ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​ FBI ថា លោក​ Trump ទាមទារ​ឲ្យ​លោក​សន្យា​ថា​នឹង​មាន​ភាព​ភក្តី​ចំពោះ​លោក​ប្រធានាធិបតី


(រូប​ពី​ឆ្វេង​ទៅ​ស្តាំ) លោក​ប្រធានាធិបតី Donald Trump លោក James Comey​ អតីត​នាយក FBI និង​លោក Andrew McCabe នាយក​ FBI ស្តី​ទី។
(រូប​ពី​ឆ្វេង​ទៅ​ស្តាំ) លោក​ប្រធានាធិបតី Donald Trump លោក James Comey​ អតីត​នាយក FBI និង​លោក Andrew McCabe នាយក​ FBI ស្តី​ទី។

របាយការណ៍​មួយ​នៅ​ក្នុង​កាសែតស.រ.អា.​ធំ​មួយ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​ថា​ ប្រធានាធិបតី​ Donald Trump បានហៅ​លោក James Comey នាយក​ការិយាល័យ​ FBI ទៅ​កាន់​សេតវិមាន​កាល​ពី​ខែ​មករា​ដែល​នៅ​ទី​នោះ​ប្រធានាធិបតី​អាមេរិកាំង​រូប​នេះ​បាន​សុំ​ឱ្យ​លោក Comey «សន្យា​អំពី​ភក្តីភាព​ដល់​រូប​លោក»។

លោក Trump បាន​ដក​លោក Comey ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​អង្គារ​ហើយ​ការណ៍​នេះ​បាន​បណ្តាល​ឱ្យ​មាន​ភាព​វឹកវរ​ខាង​នយោបាយ​មួយ​ ហើយ​ក៏​មាន​កំណើន​កង្វល់​នៅ​ក្នុង​មជ្ឈដ្ឋាន​ខ្លះ​អំពី​វិបត្តិ​រដ្ឋធម្មនុញ្ញ​មួយ​ផង​ដែរ។​

សារព័ត៌មាន​ The New York Times បាន​ផ្សាយ​ថា​លោក Comey បាន​ប្រកែក​មិន​ព្រម​ធ្វើ​ការ​សន្យា​នេះ​ទេ ក៏​ប៉ុន្តែ​លោក​បាន​និយាយ​ប្រាប់ Trump ថា​លោក «នឹង​ទៀង​ត្រង់​ជាមួយ​គាត់​ជានិច្ច»។ បើ​តាម​ការ​រៀបរាប់​របស់​កាសែត​នេះ​ថា​

ប្រធានាធិបតី​ Trump បាន​ជំរុញ​បី​បួន​ដង​ឱ្យ​លោក​ Comey សម្តែង​ភក្តីភាព​ដល់​រូប​គាត់ ហើយ​នៅ​ទី​បញ្ចប់​លោក Comey បាន​និយាយ​ប្រាប់​ប្រធានាធិបតី​រូប​នេះ​ថា​គាត់​នឹង​មាន «ភក្តី​ភាព​ប្រកប​ដោយ​ភាព​ទៀង​ត្រង់» ពី​សំណាក់​នាយក​ការិយាល័យ FBI។​

សារព័ត៌មាន​ The New York Times បាន​រាយការណ៍​ថា លោក Comey បាន​និយាយ​ប្រាប់​ពួក​សហការី​របស់​លោក​អំពី​ការ​ពិសារ​អាហារ​ពេល​យប់​ជាមួយ​ប្រធានាធិបតី​ Trump ហើយ​លោក​បាន​សុំ​កុំ​ឱ្យ​ពួកគេ​និយាយ​ប្រាប់​អ្នក​ឯ​ទៀត​នៅ​ពេល​លោក​នៅ​កាន់​តំណែង​ជា​នាយក FBI ក៏​ប៉ុន្តែ​ពួក​សហការី​ទាំង​នេះ​អាច​និយាយ​បាន​ដោយ​សេរី​អំពី​សេចក្តី​ល្អិតល្អន់​នៃ​ការ​ពិសារ​អាហារ​ពេល​យប់​នោះ​នៅ​ពេល​នេះ​ដែល​លោក Comey លែង​កាន់​តំណែង​ជាន់​ខ្ពស់​នៅ​ក្នុង​ការិយាល័យ FBI ទៀត​ហើយ​នោះ។

នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​ជាមួយ​បណ្តាញ​ទូរទស្សន៍​អាមេរិកាំង​ NBC កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក Trump បាន​ផ្តល់​ការ​រៀប​រាប់​ប្លែក​មួយ​អំពី​ការ​ពិសារ​អាហារ​ពេល​យប់​នោះ។​ ប្រធានាធិបតី​អាមេរិកាំង​រូប​នេះ​បាន​និយាយ​ថា​ លោក​ Comey បាន​សុំ​ឱ្យ​មាន​ជំនួប​នេះ​ពី​ព្រោះ​នាយកការិយាល័យ FBI រូប​នេះ​ចង់​រក្សា​ការងារ​របស់​លោក។​ លោក Trump មិន​បាន​និយាយ​អំពី​ការ​សុំ​ឱ្យ​មាន​ការ​សន្យា​ស្តី​ពី​ភក្តីភាព​ពី​សំណាក់​លោក Comey ទេ។​

នៅ​ក្នុង​សេចក្តី​សម្ភាសន៍​ជាមួយ​បណ្តាញ​ទូរទស្សន៍​នោះ​ ប្រធានាធិបតី​ Trump បាន​និយាយ​ថា​គាត់​បាន​សួរ​នាយក​ FBI ថា​តើ​គាត់​កំពុង​ត្រូវ​ស៊ើបអង្កេត​ឬ​ទេ។​

លោក Trump បាន​សួរ​លោក Comey ថា​ «ប្រសិន​បើ​ធ្វើ​កើត តើ​លោក​អាចប្រាប់​ខ្ញុំ​បាន​ទេ​ថា​តើ​ខ្ញុំ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត​ឬ​ទេ? លោក Comey បាន​និយាយ​ថា​ លោក​មិន​ស្ថិត​នៅ​ក្រោមការ​ស៊ើបអង្កេត​ទេ»។

នៅ​ពេល​ត្រូវ​សួរ​អំពី​សក្ខីកម្ម​មាន​ការ​ស្បថស្បែ​របស់​លោក Comey ដែល​លោក​បាន​មាន​ប្រសាសន៍​ថា​កំពុង​មាន​ការ​ស៊ើបអង្កេត​មួយ​ស្តី​ពី​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​របស់​លោក​កាល​ពី​ឆ្នាំ២០១៦ និង​អំពីលទ្ធភាព​នៃ​ការ​ឃុបឃិត​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី​ ប្រធានាធិបតី​ Trump បាន​និយាយ​ជាថ្មី​ទៀត​នៅ​ក្នុង​សេចក្តី​សម្ភាសន៍​តាម​ទូរទស្សន៍​នោះ​ថា​ «ខ្ញុំ​មិន​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេតទេ»៕

XS
SM
MD
LG