ដេញលោក Comey ចេញពីតំណែងយ៉ាងតក់ក្រហល់ បង្កឲ្យមានសំណួរជាច្រើន ដែលប្រហែលជាមិនត្រូវបានទទួលចម្លើយភ្លាមៗទេ នោះបើតាមសំណើរបស់លោក Frank Sesno អ្នកវិភាគមួយរូបមកពីសាកលវិទ្យាល័យ George Washington។
លោក Frank Sesno បាននិយាយថា៖ «តើពួកគេពិតជាព្យាយាមដាក់វិន័យចូលក្នុងភ្នាក់ងារស៊ើបអង្កេត FBI ឬពួកគេកំពុងព្យាយាមកម្ចាត់អ្នកដែលកំពុងដឹកនាំការស៊ើបអង្កេតលើរដ្ឋបាលថ្មី ឬរឿងជុំវិញយុទ្ធនាការបោះឆ្នោត ដែលជួយឲ្យលោក ត្រាំ ជាប់ឆ្នោត»?
លោកប្រធានាធិបតី ត្រាំ ច្រានចោលការស៊ើបអង្កេតទាក់ទងនឹងរុស្ស៊ីថា ជាការ«បោកបញ្ឆោត»។
ប៉ុន្តែតាមរយៈការបណ្ដេញលោក Comey ចេញពីតំណែង លោក ត្រាំ ប្រហែលជាបានដើរមួយជំហានទៀតចូលទៅក្នុងព្រឹត្តិការណ៍ ដែលអាចបង្កឲ្យមានការស៊ើបអង្កេតកាន់តែខ្លាំងឡើងពីការសង្ស័យនៃចំណងទាក់ទងរវាងយុទ្ធនាការបោះឆ្នោតរបស់លោក ជាមួយនឹងរដ្ឋាភិបាលរុស្ស៊ី៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា