ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ​ត្រាំ ​ពង្រីក​ជម្លោះ​ជាមួយ​លោក ​Comey អតីត​នាយក​ FBI ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ


រូបឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​(ឆ្វេង) និង​លោក James Comey ។
រូបឯកសារ៖ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​(ឆ្វេង) និង​លោក James Comey ។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​បាន​ធ្វើ​ឲ្យ​ការ​ឈ្លោះ​ប្រកែក​ជាមួយ​លោក​ James Comey ​នាយក​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​ FBI ​ដែលត្រូវបាន​ដេញ​ពី​តំណែង​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​ដោយ​និយាយ​ថា មាន​ការ​ថត​សំឡេង​សម្ងាត់​នៃ​ការ​សន្ទនា​ឯក​ជន​របស់​ពួកលោកនៅ​ដើម​ឆ្នាំ​នេះ។

ក្នុង​សារ​តាម​ប្រព័ន្ធ Twitter កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​លោក​ប្រធានា​ធិបតី ដូណាល់​ ​ត្រាំ ​បាន​មាន​ប្រសាសន៍​ថា «លោក James Comey យក​ល្អ​សង្ឃឹម​ថា​មិន​មាន​ការ​ថត​សំឡេង​នៃ​ការ​សន្ទនា​របស់​យើង​មុន​ពេល​លោក​ចាប់​ផ្តើម​ទម្លាយ​ទៅ​ឲ្យ​បណ្តាញ​ព័ត៌មាន‍»។

​ក្នុង​អត្ថាធិប្បាយ​ទៅ​កាន់​បណ្តាញ​ទូរទស្សន៍​ MSNBC ​កាល​ពី​ថ្ងៃ​សុក្រ ​លោក​ James Clapper ​អតីត​នាយក​ស៊ើប​ការណ៍​សម្ងាត់​ជាតិ​បាន​និយាយ​ថា ​លោក​មិនបាន​ដឹងថា តើ​មាន​ការ​ឃុប​ឃិត​គ្នា​រវាង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ត្រាំ​និង​ពួក​មន្រ្តី​រុស្ស៊ី​ដែរ​ឬទេ។ ​លោក​និយាយ​ទៀត​ថា​ ឬ​ក៏​លោក​ប្រធានា​ធិបតី​មាន ​ពី​ព្រោះ​បញ្ហា​នេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBI។

លោក​ Clapper​ អតីត​នាយក​ស៊ើប​ការណ៍​សម្ងាត់​ជាតិ ​បាន​មាន​ប្រសាសន៍​ទៀត​ថា ​ការ​ធ្វើ​កិច្ចការ​របស់​លោក​ជានិច្ច​កាល​មានលក្ខណៈ​ខុសគ្នា​ទៅ​នឹង​នាយក​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​ FBI​ អំពី​ថា​តើ​នៅ​ពេល​ណា​ និងអ្វី​ដែល​គេ​ប្រាប់​ខ្ញុំ ​អំពី​ការ​ស៊ើបការណ៍​សម្ងាត់​ចារកម្ម​គ្នា​ទៅ​វិញ​ទៅ​មក​នោះ។

អត្ថាធិប្បាយ​របស់​លោក​បាន​ផ្ទុយ​ទៅ​នឹង​សារ​តាម​ប្រព័ន្ធ ​Twitter​ របស់​លោក​ត្រាំ​ដែល​និយាយ​ថា ​លោក ​Clapper​ មិន​ជឿ​ថា ​មាន​ការ​ឃុប​ឃិត​គ្នា​នោះ​ទេ។

កាល​ពី​ថ្ងៃ​អង្គារ​ លោក​ប្រធានា​ធិបតី​ត្រាំ​បាន​បណ្តេញ​លោក ​Comey ​ដែល​បាន​ដឹកនាំ​ការ​ស៊ើប​អង្កេត​នៅ​ក្នុង​ការ​ចោទ​ប្រកាន់​ថា ប្រទេស​រុស្ស៊ី​បាន​លួច​ចូល​ក្នុង​ប្រព័ន្ធ​កំព្យូទ័រ​ក្នុង​យុទ្ធ​នាការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​អាមេរិក​ឆ្នាំ​២០១៦ និង​លទ្ធភាព​នៃ​ការ​ឃុប​ឃិត​គ្នា​រវាង​រដ្ឋាភិបាល​ក្រុង​មូស្គូ​ និង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ប្រធានាធិបតី​ត្រាំ៕

XS
SM
MD
LG