ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ចោទ​អ៊ីរ៉ង់​ថា​ ជា​អ្នក​វាយ​ប្រហារ​លើ​កប៉ាល់​ដឹក​ប្រេង​នៅ​សមុទ្រ​​អេមីរ៉ាតអារ៉ាប់​រួម


រូបឯកសារ៖ ទីប្រឹក្សាសន្តិសុខអាមេរិកលោក John Bolton និយាយ​អំឡុងពេល​ពិធី​ទទួលសញ្ញាប័ត្រមួយ​នៅសាលាយោធាជើងទឹក​ក្នុង​ក្រុង New London រដ្ឋ Connecticut កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩។
រូបឯកសារ៖ ទីប្រឹក្សាសន្តិសុខអាមេរិកលោក John Bolton និយាយ​អំឡុងពេល​ពិធី​ទទួលសញ្ញាប័ត្រមួយ​នៅសាលាយោធាជើងទឹក​ក្នុង​ក្រុង New London រដ្ឋ Connecticut កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩។

កាល​ពី​មុន ប្រទេស​អ៊ីរ៉ង់​បាន​បដិសេធ​ថា ​ខ្លួន​មិន​មែន​ជា​អ្នក​ប្រព្រឹត្តិ​ការ​វាយ​ប្រហារ​នេះ​ទេ ហើយ​នៅ​ថ្ងៃ​ពុធ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក Abbas Mousavi បាន​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​របស់​លោក Bolton គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​ចង់​សើច។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក John Bolton បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ប្រទេស​អ៊ីរ៉ង់​គឺ «ស្ទើរតែ​ច្បាស់​ក្រឡែត» ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​កាល​ពី​ដើម​ខែ​នេះ​លើ​កប៉ាល់​ដឹក​ប្រេង​នៅ​ក្នុង​សមុទ្រ​នៃ​ប្រទេស​អេមីរ៉ាតអារ៉ាប់​រួម។

ដោយ​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋធានី Abu Dhabi ប្រទេស​អេមីរ៉េត​អារ៉ាប់​រួម លោក Bolton មិន​បាន​ផ្ដល់​ភស្តុតាង​ណា​មួយ​ដើម្បី​គាំទ្រ​ដល់​ការ​ចោទ​ប្រកាន់​របស់​លោក​នោះ​ទេ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា កប៉ាល់​ដឹក​ប្រេង​ទាំង​នោះ​ត្រូវ​បាន​បំផ្លាញ​ដោយ​គ្រាប់​ផ្ទុះ​ដែល​គេ​បង្កប់​នៅ​ក្នុង​ទឹក។

កាល​ពី​មុន ប្រទេស​អ៊ីរ៉ង់​បាន​បដិសេធ​ថា ​ខ្លួន​មិន​មែន​ជា​អ្នក​ប្រព្រឹត្តិ​ការ​វាយ​ប្រហារ​នេះ​ទេ ហើយ​នៅ​ថ្ងៃ​ពុធ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក Abbas Mousavi បាន​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​របស់​លោក Bolton គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​ចង់​សើច។

ភាព​តានតឹង​រវាង​ប្រទេស​អ៊ីរ៉ង់ និង​សហរដ្ឋ​អាមេរិក​បាន​រីក​រាលដាល​ឡើង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ តាំង​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ប្រកាស​អំពី​ការ​សម្រេច​របស់​លោក​នៅ​ក្នុង​ការ​ព្យាយាម​កាត់ផ្ដាច់​ទាំង​ស្រុង​នូវ​ការ​នាំ​ចេញ​ប្រេង​របស់​ប្រទេស​អ៊ីរ៉ង់ ដើម្បី​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​អ៊ីរ៉ង់​ឲ្យ​ប្ដូរ​ឥរិយាបថ​របស់​ខ្លួន​នៅ​តំបន់​មជ្ឈិម​បូព៌ា និង​ប្រកាស​អំពី​វិធានការ​របស់​លោក​នៅ​ក្នុង​ការ​បង្កើន​វត្តមាន​យោធា​អាមេរិកាំង​នៅ​តំបន់​ឈូង​សមុទ្រ​ពែក្ស​ដើម្បី​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​លោក​បាន​និយាយ​ថា​ជា​ការ​គំរាមកំហែង​របស់​អ៊ីរ៉ង់។

រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif បាន​ចោទ​ប្រកាន់​លោក Bolton និង​មន្ត្រី​ផ្សេង​ទៀត​ថា​ជា​អ្នក​សង្គ្រាម​និយម និង​បាន​និយាយ​ថា រដ្ឋបាល​របស់​លោក Trump ដែល​បាន​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​ប្រឆាំង​នឹង​អ៊ីរ៉ង់ គឺ​កំពុង​ប្រព្រឹត្តិ «អំពើ​ភេរវកម្ម​សេដ្ឋកិច្ច»៕

XS
SM
MD
LG