ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ខ្វែង​គំនិត​គ្នា​រឿង​ការ​គំរាមកំហែង​នា​ពេល​ថ្មីៗ​នេះ​របស់​កូរ៉េ​ខាង​ជើង


នាយករដ្ឋ​មន្រ្តី​ជប៉ុន​ Shinzo Abe ស្វាគមន៍​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump នៅពេល​ដែល​លោក​បាន​មកដល់ Mobara Country Club ក្នុង​ទីក្រុង Mobara ប្រទេសជប៉ុន​កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០១៩។
នាយករដ្ឋ​មន្រ្តី​ជប៉ុន​ Shinzo Abe ស្វាគមន៍​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump នៅពេល​ដែល​លោក​បាន​មកដល់ Mobara Country Club ក្នុង​ទីក្រុង Mobara ប្រទេសជប៉ុន​កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​គឺ​លោក John Bolton មាន​ការ​ខ្វែង​គំនិត​គ្នា​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​គំរាមកំហែង​នា​ពេល​បច្ចុប្បន្ន​ដែល​បង្ក​ឡើង​ដោយ​ប្រទេស​កូរ៉េ​ខាង​ជើង។

នៅ​ក្នុង​សារ​បង្ហោះ​នៅ​លើ Twitter ពី​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ លោក Trump បាន​ប្រើ​សម្ដី​ស៊កសៀត​ដាក់​លោក Bolton ដែល​លោក Bolton កាល​ពី​ថ្ងៃ​សៅរ៍ បាន​ប្រាប់​អ្នក​កាសែត​ថា «ជា​ការ​ពិត​ណាស់‍» ការ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​របស់​កូរ៉េ​ខាង​ជើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​រំលោភ​លើ​សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ។

ការ​លើក​ឡើង​របស់​លោក Bolton គឺ​ជា​ការ​លើក​ឡើង​ដំបូង​បង្អស់​របស់​មន្ត្រី​អាមេរិកាំង ដែល​ហៅ​ការ​បាញ់​សាកល្បង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ថា​ជា​ការ​រំលោភ​លើ​សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ។

លោក Trump បាន​សរសេរ​នៅ​លើ Twitter ដូច្នេះ​ថា៖ «ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​អាវុធ​តូចៗ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អាមេរិកាំង និង​ប្រជាពលរដ្ឋ​នៃ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​មាន​ការ​ព្រួយ​បារម្ភ ប៉ុន្តែ​មិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​បារម្ភ​នោះ​ទេ‍»។

លោក Trump ក៏​បង្ហាញ​ភាព​ជឿជាក់​ផង​ដែរ​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un «នឹង​រក្សា​ការ​សន្យា​ជាមួយ​លោក‍» នៅ​ក្នុង​ការ​ឈាន​ឆ្ពោះ​ទៅ​កាន់​ការ​លុប​បំបាត់​នុយក្លេអ៊ែរ។

លោក Trump និង​លោក Kim Jong Un បាន​ជួប​ប្រជុំ​គ្នា​ពីរ​លើក​រួច​មក​ហើយ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី និង​វៀតណាម។ កិច្ច​ប្រជុំ​ទាំង​ពីរ​លើក​នេះ​មិន​បាន​ជួយ​ឲ្យ​សម្រេច​បាន​នូវ​ដំណោះស្រាយ​សំខាន់​ណា​មួយ​ទេ ទោះបីជា​កិច្ច​ប្រជុំ​ទាំង​នេះ​ត្រូវ​បាន​គេ​យល់​ឃើញ​ថា​អាច​កាត់​បន្ថយ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​ក៏​ដោយ៕

XS
SM
MD
LG